(ភ្នំពេញ)៖ ប្រធានគណបក្សយុត្តិធម៌រុស្ស៉ី លោក S.M MIRONOV បានផ្ញើលិខិតចូលរួមអបអរ សាទរចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ដែលបានដឹកនាំគណបក្ស ទទួលបានជ័យជំនះ និងជោគជ័យក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។
នៅក្នុងលិខិតរបស់ប្រធានគណបក្សយុត្តិធម៌រុស្ស៉ី លោក S.M MIRONOV ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដែលអង្គភាព Fresh News ទើបទទួលបាន នៅមុននេះបន្តិចបានបញ្ជាក់ថា «លទ្ធផលនៃការបោះឆ្នោត ដោយប្រជាជនរបស់ប្រទេសនេះ (កម្ពុជា) បានបង្ហាញយ៉ាងច្បាស់ថា ប្រជាជនកម្ពុជាភាគច្រើន លើសលប់ មានជំនឿលើគណបក្សប្រជាជនកម្ពុជា និងគាំទ្រគោលយោបាយរបស់សម្តេចតេជោ»។
ជាមួយគ្នានេះប្រធានគណបក្សយុត្តិធម៌រុស្ស៉ី បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងប្រទេសទាំង២ មានរយៈពេល៦០ឆ្នាំហើយ។ គណបក្សយុត្តិធម៌រុស្ស៉ី មានជំហរក្នុងការពង្រឹងទំនាក់ទំនង និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងគណបក្សប្រជាជនកម្ពុជា នៅគ្រប់កម្រិតរួមទាំងរដ្ឋសភានៃប្រទេសទាំង២។
លើសពីនេះប្រធានគណបក្សយុត្តិធម៌រុស្ស៉ី ក៏បានជូនពរឲ្យសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យថ្មីៗទៀត ក្នុងការបំពេញភារកិច្ច ដើម្បីសុខុមាលភាបរបស់ប្រជាជននៃកម្ពុជា។
ឆ្លើយតបនឹងលិខិតរបស់ ប្រធានគណបក្សយុត្តិធម៌រុស្ស៉ីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក S.M MIRONOV ចំពោះលិខិតអបអរសាទរ សម្តេចក្នុងឱកាសគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
សម្តេចតេជោសង្កត់ធ្ងន់ថា «ខ្ញុំមានសេចក្តីរីករាយណាស់ ដោយសង្កេតឃើញនូវទំនាក់ទំនងដ៏ល្អរវាងគណបក្សយើងទាំង២។ ខ្ញុំនឹងធ្វើអ្វីៗដើម្បីបន្តពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្ការរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សយុត្តិធម៌រុស្ស៉ី ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រទេសទាំង២»។
សូមជំរាបថា លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ចេញផ្សាយដោយ គ.ជ.ប នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហាញថា៖ គណបក្សប្រជាជនកម្ពុជាទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន១១៥៦ ចំណែកគណបក្សសង្រ្គោះជាតិទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន៤៨៩៕