(សៀមរាប)៖ សាខាកាំកុងត្រូលខេត្តសៀមរាប រយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០១៧នេះ ដកហូតទំនិញខូចគុណភាព បានជាង៦៧គីឡូក្រាម នៅផ្សារបន្ទាយស្រី ស្ថិតក្នុងឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី និងនៅផ្សារដើមក្រឡាញ់ ស្ថិតក្នុងសង្កាត់គោគចក ក្រុងសៀមរាប។
ក្នុងយុទ្ធនាការនោះ ក្រុមមន្ដ្រីជំនាញបានធ្វើតេស្តបឋម ទៅលើម្ហូបអាហារដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ រួមមាន អំបិល ប្រហិតសាច់ជ្រូក ប្រហិតសាច់គោ ប្រហិតសាច់ត្រី ប្រហិតក្តាម ប្រហិតបង្គា សាច់ប៉ាតេ សរសៃគុយទាវ ម៉ីលឿង ខ្ញីហាន់ស្រាប់ ក្រអៅឈូកហាន់ស្រាប់ សណ្តែកបណ្តុះ ត្រពាំងជ្រក់ ស្ពៃជ្រក់ មមែងជ្រក់ ប្រហុក គ្រឿងសមុទ្រក្លាសេ។
ជាលទ្ធផល នៃការធ្វើតេស្តបឋម គឺទទួលបានលទ្ធផលល្អ ដោយអំបិលមានអ៊ីយ៉ូតល្អ និងពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ដូចជា Borax, Salicylic Acid និងម្សៅស Sodium Hydrosulfite និង Formalin នៅក្នុងម្ហូបអាហារទាំងនោះឡើយ ។
ប៉ុន្ដែចំពោះការពិនិត្យមើលលើម្ហូបអាហារវេចខ្ចប់រួច ពិនិត្យឃើញមានផលិតផលមួយចំនួន ប្រែប្រួលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ហើយត្រូវបានសាខាកាំកុងត្រូល ធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីកម្ទេចចោល ហើយទំនិញដែលហូតបាននោះរួមមាន៖ ទឹកក្រូចដបជ័រចម្រុះ, ភេសជ្ជៈស្ទីង, ទឹកដោះគោខាប់, ទឹកស៊ីរ៉ូ, ទឹកស៊ីអ៊ីវ, ទឹកប៉េងប៉ោះ, ទឹកសៀង, ស្ពៃកំប៉ុង, ដំឡូងបារាំងកំប៉ុង និងយីហ៊ឺកញ្ចប់ សរុប៦៧គីឡូក្រាម។
ជាមួយគ្នានោះដែរ ក្រុមការងារក៏បានចែកនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារផងដែរ៕