(កោះកុង)៖ ពិតជាអយុត្តិធម៌មែនឬ សម្រាប់អ្នកក្រ ចំពោះការប្តឹងផ្តល់ក្នុងតុលាការ? សំណួរនេះនៅតែជាចម្ងល់ និងមិនទាន់មានចម្លើយបញ្ជាក់ច្បាស់ នោះឡើយ។ ជាក់ស្តែងប្រជាពលរដ្ឋក្រីក្រមួយគ្រួសារ បានរងនូវភាពយុត្តិធម៌ផ្តួនៗ ក្នុងតុលាការ បើទោះបីជាខ្លួនមិនបានប្រព្រឹត្ត ប៉ុន្តែក៏ត្រូវរងទទួលទោស ព្រោះ...។
ជាក់ស្តែងតុលាការសាលាឧទ្ធរណ៍ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ បានសម្រេចក្តី ឲ្យលោក វែង សំសាក់ មន្រ្តីឧទ្យាននុរក្សខេត្តកោះកុង និងសមាជិក្រុមប្រឹក្សាឃុំកោះកាពិ បន្តចាញ់ក្តីកូនបំណុលទាំងអយុត្តិធម៌នៅសាលាឧទ្ធរណ៍ រហូតធ្លាក់ខ្លួនគ្មានផ្ទះនៅ។ បើទោះបីមានលិខិតរដ្ឋមន្រ្តីក្រសួងបរិស្ថានស្នើុសុំក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍លើករណីនេះក៏ដោយ។
គ្រួសារដែលរងនូវភាពអយុត្តិធម៌នេះ គឺគ្រួសារលោក វែង សំសាក់ រស់នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ដែលគាត់ជាប្រធានសហគមន៍ តំបន់កាពារធម្មជាតិកោះស្រឡៅផង និងជាមន្ត្រីស្មោះស្ម័គ្រជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាផងដែរ។
លោក វែង សំសាក់ ដែលរងនូវភាពអយុត្តិធម៌ ក្នុងរឿងក្តីក្នុងតុលាការ ដោយសារគំនុំកូនបំណុលរបស់ខ្លួន ឈ្មោះ ផែ ខៀវកាជី និងក៏ជាអ្នកប៉ុនប៉ងចង់កាន់កាប់ដី របស់រដ្ឋ ប្តឹងទៅតុលាការថា បានលួចដីនិងផ្ទះរបស់គេ និងបានក្លែងបន្លំឯកសារសាធារណៈពាក់ព័ន្ធដីព្រៃ និងបង្កហឹង្សាលើអ្នកកាន់កាប់ អចលវត្ថុដោយចេតនា ប៉ុន្តែធាតុពិតដី និងផ្ទះនោះ កូនបំណុលរបស់លោក បានលក់ឲ្យលោកត្រឹមត្រូវ ដោយមានលិខិតប្រគល់និងទទួល ព្រោះកូនបំណុលគ្មានលទ្ធផល សងលុយដែលជំពាក់។ ចំណែកការប្រើអំពើហឹង្សា លោកមិនបានប្រព្រឹត្តឡើយ។
លោក វែង សំសាក់ បានថ្លែងអះអាងថា «ខ្ញុំសូមស្បថចំពោះមុខវត្ថុស័ក្កិសិទ្ធ ដែលមានបារមីក្នុងប្រទេសកម្ពុជាថា បើខ្ញុំបានប្រព្រឹត្តអ្វីដូចគេចោទប្រកាន់ សូមឲ្យខ្ញុំស្លាប់៣ថ្ងៃឬ៧ថ្ងៃ ឲ្យឡានបុក រន្ទះបាញ់ខ្ញុំទៅ»។
លោក វែង សំសាក់ បានរៀបរាប់ដំណើររឿងយ៉ាងសង្ខេបថា៖
«ខ្ញុំបាទឈ្មោះ វែង សំសាក់ រស់នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង បច្ចុប្បន្នជាប្រធានសហគមន៍ តំបន់ការពារធម្មជាតិកោះស្រឡៅ ប៉ុន្តែជាជនរងគ្រោះ ដោយសារបណ្តឹងរបស់ ឈ្មោះ ផៃ ខៀវកាលី ហៅ ខៀវ កាជីលី ពីរនាក់ប្តីប្រពន្ធ ដែលមានអ្នកឧបត្ថម្ភ និងគាំទ្រនៅពីក្រោយខ្នង ធ្វើបាបខ្ញុំដោយគ្មានការពិតសោះ។
