(កំពង់ចាម-ត្បូងឃ្មុំ)៖ ក្រុមជំនួយការលោក ហ៊ុន ម៉ាណែត បាននាំយកសម្ភារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត ប្រគេនដល់វត្តអារ៉ាម និងប្រគល់ជូនដល់សាលារៀនមួយចំនួន តាមការសន្យាមុនពេលបោះឆ្នោត។
សម្ភារដែលត្រូវប្រគេន និងប្រគល់រួមមាន៖ ស៊ីម៉ង់តិ៍៥តោន ប្រគេនដល់វត្តគីរីមានជ័យ ស្ថិតក្នុងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ, ស៉ីម៉ង់តិ៍០៥តោន និងឥដ្ឋ១០,០០០ដុំ ប្រគេនដល់វត្តសុវណ្ណរតនសោភ័ណ្ឌមុន្នី ស្ថិតក្នុងឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម, ស៉ីម៉ង់តិ៍០៥តោន ប្រគេនដល់វត្តពោធិមង្គល, ម៉ាស៉ីនព្រីនធ័រ១គ្រឿង និងម៉ាស៉ីន LCD Projector ១គ្រឿង ប្រគល់ជូនសាលាអនុវិទ្យាល័យទួលព្រះឃ្លាំង, ក្តាខៀនចំនួន១៤ និងប៊ិចហ្វឺតមួយចំនួន ប្រគល់ជូនសាលាបឋមសិក្សាទួលព្រះឃ្លាំង ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ក្នុងឱកាសសំណេះសំណាល និងក្រៅពីប្រគេនអំណោយដល់វត្តអារ៉ាមនានា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ក្រុមការងារក៏បាននាំយកអំណោយអនុស្សាវរីយ៍មួយចំនួន ជូនលោកយាយ លោកតា ពុទ្ធបរិស័ទ១២៥នាក់ ដោយម្នាក់ទទួលបានក្រណាត់សរ ក្រមា និងថវិកា៥ពាន់រៀល ព្រមទាំងមានសម្ភារសិក្សា ជូនក្មួយៗកុមារាកុមារីផងដែរ។
លោក មែ ស៊ីថន ក្រុមជំនួយការ លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្ភារដែលប្រគេនដល់វត្ត និងមូលដ្ឋាននានាទាំងអស់ខាងលើនេះ គឺជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោក ហ៊ុន ម៉ាណែត ដែលបានសន្យាប្រគេន និងប្រគល់ជូនក្រោយបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់រួចកន្លងទៅនេះ ដើម្បីរួមចំណែកដល់ការកសាងសមិទ្ធផលវត្ត និងក៏ដូចជាឆ្លើយតបទៅនឹងសំណូមពរ និងការខ្វះខាតជាក់ស្តែងក្នុងមូលដ្ឋាន។ ទាំងនេះ គឺជាគុណធម៌មួយរបស់អ្នកសន្យា ដែលប្រកបដោយការទទួលខុសត្រូវ ហើយក៏បានបង្ហាញផងដែរ អំពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ក្នុងវិស័យព្រះពុទ្ធសាសនា វិស័យអប់រំ និងជាការចូលរួមជាមួយព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពុទ្ធបរិស័ទក្នុងការបន្តកសាងសមិទ្ធផលអារ៉ាមថែមទៀត។
សំណេះសំណាលជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងឃុំព្រះអណ្តូង លោក មែ ស៉ីថន បានថ្លែងបញ្ជាក់ថា លោកយាយលោកតា ពុទ្ធបរិស័ទ្ធ និងប្រជាពលរដ្ឋអ្នកឃុំព្រះអណ្តូង គឺជាពលរដ្ឋប្រកបដោយគុណធម៌ សច្ចៈធម៌ ព្រហ្មវិហារធម៌ និងមាននូវធម៌កត្តញូ។ សូមថ្លែងអំណរគុណចំពោះ លោកយាយលោកតា ពុកម៉ែ បងប្អូន អ៊ុពូមីង និងប្រជាពលរដ្ឋទាំងអស់ ដែលបានបន្តផ្តល់យុត្តិធម៌ និងជំនឿទុកចិត្តចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដោយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
លោកបានថ្លែងអំណរគុណជូន ចំពោះអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំបំពេញភារកិច្ចបម្រើប្រជាជនក្នុងមូលដ្ឋាន និងសំណូមពរឲ្យលោកអាជ្ញាធរស្រុក និងថ្នាក់ដឹកនាំមូលដ្ឋានទាំងអស់ បន្តធ្វើយ៉ាងណាយកចិត្តទុកដាក់ថែមទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋ និងបន្តខិតខំជួយលើការងារកសាងសមិទ្ធផលនានា ក្នុងមូលដ្ឋាន ទាំងខាងវិស័យពុទ្ធចក្រ និងអាណាចក្រ។
លោក ជាម វុត្ថា អភិបាលរងស្រុកស្ទឹងត្រង់ ក្នុងនាមក្រុមការងារយុវជនគណបក្សស្រុកស្ទឹងត្រង់ និងក្នុងនាមអាជ្ញាធរមូលដ្ឋាន ជំនួសមុខឱ្យព្រះសង្ឃ លោកយាយលោកតា និងជួសមុខឲ្យប្រជាពលរដ្ឋអ្នកឃុំព្រះអណ្តូង និងឃុំទួលព្រះឃ្លាំងទាំងអស់ គោរពថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរ ពីសុខទុក្ខប្រជាជនខ្មែរគ្រប់ទិសទី និងយកចិត្តទុកដាក់លើគ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ៕