(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់គណបក្សរួបរួមរុស្ស៊ី លោក B.V. GRYZLOV បានផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសម្តែងការអបអរសាទរចំពោះជ័យជំនះគួរឲ្យស្ញប់ស្ញែងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់។
នៅក្នុងលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន, លោក B.V. GRYZLOV រៀបរាប់ថា៖ «ក្នុងនាមគណបក្សរួបរួមរុស្ស៊ិ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរចំពោះជោគជ័យ គួរឲ្យកោតស្ញប់ស្ញែងរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ ការបោះឆ្នោតនេះ ឆ្លុះបញ្ចាំងឲ្យឃើញថា អ្នកបោះឆ្នោតមានការជឿទុកចិត្តខ្ពស់លើគោលនយោបាយរបស់សម្តេច ក្នុងគោលបំណងពង្រឹងសេដ្ឋកិច្ចជាតិ ធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជនកម្ពុជា ធានាឲ្យបាននូវស្ថិរភាពនយោបាយ សង្គម និងការអភិវឌ្ឍរយៈពេលយូររបស់ប្រទេស»។
«ខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តមិនប្រែប្រួលចំពោះការធ្វើឲ្យស៊ីជម្រៅថែមទៀត នូវកិច្ចសហប្រតិបត្តិការអន្តរគណបក្ស ដើម្បីពង្រឹងចំណងមិត្តភាពជាប្រពៃណី អន្តរកម្មពហុវិស័យរវាងរុស្ស៊ី និងកម្ពុជា»។
ឆ្លើយតបនឹងលិខិតអបអរសាទរនេះ, សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើលិខិតជូនលោក លោក B.V. GRYZLOV ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់គណបក្សរួបរួមរុស្ស៊ី ដោយថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ដែលលោកបានផ្ញើលិខិតអបអរសាទរចំពោះសម្តេច។
លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ចេញផ្សាយដោយ គ.ជ.ប នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហាញថា៖ គណបក្សប្រជាជនកម្ពុជាទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន១១៥៦ ចំណែកគណបក្សសង្រ្គោះជាតិទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន៤៨៩។
ខាងក្រោមនេះជាលិខិតអបអរសាទររបស់ លោក លោក B.V. GRYZLOV ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់គណបក្សរួបរួមរុស្ស៊ី និងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