ដើមរឿងមកពីដី និងផ្ទះ ដោយនៅឆ្នាំ១៩៩៨ ប្តីប្រពន្ធគាត់២នាក់ បានយកប្លង់ដីទៅបញ្ចាំខ្ញុំ យកលុយចំនួន៧៥,០០០បាត ហើយគាត់ក៏ទៅបាត់ពីភូមិដល់ឆ្នាំ១៩៩៩ ឃើញគាត់មកវិញ (ប្តី) ហើយគាត់ទៅផ្ទះខ្ញុំ ហើយប្រាប់ថា គាត់គ្មានលុយសងទេ ឲ្យខ្ញុំយកផ្ទះនិងដីនោះទៅ។ ពេលនោះខ្ញុំគ្មានជំរើសបើមិនយក គឺត្រូវអត់។ ខ្ញុំព្រមយកដោយធ្វើលិខិតប្រគល់ទទួល ដោយមេភូមិធ្វើឲ្យ ហើយខ្ញុំក៏មកធ្វើផ្ទះនៅក្នុងដីនោះ។ ស្រាប់តែ១០ឆ្នាំក្រោយមក គឺឆ្នាំ២០០៩ ពេលដីឡើងថ្លៃ គាត់ដាក់ពាក្យបណ្តឹងទៅតុលាការថា ខ្ញុំលួចដី និងផ្ទះគាត់។
តុលាការបានយកលិខិតប្រគល់ទទួល ទៅធ្វើកោសល្យវិច្ច័យ នៅក្រសួងមហាផ្ទៃ លទ្ធផលចេញមកពិតជាមេដៃគាត់មែន ហើយតុលាការដំបូង កាត់ឲ្យខ្ញុំឈ្នះក្តី ប៉ុន្តែគេមិនសុខចិត្ត គេប្តឹងទៅសាលាឧទ្ធរណ៍ ប៉ុន្តែសាលាឧទ្ធរណ៍ឲ្យខ្ញុំចាញ់វិញ ពេលនោះដោយសារខ្ញុំក្រីក្រ អត់លុយ គ្មានលទ្ធភាពតទៅសាលាកំពូលទើបមិនប្តឹងបន្ត។
សាលក្រមសាលាឧទ្ធរណ៍ បានអនុវត្តន៍នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ ខ្ញុំបានប្រគល់ដីប្លង់ដី និងលុយចំនួន ៦,២០០,០០០រៀល ឲ្យគេតាមដីការកំណត់ ខ្ញុំក៏ស្មានថាវាចប់ហើយ ស្រាប់តែថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ មានដីការកោះឲ្យឡើងសវនាការ ពីបទព្រហ្មទណ្ឌលេខ០៤ ចុះថ្ងៃទី១៣ ខែមករា ពីបទ «ប្រើអំពើប្រើអំពើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុ និងក្លែងបន្លំឯកសារសាធារណៈ» ខ្ញុំក៏ទៅតាមកំណត់ ប៉ុន្តែពេលនោះខ្ញុំទៅតែម្នាក់ឯង និងឯកសារមួយចំនួន គ្មានសាក្សី គ្មានមេធាវីទេ ព្រោះគ្មានលុយ ពេលទៅដល់ឃើញមេធាវីគេ៣នាក់ ពេលសវនាការ គេសំឡុតគេគំរាមខ្ញុំ គ្រប់បែបយ៉ាង ឯកសារខ្ញុំក៏គេអត់មើល ហើយគេយករឿងព្រៃឈើលើភ្នំកោះស្រឡៅ ចោទខ្ញុំថា ទៅហាមគេមិនឲ្យកាប់ព្រៃឈើ ហើយថា ខ្ញុំប្រើកូនចៅវាយប្តីគាត់ តែការពិតខ្ញុំគ្មានដឹងរឿងអ្វីសោះ។
