(កំពង់ឆ្នាំង)៖ មានមន្ត្រីអាជ្ញាធរមូលដ្ឋាននៅទីរួមខេត្តកំពង់ឆ្នាំង មួយចំនួនដែលមើលឃើញពីភាពមិនប្រក្រតី ពីការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយតាមរយៈ កន្ទេលធំបន្លំដេក ខណៈដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋក្រីក្រ គ្មានដី គ្មានផ្ទះកម្មសិទ្ធិស្របច្បាប់ ក៏សំរេចកាត់ដីខ្លះ នៅតំបន់២ នៃបឹងទន្លេសាបបែងចែកជូនពួកគាត់ធ្វើជាកម្មសិទ្ធិ បែរជាពួកគេឃុបឃិតគ្នាផ្ដល់កម្មសិទ្ធិទៅឲ្យក្រុមហ៊ុនជាច្រើនហិកតានោះ បានទូរស័ព្ឌមកកាន់ ការិយាល័យនិពន្ធ Fresh News សូមឲ្យជួយផ្សាយបានជ្រាបដល់ប្រមុខរាជរដ្ឋាភិបាលដើម្បីលោកមានវិធានការផង។
មន្ត្រីមូលដ្ឋានដែលដឹងរឿងច្បាស់ ថ្លែងសុំមិនឲ្យបញ្ចេញឈ្មោះ បានទូរស័ព្ឌមកកាន់ការិយាល័យនិពន្ធយើង បានរៀបរាប់ប្រាប់នាយខ្វែកថា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ១៨៣ អ ន ក្រ.បក ដោយសំរេចកាត់ដីទំហំ១៧,៥០ហិកតា នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចេញពីដីនៅក្នុងតំបន់២ នៃបឹងទន្លេសាប ដោយក្នុងនោះដីទំហំ១២,៥០ហិកតា សំរាប់ប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋ និងរក្សាទុកជាដីសាធារណៈទំហំ ៥ហិកតា សំរាប់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ស្ថិតនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
រាជរដ្ឋាភិបាលសំរេចឲ្យអាជ្ញាធរខេត្តបែងចែកជូន ប្រជាពលរដ្ឋចំនួន៥២៥ គ្រួសារដែលត្រូវបានផ្លាស់ប្ដូរទីតាំងថ្មីនៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ក្នុងនោះធ្វើការផ្ដល់សិទ្ធិសរុបចំនួន៥៣១ក្បាលដី ដោយ៥២៥ក្បាលដីផ្ដល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន៥២៥គ្រួសារ និង៦ក្បាលដីទៀត ផ្ដល់សិទ្ធិសាងសង់សាលាបុណ្យ១ក្បាលដី, ទីផ្សារ និងចំណតរថយន្ត១ក្បាលដី និងសួនច្បារសាធារណៈ៤ក្បាលដី ស្ថិតនៅភូមិ៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
ប៉ុន្តែក្រោយមកមន្ត្រីអាជ្ញាធរ និងមន្រ្តីជំនាញខេត្ត បានឃុបឃិតគ្នាដោយយោងតាមសំណើ របស់ក្រុមហ៊ុនអិល ខេ អិល បានសំរេចផ្ដល់ប័ណ្ណកម្មសិទ្ធិដី នៅតំបន់២នេះ(ក្រុមទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង) ទំហំ៧១៧៧៣ម៉ែត្រការ៉េ (៧,៧៧៣ហិកតា) ឲ្យទៅក្រុមហ៊ុនធ្វើជាកម្មសិទ្ធិ ខណៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ១៨៣អ ន ក្រ.បក ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ មិនមានមាត្រាណាមួយដែលបានសំរេចឲ្យ អាជ្ញាធរផ្ដល់កម្មសិទ្ធិដីនៅតំបន់២ នៃភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងនេះ ជូនក្រុមហ៊ុនអិល ខេ អិល នោះឡើយ។
ប៉ុន្តែបើយោងតាមសេចក្ដីជូនដំណឹងរបស់សាលាក្រុងកំពង់ឆ្នាំងលេខ០២ ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ស្ដីពីការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យពាក់ព័ន្ធក្បាលដីចំនួន១ ស្ថិតនៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង គឺបានយោងទៅលើតែអនុក្រឹត្យលេខ៤៨ អ ន ក្រ .បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្ដីពីការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ និងអនុក្រឹត្យលេខ ១២១ អ ន ក្រ.បក ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីការកែសម្រួលមាត្រា៩ និងមាត្រា១៣ នៃអនុក្រឹត្យលេខ៤៨ តែប៉ុណ្ណោះ។
ក្នុងនោះក៏មិនមានអនុក្រឹត្យ ផ្សេងក្នុងការធ្វើអនុយោគដីសាធារណៈរបស់រដ្ឋនៅតំបន់២ នៃបឹងទន្លេសាបនេះឲ្យទៅជាដីឯកជនរបស់រដ្ឋ ដើម្បីប្រគល់ទៅអោយក្រុមហ៊ុនអិល ខេ អិល នោះដែរ។
អ្នកទូរស័ព្ឌប្រាប់ បានអះអាងថា ភាពមិនប្រក្រតី មិនមែនមានតែប៉ុណ្ណេះនោះទេ គឺនៅមានច្រើនទៀត រួមទាំងការទារលុយពីប្រជាពលរដ្ឋដែលត្រូវទទួលបានដីដែលរាជរដ្ឋាភិបាលប្រគល់ជូននោះ ក្រោមហេតុផលយកសំរាប់ចាក់ដីជូនប្រជាពលរដ្ឋទៀតផង។
ខាងលើនេះ គឺគ្រាន់តែជាព័ត៌មានតែម្ខាង បានមកពីមន្ត្រីដែលដឹងរឿងលួចខ្សឹបដោយភ្ជាប់ជាមួយឯកសារមួយចំនួនប៉ុណ្ណោះ តែរឿងពិតយ៉ាងណានោះ គេនៅមិន ទាន់ដឹងនៅឡើយទេ ហើយ Fresh News ក៏មិនហ៊ានអះអាងថា ដីជាង៧ហិកតា ដែលគេផ្ដល់កម្មសិទ្ធិជូនក្រុមហ៊ុន អិលខេអិល នៅភូមិទី៦ សង្កាត់ខ្សាមនេះ ស្ថិតនៅក្នុងបរិវេណដីតំបន់២ នៃបឹងទន្លេសាប ឬនៅខាងក្រៅនោះដែរ។
ដោយឡែកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដី ខេត្តកំពង់ឆ្នាំង ដែលជាជំនាញដឹងច្បាស់ក្នុងរឿងនេះជាងគេនោះ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះ Fresh News មិនអាចទាក់ទងដើម្បីសាកសួរព័ត៌មានបានឡើយ៕