(កណ្តាល)៖ គណៈកម្មាធិការអាចាត្យវត្ត ព្រះសង្ឃ និងប្រជាពលរដ្ឋជាង២០០អង្គនាក់ បានផ្តិតមេដៃតវ៉ាសុំឲ្យអាជ្ញាធរ មានវិធានការទប់ស្កាត់ចំពោះក្រុមហ៊ុនដឹកជញ្ជូនត្រីកាត់ក្នុងបរិវេណវត្ត និងកាត់ពីមុខព្រះវិហារ ដែលបង្កឲ្យប៉ះពាល់ដល់ដងទង់ និងព្រះវិហារផងដែរ ហើយវត្តបានសម្បទានដីសម្រាប់ឲ្យក្រុមហ៊ុនធ្វើផ្លូវវាងផងដែរ ដោយបានព្រមព្រៀងគ្នាអស់រយៈពេលជិត២ឆ្នាំមក ហើយតែក្រុមហ៊ុនមិនព្រមធ្វើផ្លូវវាង នៅតែបន្តដឹកកាត់វត្តដដែល។
លោកតា ហួត ងៀប អាយុ៧៧ឆ្នាំ អាចារ្យវត្តវាំងកែវព្រែកស្បូវ បានរៀបរាប់ថា ទីអារាមជាកន្លែងស្ងប់ស្ងាត់សម្រាប់ពុទ្ធបរិស័ទ ចូលមកធ្វើបុណ្យទាន ដូច្នេះមិនត្រូវឲ្យមានការដឹកជញ្ជូនសត្វធាតុឆ្លងកាត់វត្តបែបនេះទេ ជាពិសេសនោះដឹកជាប់ដងទង់ព្រះវិហារតែម្តង បង្ហូរទឹក ចំអាបធំក្លិនឆ្អាប សូម្បីតែឈរក្បែរដងទង់នោះក៏ពិបាកទ្រាំដែរ ដូច្នេះទីអារាមស្ទើរតែស្មើ និងផ្សារត្រីទៅ ហើយទេឬ?
លោកតាបានបន្តថា ដោយសារតែក្រុមហ៊ុនដឹកជញ្ជូនត្រីទាំងយប់ទាំងថ្ងៃ ប្រើរថយន្តធុនធំៗ ដឹកជាប់ដងទប់បែបនេះ ធ្វើឲ្យដងទង់ និងព្រះវិហាររងការប្រះជាបណ្តើរៗហើយ ដូច្នេះបើសិនជាអាជ្ញាធរមិនជួយទប់ស្កាត់នោះដងទង់ និងព្រះវិហារអាចរលំស្រុតនៅថ្ងៃណាមួយជាមិនខាន។
ចំណែកផ្លូវវត្ត ក៏រងការខូចខាតយ៉ាងដំណំផងដែរ ហើយក្រុមហ៊ុនមិនខ្ចីខ្វល់គេគិតតែ ពីប្រមូលប្រយោជន៍ ទោះបីពុទ្ធបរិស័ទ ឬសិស្សានុសិស្សធ្វើដំណើរមិនរួចក៏ដោយ លោកបានលាន់មាត់ថា លោកអាណិតណាស់ចៅគេ ចៅខ្ញុំខំស្លៀកពាក់ស្អាតទៅរៀនសូត្រ ស្រាប់តែខោអាវបែបជាប្រឡាក់សុទ្ធតែដី និងធំក្លិនឆ្អាបស្អុយនៃ ក្លិនចំអាបត្រីទៅវិញ ដូច្នេះអាជ្ញាធរគួរតែអាណិតដល់ពួកគាត់ជាប្រជាពលរដ្ឋរស់នៅក្បែរតំបន់ព្រំដែន នៃចំណុចរថយន្តដឹកត្រីចេញនេះផង។
បន្ថែមពីនេះ លោកទទូចសូមឲ្យអាជ្ញាធរជួយអន្តរាគមន៍ ចំពោះក្រុមហ៊ុនរថយន្តដឹកត្រីនេះ កុំឲ្យដឹកសត្វធាតុ កាត់វត្តបែបនេះ ដោយដឹកចាប់តាំងពីរសៀល រហូតទល់ភ្លឺ ធ្វើប៉ះពាល់ដល់ការធ្វើសមាធិរបស់ព្រះសង្ឃផងដែរ ហើយវត្តក៏បានធ្វើសម្បទានដីទទឹង១២ម៉ែត្រ និងបណ្តោយ១៨០ម៉ែត្រ សម្រាប់ឲ្យក្រុមហ៊ុនធ្វើផ្លូវវាងរួចរាល់ផងហើយ តាំងពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥មក ប៉ុន្តែក្រុមហ៊ុននៅតែមិនធ្វើនៅតែបន្តព្យាយាមបើកកាត់វត្តដដែល។