ជាលទ្ធផលសាលក្រមចេញមក គឺខ្ញុំចាញ់ ហើយក្នុងសាលក្រមកាត់ឲ្យខ្ញុំជាប់គុក៣ឆ្នាំ ប៉ុន្តែព្យួរទោសធម្មតា ហើយឲ្យខ្ញុំបង់លុយឲ្យដើមចោទចំនួន ២០,០០០ដុល្លារ ហើយបង់ចូលរដ្ឋមួយចំនួនផ្សេងទៀត។ ពេលនោះខ្ញុំមិនសុខចិត្ត ក៏ប្តឹងទៅសាលាឧទ្ធណ៍ ហើយក៏បានសវនាការ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ដែលមានក្រុមប្រឹក្សាជំនុំជម្រះលោក ញូង ធុល ជាប្រធាន, លោក ប៉ាក ច័ន្ទសំបូរ ជាចៅក្រមប្រឹក្សា, លោកស្រី យ៉េត ម៉ូលីន ជាចៅក្រុមប្រឹក្សា និង លោកស្រី ម៉ិច ស៉ីហ៊ន ជាក្រឡាបញ្ជី។ សំណុំរឿងនេះត្រូវប្រកាសសាលក្រម នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ដោយសាលាឧទ្ធរណ៍ រក្សាសាលក្រមសាលាដំបូងទុកដដែល គឺមិនបានផ្តល់ភាពយុត្តិធម៌ឲ្យខ្ញុំបាទឡើយ។
សរុបមក៤លើក ខ្ញុំឈ្នះតែ១លើក គេឈ្នះ៣លើក វាពិតជាអយុត្តិធម៌ ចំពោះខ្ញុំណាស់។ ខ្ញុំមានលិខិតស្នាម មានការធ្វើកោសល្យវិច្ចយ័ត្រឹមត្រូវ តាមបច្ចេកទេស និងវិទ្យាសាស្ត្រ នៅតែគេឲ្យចាញ់រហូត ប្រហែលជាដោយសារខ្ញុំក្រីក្រ?។ សព្វថ្ងែនេះ ខ្ញុំគ្មានអ្វីទេផ្ទះក៏គ្នាននៅ រកព្រឹកហូបល្ងាច សុំផ្ទះកូននៅ ហើយខ្ញុំសូមស្បថចំពោះមុខវត្ថុស័ក្កិសិទ្ធ ដែលមានបារមីក្នុងប្រទេសកម្ពុជា ថាបើខ្ញុំបានប្រព្រឹត្តអ្វីដូចគេចោទប្រកាន់ សូមឲ្យខ្ញុំស្លាប់៣ថ្ងៃឬ៧ថ្ងៃ ឲ្យឡានបុក រន្ទះបាញ់ខ្ញុំទៅ។
ជាចុងក្រោយនេះ ខ្ញុំបាទសូមសំណូមពរដល់ សម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយរកយុត្តិធម៌ឲ្យខ្ញុំផង នេះជាទីពឹងចុងក្រោយរបស់ខ្ញុំហើយក្នុងពេលនេះ។ ជាចុងក្រោយខ្ញុំបាទ សូមជូនពរសម្តេច ឲ្យសម្តេចទទួលបានជយ័ជំនៈគ្រប់ភារកិច្ច!»។
ជុំវិញករណីសំណុំរឿងរបស់លោក វែង សំសាក់ នេះដែរ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ក៏បានផ្ញើលិខិតមួយច្បាប់ ជូនដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា ដើម្បីសុំការជួយពិនិត្យ និងអន្តរាគមន៍រឿងក្តីនេះផងដែរ ដោយលោករដ្ឋមន្ត្រី លើកឡើងថា រឿងក្តីលោក វែង សំសាក់ ត្រូវបានឈ្មោះ ផែខៀវកាជី ប្តឹង និងចោទប្រកាន់ពីបទ «ប្រើហឹង្សាលើអ្នកកាន់កាប់
អចលនវត្ថុដោយសុច្ចរិត និងបទក្លែងបន្លំឯកសារ សាធារណៈ» កើតចេញពីការគុំគួន ក្នុងរឿងទំនាស់ដីធ្លីជាមួយ ឈ្មោះ ផែ ខៀវកាជី និងការហាមឃាត់ឈ្មោះ ផែ ខៀវកាជី មិនឲ្យកាប់បំផ្លាញព្រៃឈើ ដើម្បីកាន់កាប់ដីលើកំពូលកោះស្រឡៅ ដែលក្នុងនាមជាគាត់ (វែង សំសាក់) ជាមន្ត្រីឧទ្យានុរក្ស មានតួនាទីការពារព្រៃឈើ និងធនធានធម្មជាតិនៅតំបន់នោះ។
