(កំពង់ចាម)៖ កម្មកររោងចក្រខាលីងតុន នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាង៦ពាន់នាក់ ផ្ទុះការតវ៉ាជាមួយថៅកែរោងចក្រជនជាតិចិន ក៏ព្រោះតែខាងភាគីរោងចក្រ បានផ្លាស់ប្តូរលក្ខខណ្ឌការងារថ្មី ដោយមិនបានជូនដំណឹង និងពិភាក្សាជាមួយតំណាងកម្មករជាមុន។
រោងចក្រខាលីងតុន មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាមមានកម្មករ សរុបប្រមាណជាង៦ពាន់នាក់។
តំណាងកម្មកររោងចក្រខាងលើ បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះថា ការតវ៉ានេះផ្ទុះឡើងតាំងពីថ្ងៃទី២២ ខែមិថុនាមកម្ល៉េះ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយនោះទេ។
តំណាងកម្មករ បានបញ្ជាក់ថា ខណៈពេលកម្មករកំពុង តែធ្វើការងារជាធម្មតា ស្រាប់តែរោងចក្រខាលីងតុន បានចេញសេចក្តីប្រកាសភ្លាមៗ ដើម្បីកែប្រែការអនុវត្តនូវលក្ខខណ្ឌការងារមួយចំនួន យ៉ាងតក់ក្រហល់ ហើយធ្វើការផ្សព្វផ្សាយដោយផ្ទាល់ ជាមួយប្រធានក្រុមបុគ្គលិក និងកម្មករ ធ្វើឲ្យមានការតវ៉ាកើតឡើង នៅថ្ងៃទី២២ មិថុនា រហូតមកដល់ថ្ងៃនេះ។
តំណាងកម្មករ-កម្មការិនីបាននិយាយថា នៅក្នុងខ្លឹមសារសេចក្តីប្រកាសនោះ មានចំណុចខ្លះបានកែប្រែទាំងស្រុង នូវការអនុវត្តដែលក្រុមហ៊ុន បានធ្វើជាយូរឆ្នាំកន្លងមកហើយ។ ម្យ៉ាងទៀតសេចក្តីប្រកាសនេះ ធ្វើឡើងដោយមិនបានប្រជុំពិភាក្សាជាមួយបុគ្គលិក និងតំណាងសហជីពឡើយ។
កម្មករកម្មការិនីបានលើកឡើងថា បន្ទាប់ពីទទួលខ្លឹមសារសេចក្តីប្រកាសរបស់ក្រុមហ៊ុន ប្រធានក្រុម និងកម្មករមួយចំនួនបានសុំជួបតំណាងក្រុមហ៊ុន ដើម្បីពន្យល់ករណីខាងលើ ប៉ុន្តែពុំមានបុគ្គលណាចេញមុខ ដើម្បីពន្យល់អំពីករណីខាងលើនេះឡើយ។ ម្យ៉ាងទៀតការកែប្រែការ អនុវត្តលក្ខខណ្ឌការងារខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីមានការផ្លាស់ប្តូរ រចនាសម្ពន្ធ័ថ្នាក់គ្រប់គ្រង របស់ក្រុមហ៊ុនមិនបានមួយសប្តាហ៍ផង។
ក្រុមកម្មករបានបន្តថា បញ្ហាមួយទៀតដែលពិបាកបំផុតនោះ គឺបន្ទាប់ពីមានការផ្លាស់ប្តូរអ្នកគ្រប់គ្រង ក្នុងក្រុមហ៊ុនរួចមក ក្រុមហ៊ុននេះមិនមានរដ្ឋបាលជាជនជាតិខ្មែរដែល មានការយល់ដឹងពីច្បាប់ ស្តីពីការងារមកធ្វើការផ្ទាល់ ជាមួយបុគ្គលិក តំណាងសហជីព និងជាមួយកម្មករឡើយ ពោលគឺមានតែជនជាតិចិន ជាអ្នកគ្រប់គ្រងមកបញ្ជាការងារ ដូច្នេះបានជាធ្វើឱ្យកើតមានបញ្ហាខាងលើតែម្តង។
កម្មករបន្តទៀតថា ក្រោយពីបង្កើតបញ្ហាខាងលើរួចមក មិនត្រឹមតែមិនមានឆន្ទៈ ដើម្បីដោះស្រាយជាមួយកម្មករនោះទេ អ្នកគ្រប់គ្រងជនជាតិចិនថ្មីរូបនោះ ថែមទាំងបានបណ្តេញកម្មករ ទាំងអស់ឱ្យចេញក្រៅរោងចក្រ ហើយបានប្រាប់តាមរយៈអ្នកបកប្រែថា «ក្រុមហ៊ុនមិនដោះស្រាយអ្វីទាំងអស់ គឺក្រុមហ៊ុនបិទទ្វារតែម្តង»។
ជុំវិញករណីនេះ ក្រុមកម្មករ-កម្មការិនីបានសំណូមពរដល់មន្ត្រីជំនាញមន្ទីរការងារខេត្តកំពង់ចាម និងក្រសួងការងារ មេត្តាចុះជួយធ្វើអន្តរាគមន៍ ដោះស្រាយតាមសំណើរបស់កម្មករ ដែលធ្លាប់អនុវត្តទទួលបានភាពសុខសាន្ត និងសុវត្ថិភាព ក្នុងការងាររាប់ឆ្នាំកន្លងមក៕