ព្រះតេជគុណ សេន មិត្ត ព្រះគ្រូចៅអធិការវត្តវាំងកែវព្រែកស្បូវ ក្នុងភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល នៅជាប់ព្រំដែនកម្ពុជា-វៀតណាម បានមានថេរៈដិកាថា ការយកទីធ្លារវត្តធ្វើជាផ្លូវ ពិសេសដឹកត្រីកាត់មុខព្រះវិហារនេះ គឺមានរយៈពេលជាង៣ឆ្នាំមកហើយ ទោះបីជាព្រះសង្ឈ គណៈកម្មាធិការអាចារ្យ រួមជាមួយប្រជាពុទ្ធបរិស័ទ តវ៉ាយ៉ាងណាក៏គ្មានដំណោះស្រាយដែរ ហើយដោយយល់ថាមិនសមរម្យព្រោះទីអារាមជាទីគោរពសក្ការៈ មិនគួរដឹកជញ្ជូនត្រីសាច់ឆ្លងកាត់នោះ វត្តក៏បានធ្វើសម្បទានដីនៅផ្នែកខាងក្រោយ ដើម្បីឲ្យក្រុមហ៊ុនធ្វើផ្លូវដើម្បីបញ្ចៀស ប៉ុន្តែក្រុមហ៊ុនមិនព្រមធ្វើហើយនៅតែផ្គើនដដែល។
មេភូមិព្រែកស្បូវលោក ស៊ឹង ហាក់ បានលើកឡើងថា ក្រុមហ៊ុនដែលកំពុងដឹកជញ្ជូនត្រីនេះជា ក្រុមហ៊ុនរបស់លោក ឡេង យូ ក្នុង១ថ្ងៃៗដឹកត្រីមិនក្រោមពី៣០រថយន្តនោះទេ និងដឹកទាំងយប់ទាំងថ្ងៃ ហើយសុទ្ធតែជារថយន្តយីឌុប ធ្វើឲ្យខូចផ្លូវប្រជាពលរដ្ឋ និងសិស្សសាលាពិបាកធ្វើដំណើរ។ ជាក់ស្តែងកាលពីឆ្នាំកន្លងទៅ គឺបែកភក់ផុងត្រឹមៗជង្គង់ ហើយព្រះសង្ឈបានគៀងគរពុទ្ធបរិស័ទនាំគ្នា ជួសជុលកុំអីដើរមិនរួចទេ គ្រាន់តែចាក់ដីប្រមាណ៣០០ឡានហើយ ហើយដោយសារតែដូច្នោះហើយ ទើបបានជាប្រជាពលរដ្ឋទាំងអស់នាំគ្នាផ្តិតមេដៃ សុំឲ្យថ្នាក់លើជួយជំរុញក្រុមហ៊ុនទៅអភិវឌ្ឍលើផ្លូវថ្មី ដែលវត្តសម្បទានឲ្យដើម្បីកុំឲ្យប៉ះពាល់ដល់សាសនា និងប្រជាពលរដ្ឋទៀត។
ពាក់ព័ន្ធការលើកឡើងខាងលើនេះលោក ឡេង យូ ជាប្រធានក្រុមហ៊ុនដឹកជញ្ជូនត្រីខាងលើបាន ប្រាប់តាមទូរស័ព្ទថា ក្រុមហ៊ុនរបស់លោកពិតជាបានដឹកត្រីកាត់តាមមុខព្រះវិហារពិតមែន ប៉ុន្តែផ្លូវនោះ គឺខាងក្រសួងអភិវឌ្ឍជនបទបានធ្វើយូរឆ្នាំមកហើយ និងជាផ្លូវក្រវ៉ាត់ព្រំដែនផងដែរ ហើយកន្លងមកលោកក៏បានធ្វើការជួសជុលជាបន្តបន្ទាប់ ហើយចំពោះការសំណូមពរសូមឲ្យលោកទៅអភិវឌ្ឍផ្លូវថ្មីនោះ លោកគ្មានលទ្ធភាពនោះទេ បើបិតផ្លូវលោកឈប់រកស៊ីតែម្តងទៅ។
ចំពោះសំណូមពរគណៈកម្មការ និងពុទ្ធបរិស័ទ្ធ ព្រះសង្ឃនោះ លោក អេង មោក្ខ អភិបាលស្រុកកោះធំ បានឲ្យដឹងថា ករណីនេះលោកធ្លាប់បានធ្វើការដោះស្រាយរួចមកហើយ ដោយបញ្ជាឲ្យក្រុមហ៊ុនប្រើផ្លូវផ្សេងដឹកវាង កុំឲ្យដឹកកាត់មុខព្រះវិហារ ហើយប្រសិនបើក្រុមហ៊ុននៅតែបន្ត ដឹកកាត់មុខព្រះវិហារនោះ លោកហ្នឹងហៅមកធ្វើការសាកសួរ និងរកដំណោះស្រាយ៕