(ភ្នំពេញ)៖ អ្នកឯកទេស ផ្នែករោគកុមារទាំងក្នុងប្រទេស និងក្នុងតំបន់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានចូលរួមក្នុងសន្និសីទលើកទី២ ស្តីពី «បច្ចុប្បន្នភាពរោគកុមារវិទ្យានៅកម្ពុជា» ក្នុងការចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធន៍ អំពីបច្ចុប្បន្នភាពរោគកុមារ រួមមានទារកកើតមិនគ្រប់ខែ ជំងឺហឺតលើទារក និងកុមារតូច ជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីត និងជំងឺអូទីស (Autism)។
សន្និសីទលើកទី២ ស្តីពីបច្ចុប្បន្នភាពរោគកុមារវិទ្យានៅកម្ពុជា រៀបចំឡើងដោយ សមាគមគ្រូពេទ្យកុមារកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពរបស់លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានការចូលរួមពីបណ្តាសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ដែលជាសមាជិកសមាគមគ្រូពេទ្យកុមារកម្ពុជាចំនួនជាង៣០០នាក់។
សន្និសីទនេះ ក៏មានការចូលរួមពីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ដែលជាអ្នកជំនាញរោគកុមារ នៃបណ្តាប្រទេសក្នុងតំបន់ ដូចជាសិង្ហបុរី និងឥណ្ឌាជាដើម។
គោលបំណងរបស់សន្និសីទនេះ គឺដើម្បីផ្តល់នូវវេទិកាដល់អ្នកឯកទេស ផ្នែករោគកុមារទាំងក្នុងប្រទេស និងក្នុងតំបន់បានចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធន៏ អំពីបច្ចុប្បន្នភាពរោគកុមារវិទ្យា ដែលទាក់ទងនឹងរបៀបនៃការផ្តល់ចំណីអាហារដល់ទារកដែលកើតមិនគ្រប់ខែ, ការតាមដានការលូតលាស់នៃទារកកើតមិនគ្រប់ខែ, ជំងឺហឺតនៅលើទារក និងកុមារតូច, ជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីត និងជំងឺអូទីស (Autism) នៃកុមារ។
អ្នកឯកទេសទាំងនោះ បានជួយផ្តល់នូវចំណេះដឹងថ្មីៗ ទាក់ទងនឹងរោគកុមារ ដើម្បីឲ្យសិក្ខាកាមទាំងអស់ អាចទាញយកសារសំខាន់ សម្រាប់ប្រើជាប្រយោជន៍ក្នុងការថែទាំ និងព្យាបាលកុមារកម្ពុជាឲ្យកាន់តែប្រសើរ។
* ទឹកដោះម្តាយមានសារសំខាន់ចំពោះទារក ជាពិសេសទារកដែលកើតមិនគ្រប់ខែ។ ទារកដែលកើតមិនគ្រប់ខែ មិនទាន់ចេះបៅដោះនៅឡើយ ដូចនេះគ្រូពេទ្យត្រូវតែផ្តល់ទឹកដោះម្តាយជាបន្ទាន់ តាមបំពង់ឲ្យដល់ក្រពះទារកតែម្តង។
* ទារកដែលកើតមិនគ្រប់ខែ មានផលវិបាកច្រើនណាស់ ដែលប៉ះពាល់ទៅលើការលូតលាស់ ទៅអនាគតរបស់គេ។ ដូចនេះគ្រូពេទ្យត្រូវតែចេះ ពីរបៀបនៃការតាមដានការលូតលាស់ នៃទារកកើតមិនគ្រប់ខែ ដែលមានសារប្រយោជន៏ ដើម្បីធ្វើការថែទាំ ព្យាបាលឲ្យគេមានការលូតលាស់ល្អតាមមាត្រដ្ឋាន។
* ជំងឺហឺតនៅលើទារក និងកុមារតូច ក៏ជាចំណោទរបស់គ្រូពេទ្យកុមារដែរ។ ការតាដាន និងព្យាបាលជំងឺហឺតនេះ មានសារសំខាន់ណាស់ ដើម្បីធានាឲ្យកុមារ មានការលូតលាស់ជាប្រក្រតី ដោយមិនវិវត្តទៅរកជំងឺសួតរុំារ៉ៃ ដែលនឹងអាចបណ្តាលឲ្យកុមារស្លាប់បាន។
* ជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីត គឺជាជំងឺពីកំណើត។ កង្វះអ័រម៉ូននេះ មានការប៉ះពាល់ទៅលើការលូតលាស់ ផ្នែករាងកាយ បញ្ញា ស្មារតីរបស់កុមារ។ ដូចនេះការតាមដាន និងការផ្តល់អ័រម៉ូនទីរ៉ូអ៊ីត ជាប្រចាំដល់កុមារ ដែលមានកង្វះអ័រម៉ូននេះ ដើម្បីធានាការលូតលាស់ របស់កុមារមានភាពប្រហាក់ប្រហែលកុមារធម្មតា។
* ជំងឺអូទីស (Autism) នៃកុមារ គឺជាជំងឺផ្លូវចិត្តកុមារ ដែលមិនសួវមានគេស្គាល់វា ទោះជាគ្រូពេទ្យក៏ដោយ។ វាជាការវិវត្តមិនប្រក្រតីនៃស្មារតីរបស់កុមារ ដូចជាកុមារមិនចូលចិត្ត និយាយស្តីនឹងអ្នកដទៃ ទោះជាប៉ាម៉ាក់គេក៏ដោយ មិនមានទំនាក់ទៅនង នឹងសង្គមជុំវិញគេ។ល។ ករណីដូចនេះ ត្រូវនាំកុមារទៅអោយគ្រូពេទ្យចិត្តសាស្ត្រជំនាញ ដើម្បីព្យាបាល។
លោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យកុមារកម្ពុជា បានសំណូមពរឲ្យសមាជិកសន្និសីទទាំងអស់ ដាច់ខាតត្រូវតែប្រកាន់ខ្ជាប់ខ្ជួន នូវក្រមសីលធម៍វិជ្ជាជីវៈជាគ្រូពេទ្យ និងម៉្យាងទៀពាំនាំនូវចំណេះដឹងថ្មីៗ ដើម្បីផ្សព្វផ្សាយ ដល់សហភាតរៈផ្សេងទៀត ក្នុងការចូលរួមចំណែកធ្វើឲ្យកាន់តែល្អប្រសើរ ដល់សុខភាពរបស់កុមារ៕