(កណ្តាល)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកមុខកំពូល នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានដឹកនាំកិច្ចប្រជុំវាយតម្លៃ និងបូកសរុបលទ្ធផលការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ ដើម្បីដកស្រង់បទពិសោធន៍ ត្រៀមរៀបចំផែនការការងារ រក្សាភាពដឹកមុខរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨។
លោក វង្សី វិស្សុត បានសម្ដែងនូវអំណរគុណ ការវាយតម្លៃខ្ពស់ ចំពោះការខិតខំយ៉ាងសស្រាក់សស្រាំ ពីមន្រ្តីបក្សគ្រប់លំដាប់ទាំងមកពីថ្នាក់កណ្តាល និងទាំងអ្នកនៅមូលដ្ឋានផ្ទាល់ ដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជា។
លោកប្រធានក្រុមការងារ បានបន្ថែមថា តាមរយៈការដកស្រង់បទពិសោធន៍ នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ក្នុងឆ្នាំ២០១៧នេះ និងដោយផ្អែកលើភូមិសាស្រ្តនយោបាយ ចរន្ត ចិត្តសាស្រ្តនយោបាយ ក្នុងពេលបច្ចុប្បន្ននេះ គឺត្រូវតែបន្តពង្រឹកចំណុចខ្លាំង ឲ្យកាន់តែខ្លាំងក្លាថែមទៀត និងកែលំអរចំណុចខ្វះខាតទាំងឡាយ ដើម្បីជំរុញការជឿជាក់ និងជំរុញបង្កើនសន្ទុះនៃការគាំទ្ររបស់ប្រជាជន មកលើគណបក្សប្រជាជនកម្ពុជា សម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ ឲ្យទទួលបានជោគជ័យ។
លោកក៏បានណែនាំដល់ មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវបន្តរួមដៃគ្នា ចុះមូលដ្ឋានឲ្យកាន់តែសកម្មជាងមុនគ្រប់ទីកន្លែង ជាពិសេសនៅតាមខ្នងផ្ទះ និងទីតាំងការងារ ត្រូវបន្តធ្វើអំពើល្អ បម្រើប្រជាជនដោយភាពស្មោះត្រង់ ហើយត្រូវខិតខំដោះស្រាយបញ្ហានានា នៅក្នុងមូលដ្ឋានរបស់ខ្លួនដោយរួសរាន់ពេលវេលា។
លោក វង្សី វិស្សុត ក៏បានត្រៀមនូវយុទ្ធសាស្រ្ត វិធានការសកម្មភាពការងារជាក់ស្តែងមួយចំនួន ដើម្បីថែរក្សា និងបង្កើនសន្ទុះ នៃការគាំទ្រមកលើគណបក្សប្រជាជនកម្ពុជា នៅស្រុកមុខកំពូលបន្ថែមទៀត ជាពិសេសក្នុងស្រទាប់យុវជន និងក្រុមអង្គបោះឆ្នោតជាក់លាក់មួយចំនួនឲ្យកាន់តែច្រើនឡើង នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ។
យោងតាមលទ្ធផលបណ្តោះអាសន្ន របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកមុខកំពូល បានទទួលសម្លេងឆ្នោតគាំទ្រ សរុបចំនួន១៩,៧៧០សម្លេង ឬស្មើនឹង៥១,៣៥ % នៃសន្លឹកឆ្នោតបានការ៕