(ភ្នំពេញ)៖ រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ សាលាប៊ែលធីអន្តរជាតិ បានប្រារព្ធពិធីបើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលាប៊ែលធីអន្តរជាតិ ឆ្នាំ២០១៧ (BELTEI CHAMPIONS TROPHY 2017) ដែលមានក្រុមប្រកួតចំនួន ១៦ក្រុម មកពីសាលាប៊ែលធី ទាំង១៦សាខា និងមានសិស្សានុសិស្ស ចូលរួមគាំទ្រចំនួនជាង ៤,៥០០នាក់ នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡា សិស្ស-និស្សិតកម្ពុជា។

លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលាប៊ែលធី អន្តរជាតិ ឆ្នាំ២០១៧ (BELTEI CHAMPIONS TROPHY 2017) នេះ គឺជាកម្មវិធីថ្មីមួយបន្ថែមទៀតរបស់ សាលាប៊ែលធី អន្តរជាតិ ដែលបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ ក្នុងការពង្រឹងលើវិស័យកីឡាគ្រប់ប្រភេទរបស់ រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងស្របតាមកម្មវិធីសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់បញ្ចូលកម្មវិធីកីឡានេះ ទៅក្នុងកម្មវិធីសិក្សានៅទូទាំងប្រទេស។

លោកលី ប៊ុនឆៃ បានឲ្យដឹងថា កន្លងមក សាលា ប៊ែលធី អន្តរជាតិ បានបញ្ចូលកម្មវិធីកីឡា ២ប្រភេទ រួចមកហើយ រួមមាន៖
១-អប់រំកាយសម្រាប់សិស្សថ្នាក់ទី១-៦
២-កីឡាតៃក្វាន់ដូ សម្រាប់សិស្សថ្នាក់ទី៧-៨

ហើយថ្ងៃនេះ យើងបានបញ្ចូលកម្មវិធីកីឡា ២ប្រភេទបន្ថែមទៀត រួមមាន៖
១-កីឡា Futsal សម្រាប់សិស្សថ្នាក់ទី១០-១២
២-កីឡាបាល់ទាត់ សម្រាប់សិស្សថ្នាក់ទី១០-១២ និងបន្តរៀបចំកីឡាសម្រាប់និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ផងដែរ។

រង្វាន់សម្រាប់ក្រុមកីឡាករដែលទទួលបានជ័យលាភី ជើងឯកពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៧ ៖
+ ក្រុមជើងឯក (The Winner)
• ពានរង្វាន់ជើងឯកសាលា ប៊ែលធី អន្តរជាតិ
• មេដាយមាស
• ថវិកាចំនួន 3,000,000 រៀល

+ ក្រុមជើងឯករង (Runner-up)
• មេដាយប្រាក់
• ថវិកាចំនួន 2,000,000 រៀល

+ ក្រុមលេខ ៣
• មេដាយសំរិទ្ធ
• ថវិកាចំនួន 1,000,000 រៀល

បន្ទាប់មកលោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានថ្លែងអំណរគុណចំពោះលោកប្រធានគណៈអធិបតី ដែលបានឆ្លៀតឱកាសដ៏មមាញឹកមកផ្តល់កិតិ្តយស ក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៧ពេលនេះ។
លោកបានណែនាំដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឲ្យនាំគ្នាលេងកីឡាដែលអាចឲ្យសិស្សទទួលបាននូវសុខភាពល្អ មានទំនាក់ទំនងល្អ មានមេត្រីភាព និងមានសាមគ្គីភាព ព្រមទាំងដើម្បីជៀសឲ្យផុតពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ប្លន់ ដែលបង្កឲ្យមានអសន្តិសុខដល់សង្គម និងធ្វើឲ្យបាត់បង់នូវកម្លាំងធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបណ្តាលឲ្យប៉ះពាល់ដល់ កំណើនសេដ្ឋកិច្ចជាតិទៀតផង។លោកក៏បានជូនពរដល់ក្មួយៗកីឡាករតាមក្រុមនីមួយៗ ទទួលបានជោគជ័យ ក្នុងការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៧នាពេលនេះផងដែរ។

ក្នុងឱកាសនោះផងដែរ លោក ស៊ាន បូរ៉ាត បានធ្វើការសំណេះសំណាល និងផ្ញើក្តីនឹករលឹកនិងសាកសួរសុខទុក្ខពីសំណាក់ លោករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាជូនដល់ ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សទាំងអស់របស់សាលានាពេលនោះផងដែរ។ ឯកឧត្តមបានថ្លែងថា សន្តិភាពបានបង្កលក្ខណៈ និង ឱកាសដល់យើងគ្រប់ៗគ្នាបានចូលរួមកសាងប្រទេសជាតិ លើគ្រប់វិស័យទាំងអស់ រាប់ទាំងវិស័យអប់រំកាយ និង កីឡា ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តឥតឈប់ឈរ ដល់យុវជនជំនាន់ក្រោយ ដើម្បីបន្តកិត្យានុភាព លើឆាកអន្តរជាតិបន្ថែមទៀត ពិសេសសំរាប់កីឡាស៊ីហ្គេមនាឆ្នាំ២០២៣ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ដំបូលសន្តិភាព ស្ថេរភាពនយោបាយ គឺផ្តល់ឲ្យយើងបានចូលរួមលើការងារសង្គមផ្នែក អប់រំ និង កីឡា លោកអបអរសារទរផងដែរ ដល់សាលាប៊ែលធី ដែលបានប្រើប្រាស់របត់ថ្មិរបស់ខ្លួន បង្កើតការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលាប៊ែលធីអន្តរជាតិ ហើយ កីឡានេះ គឺមានការគាំទ្រយ៉ាងផុលផុសពី យុវជនជាច្រើននៅទូទាំងប្រទេស ។

លោក ស៊ាន បូរ៉ាត ថ្លែងអំណរគុណដល់សាលាប៊ែលធីអន្តរជាតិ ដែលខិតខំប្រឹងប្រែង មិនត្រឹមតែចូលរួមកសាងធនធានមនុស្ស ប៉ុណ្ណោះទេ សំរាប់ថ្ងៃនេះ គឺបានចាប់ផ្តើម និងបន្តកសាងធនធានកីឡាករបាល់ទាត់កម្ពុជា ជូនដល់ក្រសួងអប់រំ យុវជន និង កីឡា ក៏ដូចជា ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ។ យ៉ាងណាក៏ដោយ លោក ស៊ាន បូរ៉ាត អំពាវនាវដល់ក្មួយៗជាយុវជនទាំងអស់សូមចូលរួមការពារ ថែរក្សាសុខសន្តិភាព និង សិមិទ្ធផលជាច្រើនទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលខិតខំក្នុងដំណើរជីវិតដ៏សែនលំបាក ដើម្បីប្រទេសជាតិ និង ប្រជាជនកម្ពុជា។ បន្ទាប់មកលោកប្រធានគណៈអធិបតី បានប្រគល់បាល់ជូនក្រុមអាជ្ញាកណ្តាល ជានិមិត្តរូបនៃការបើកកម្មវិធីប្រកួតបើកឆាកនៅវគ្គទី១៕