(ភ្នំពេញ)៖ លោក យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល នៅសប្តាហ៍នេះបានដឹកនាំប្រជុំដើម្បីដាក់ឲ្យដំណើរការសាកល្បង ប្រព័ន្ធគ្រប់គ្រង សាលាភូមិន្ទរដ្ឋបាល តាមរយៈអនឡាញជំនាន់ទី១ (ERA School Management System V1.0) សម្រាប់សិស្សមន្រ្តីជាន់ខ្ពស់ កម្មសិក្សាការីដែលកំពុងសិក្សា និងសម្រាប់បេក្ខជនដែលមានបំណងចង់ដាក់ពាក្យប្រលងជ្រើសរើសនៅសាលាភូមិន្ទរដ្ឋបាល អាចបំពេញពាក្យ និងបញ្ជូនតាមប្រព័ន្ធអនឡាញបាន។
ប្រព័ន្ធគ្រប់គ្រង សាលាភូមិន្ទរដ្ឋបាល តាមរយៈអនឡាញជំនាន់ទី១ (ERA School Management System V1.0) នឹងត្រូវដាក់ដំណើរការនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ស្អែកនេះ។
ប្រព័ន្ធគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាលតាមអនឡាញនេះ បានកំពុងបន្ថែមមុខងារទៀត ដើម្បីបម្រើការងារអប់រំនៅសាលាភូមិន្ទរដ្ឋបាលឲ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់បទពិសោធន៍ផ្នែកព័ត៌មានវិទ្យាដល់សិស្សមន្រ្តី និងកម្មសិក្សាការី សម្រាប់យកទៅប្រើប្រាស់នៅក្នុងស្ថាប័នរៀងៗខ្លួនបន្ទាប់ពីបញ្ចប់ការសិក្សានៅទីនេះ។
កម្មសិស្សាការីមន្រ្តីជាន់ខ្ពស់ឆ្នាំ២០១៦ លោក ងន់ ម័រ ដែលបានចូលរួមបង្កើតកម្មវិធីនេះបានបន្ថែមថា ទៅថ្ងៃខាងមុខសិស្សមន្រ្តី កម្មសិក្សាការីទាំងអស់អាច ប្រើប្រាស់ ស្មាតហ្វូន សម្រាប់ត្រួតពិនិត្យព័ត៌មានផ្ទាល់ខ្លួន កាលវិភាគសាលា ព័ត៌មានផ្សេងៗរបស់សាលាយ៉ាងងាយស្រួល និងទាន់ពេលវេលា។
សូមរំលឹកថា កាលពីចុងឆ្នាំ២០១៦ សាលាភូមិន្ទរដ្ឋបាលបានដាក់ឲ្យដំណើរការប្រព័ន្ធសម្គាល់ខ្លួនគំរូថ្មី Smart card ដល់កម្មសិក្សាការី និងសិស្សមន្រ្តីជាន់ខ្ពស់ សរុបចំនួន ៦០០នាក់ សម្រាប់ប្រើជាប័ណ្ណសម្គាល់ខ្លួន និងជាប័ណ្ណឥណទាន អាចទូទាត់ថ្លៃចំណតយានយន្ត និងអាហារដ្ឋានជាដើម និងអាចភ្ជាប់ជាមួយស្មាតហ្វូន តាមរយៈ Amber App (ប្រព័ន្ធទូទាត់សេវាផ្សេងៗក្នុងទីធ្លាសាលា) ដោយមានការជួយឧបត្ថម្ភថវិកា និងបច្ចេកទេសពីកម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ឆ្នាំ២០១៦ បន្ទប់ចតុមុខ ២នាក់ មានលោក ងន់ ម័រ និងលោក ឌី បញ្ញា៕