(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់សារជាថ្មីថា រយៈពេល១៤ថ្ងៃ បន្ទាប់ពីការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងមានការប្រកាសសុពលភាពរបស់មេឃុំ-ចៅសង្កាត់ អាណត្តិថ្មី នៅទូទាំងប្រទេស។
លោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ធ្លាប់បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា តាមនីតិវិធីថ្មី ក្រោយការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ រយៈពេល១៤ថ្ងៃ នឹងមានការរុះរើដោះដូរមេឃុំ-ចៅសង្កាត់ថ្មី នៅទូទាំងប្រទេស។
បើតាមលទ្ធផលផ្លូវការ ដែលចេញដោយ គ.ជ.ប បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានមេឃុំ-ចៅសង្កាត់ ចំនួន ១,១៥៦ ចំណែកគណបក្សសង្រ្គោះជាតិ ទទួលបានមេឃុំ-ចៅសង្កាត់ ចំនួន ៤៨៩ និងគណបក្សខ្មែររួបរួមជាតិទទួលបានមេឃុំចំនួន ១៕