(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោយការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបង្ក្រាបករណីគ្រឿងញៀន២កន្លែងផ្សេងគ្នា ដោយឃាត់បានជនសង្ស័យ៣នាក់ និងថ្នាំញៀនមួយចំនួន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះ។

មន្ដ្រីនគរបាលដែលចូលរួមប្រតិបត្តិការ បានឲ្យដឹងថា ទីតាំងទី១៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ទំនប់រលក បង្ក្រាបនៅ​ក្រុម១៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ដោយចាប់បានជនសង្ស័យ២នាក់ ​ឈ្មោះ សាន វិត អាយុ៣៤ឆ្នាំ មុខរបរកម្មករនេសាទ និងឈ្មោះ មាស ថាវី ភេទស្រី អាយុ៤៨ឆ្នាំ ដោយជនសង្ស័យទាំងពីរ គឺជាប្ដីប្រពន្ធនឹងគ្នា។ ក្នុងនោះដកហូតបាន ថ្នាំញៀនប្រភេទម៉្សៅសថ្លា ចំនួន១០កញ្ចប់។

ដោយឡែកទីតាំងទី២៖ ​កម្លាំងជំនាញការិយាល័យគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាន​នគរបាលក្រុង បានឃាត់ខ្លួនជន​សង្ស័យម្នាក់ សាន់ រីម អាយុ២៧ឆ្នាំ នៅ​ក្រុម១៣ ភូមិ០៣ សង្កាត់លេខ០១​ ដកហូតបានម្សៅស​ថ្លា​១កញ្ចប់។

បច្ចុប្បន្នជនសង្ស័ងទាំង៣នាក់ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំបន្ដ និងចាត់វិធានការតាមច្បាប់៕​