តាមលិខិតរបស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានបញ្ជាក់ថា មន្ត្រីបរិស្ថានលោក វែង សំសាក់ មិនដែលបានប្រព្រឹត្តអំពើហឹង្សាណាមួយលើ ឈ្មោះ ផែ ខៀវកាជី នោះទេ ហើយយល់ឃើញថា ការចោទប្រកាន់មកលើលោក វែង សំសាក់ គឺជាទំនាស់រវាងអ្នកចង់កាន់កាប់ដីព្រៃសាធារណៈរបស់រដ្ឋ (ឈ្មោះ ផែ ខៀវកាជី) និង អ្នកខិតខំការពារដីព្រៃសាធារណៈរបស់រដ្ឋ (វែង សំសាក់) ដែលអ្នកកាន់កាប់អចលនវត្ថុនេះ មិនដែលប្រើប្រាស់អាស្រ័យផលអ្វីទេ ព្រោះជាកន្លែងដីព្រៃឈើ និងផ្តល់ប្រភពទឹកសម្រាប់បម្រើ ឲ្យប្រជាជនក្នុងភូមិទាំងមូល ក៏ដូចជាភូមិក្បែរខាងក្នុងរដូវប្រាំង។
លោករដ្ឋមន្ត្រីក្រសួងបិរស្ថាន បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថា លោក វែង សំសាក់ បានបម្រើការងារជាមន្ត្រីឧទ្យានុរក្សអស់រយៈពេល១៥ឆ្នាំហើយ ចាប់ផ្តើមតាំងពីឆ្នាំ២០០០មកម៉្លេះ ហើយគាត់ក៏ត្រូវបានបោះឆ្នោតជាប់ជាគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅតាំងពីឆ្នាំ២០០៤ និងជាប់ជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ នៃគណបក្សប្រជាជនកម្ពុជាផងដែរ។ លោក វែង សំសាក់ ធ្លាប់បានកសាងស្នាដៃជាច្រើន ក្នុងកិច្ចការពារថែរក្សា និងអភិរក្សធនធានធម្មជាតិ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ និងបានលះបង់ទាំងពេលវេលា និងកម្លាំងកាយចិត្ត ក្នុងបុព្វហេតុចូលរួមលើកស្ទួយគុណភាពទាំង បរិស្ថាន និងសង្គមដោយសារទទួលបាន គ្រឿងឥស្សរិយយសការងារពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បណ្ណសរសើរ និងលិខិតសរសើរផងដែរ ។
យ៉ាងណាក៏ដោយ បើទោះបីជាមានការសុំពិនិត្យ និងអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងបិរស្ថាន និងមានឯកសារស្របច្បាប់ត្រឹមត្រូវក្តី ក៏សាលាឧទ្ធរណ៍ ដែលមាន លោក ញូង ធុល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោក ប៉ាក ច័ន្ទសំបូរ ជាចៅក្រមប្រឹក្សា, លោកស្រី យ៉េត ម៉ូលីន ជាចៅក្រុមប្រឹក្សា និង លោកស្រី ម៉ិច ស៉ីហ៊ន ជាក្រឡាបញ្ជី សម្រេចលោក វែង សំសាក់ មន្ត្រីបម្រើជាតិ ដែលជាសមាជិកក្រុមប្រឹក្សាឃុំកោះកាពិ ស្រុកកោះកុង ចាញ់ក្តីយ៉ាងអយុត្តិធម៌។
ពាក់ព័ន្ធរឿងក្នុងនេះ លោក វែង សំសាក់ សូមស្នើឲ្យក្រសួងយុត្តិធម៌ ធ្វើការស៉ើបអង្កេត និងស្រាវជ្រាវស្វែងរកការពិតជូនរូបលោក ឲ្យទទួលបានយុត្តិធម៌ ដើម្បីលុបលាង នូវការខូចខាតរបស់លោកផង៕