(ភ្នំពេញ)៖ តាមរយៈ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ, សម្តេចបានលើកឡើងថា គណបក្សប្រជាជន គឺជាគណបក្សសង្រ្គោះអាយុជីវិតជាតិពិតប្រាកដ, សម្តេចបានចំណាយ អាយុជីវិតជាដើមទុន ត្រូវរបួសជាច្រើនដង រហូតពិការភ្នែក និងបែកបាក់ប្តីប្រពន្ឋ កូនជាទីស្រឡាញ់ ដើម្បីបុព្វហេតុសង្រ្គោះជាតិ និងប្រជាជន។
សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់នៅលើ Facebook នាព្រឹកថ្ងៃអាទិត្យនេះយ៉ាងដូច្នេះថា៖
ប្រវត្តិសាស្រ្តពិតគឺបានលាតត្រដាងបង្ហាញច្បាស់ ដល់ប្រជាពលរដ្ឋឲ្យបានឃើញពីការវិវឌ្ឍនៃកម្ពុជា នៅក្នុងដំណាក់កាលនីមួយៗដែលមិនអាច ប្រឌិតបាន។ ទន្ទឹមនឹងនេះកូនខ្មែរត្រូវយល់ដឹង និង ចងចាំអោយបានច្បាស់ ចៀសវាងការប្រឌិតភូតភរណាមួយមិនពិត។
ជាក់ស្តែងនៅក្នុងពេលដែលប្រទេសជាតិទាំងមូលធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម ដែលប្រជាពលរដ្ឋខ្មែរ និងពិភពលោកបានដឹងនិងចងចាំច្បាស់បំផុតនោះគឺនៅក្នុងឆ្នាំ ១៩៧៥ ដែលពេលនោះកម្ពុជាត្រូវបាន ធ្លាក់ក្នុងរបបកាប់សម្លាប់ប្រល័យពូជសាសន៍ប៉ុលពត។ ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវបានដកសិទ្ឋិ សេរីភាពទាំងស្រុង សាសនាត្រូវបានកំទេច សាលារៀន មន្ទីរពេទ្យ វត្តអារាម ក៏ត្រូវបានកំទេចចោល ដែរ។
ក្រុមគ្រួសារប្តីប្រពន្ឋកូនចៅបងប្អូនត្រូវបានបំបែកចាប់បង្ខំអោយធ្វើការហួសកម្លាំង លើសពីសត្វធាតុ និងត្រូវបានសម្លាប់ចោលរាប់លាននាក់។ អ្នកចេះដឹង អ្នកជំនួញ ជនបរទេស មន្រ្តីរាជការ ទាហាន ព្រះសង្ឃ និស្សិតបញ្ញវ័ន្ត និងកូនសិស្សគ្រប់កម្រិតត្រូវបានប្រមូលហើយកំទេចចោលនៅពាសពេញប្រទេស។ កម្ពុជា ពេលនោះគឺត្រូវបានកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងពីពិភពលោក ដែលគ្មានឮ សម្លេងអ្វីក្រៅពីការភ័យ ខ្លាច រន្ឋត់ ឈឺចាប់ កាប់សម្លាប់ ជាមួយទឹកភ្នែករាប់លានដំណក់ ហើយម្នាក់ៗ រង់ចាំតែថ្ងៃស្លាប់តែប៉ុណ្ណោះ។
រយៈពេលជាង៣ឆ្នាំ ៨ខែ ២០ថ្ងៃពេលនោះ តើមានអ្នកណា ឬបក្សនយោបាយណាដែលបាន ចេញមុខមកជួយសង្រ្គោះកម្ពុជា? ប្រជាពលរដ្ឋរងគ្រោះមានតែការបន់ស្រន់ដល់ព្រះ និងបន់ស្រន់បារមី ស័ក្តិសិទ្ឋិសុំបានរស់រានមានជីវិតចាកផុតពីការស្លាប់។ កម្ពុជានៅពេលនោះ គឺត្រូវការសង្រ្គោះបន្ទាន់បំផុត។
នៅពេលនោះហើយដែល សម្តេចតេជោ ហ៊ុន សែន និងអ្នកស្នេហាជាតិរបស់គណបក្សប្រជាជន បានយកជីវិតផ្ទាល់ខ្លួនធ្វើជាដើមទុនមកចំណាយ ក្នុងការសង្រ្គោះកម្ពុជាពីរបបកាប់សម្លាប់។ ដំណាក់កាលពេលនោះ គឺជាដំណាក់កាលសង្រ្គោះអាយុជីវិតជាតិពិតប្រាកដ។
បើគ្មានការចំណាយអាយុជីវិតជាដើមទុនរបស់ គណបក្សប្រជាជនទេ គឺកម្ពុជាគ្មានថ្ងៃនេះដែរ។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ផ្ទាល់ ដែលបានចំណាយ អាយុជីវិតជាដើមទុន ត្រូវរបួសជាច្រើនដង រហូតពិការភ្នែក និងបែកបាក់ប្តីប្រពន្ឋ កូនជាទីស្រឡាញ់ ដើម្បីបុព្វហេតុសង្រ្គោះជាតិ។ យើងទាំងអស់គ្នាចងចាំនូវ គម្រូវីរភាពជាប្រវត្តិសាស្រ្តនេះគ្រប់ពេលជានិច្ច។
នៅពេលនេះ គឺកម្ពុជាកំពុងមានសុខសន្តិភាព រីកចម្រើនបោះជំហានទៅមុខ ដែលពលរដ្ឋមានសិទ្ឋិសេរីភាពពេញលេញ ប្រជាពលរដ្ឋប្រកបរបរធ្វើការ តូចធំគ្រប់កម្រិត ក្មួយៗចៅៗសិស្សានុសិស្សមាន ឱកាសសិក្សារៀនសូត្រគ្រប់ទីកន្លែង វត្តអារាម ព្រះវិហារតូចធំត្រូវបានកើតឡើងព្រោងព្រាត ហេដ្ឋារចនាផ្លូវស្ពានតូចធំត្រូវបានកសាងជាបន្តបន្ទាប់ រថយន្តតូចធំចរាចរណ៍ពាសពេញប្រទេស ទេសចរ បរទេសរាប់លាននាក់បានមកទស្សនាកម្ពុជា ជារៀងរាល់ឆ្នាំ។ កម្ពុជាពេលនេះមិនមែននៅក្នុងភ្នក់ភ្លើង សង្រ្គាមឬរបបប្រល័យពូជសាសន៍ដែលត្រូវការការសង្រ្គោះអ្វីឡើយ។
កម្ពុជាពេលនេះ គឺត្រូវបន្តនិរន្តរភាពនៃការអភិវឌ្ឍអោយកាន់តែរីកចម្រើនរុងរឿងទៅមុខ ហើយយើងទាំងអស់គ្នាបន្តចូលរួមថែរក្សាការពារសន្តិភាពជាមួយ សម្តេចតេជោ ហ៊ុន សែន ដើម្បីកម្ពុជាកាន់ តែមានឱកាសកសាង និងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនខ្លាំងឡើង៕