(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងថ្មី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកោះកុង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមបើកវគ្គបំប៉ន ដល់សិស្សានុសិស្ស សម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិឆ្នាំសិក្សា (បាក់ឌុប) ២០១៦-២០១៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ខាងមុននេះ។
ពិធីបើកវគ្គបំប៉ននេះ មានការចូលរួមពីសំណាក់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ប្រមាណជិត២០០នាក់។
លោក ង៉ែត ឡឹក ប្រធានមន្ទីរអប់រំខេត្ត បានអាននូវរបាយការណ៍ ពីទូរលេខសិស្ស និងត្រៀមប្រឡងសម្រាប់ឆ្នាំ២០១៧នេះថា សិស្សត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០១៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែសីហាខាងមុខនេះ ក្នុងនោះមាន៣មណ្ឌល មានបេក្ខជនត្រៀមប្រឡងសរុបចំនួន៧៧០នាក់ ស្រី៣៥៤នាក់។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងថ្មី បានធ្វើផ្តាំផ្ញើ ដល់សិស្សានុសិស្សថា សូមឲ្យប្អូនៗក្មួយៗ ខិតខំយកចិត្តទុកដាក់ក្នុងការ សិក្សាក្រេប ចំណេះដឹងពីព្រឹទ្ធាចារ្យ លោកគ្រូ-អ្នកគ្រូ ដែលគាត់បង្ហាត់បង្រៀនយើងរាល់ថ្ងៃ ដូច្នេះប្អូនៗក្មួយៗ ត្រូវយកចំណេះដឹង ទៅបង្កើនធនធានមនុស្សខ្លួនឯងបន្ថែមទៀត ដើម្បីបង្កើនចំណេះដឹងព្រោះប្អូនៗក្មួយៗ ជាទំពាំងស្នងឫស្សី សម្រាប់ដឹកនាំប្រទេស និងអភិវឌ្ឍន៍ប្រទេសទៅថ្ងៃអនាគត។
លោកស្រីបានបន្តទៀតថា ចំណេះដឹងនេះ ដែលធ្វើឲ្យយើងឈានទៅរកផ្លូវដ៏ល្អមួយសង្គម និងសម្រាប់ប្រទេសជាតិផង សម្រាប់ក្រុមគ្រួសារនិងខ្លួនផង ហេតុដូច្នេះប្អូនៗក្មួយៗទាំងអស់ ត្រូវយកចិត្តទុកក្នុងការសិក្សា ហើយត្រូវជៀសឲ្យផុតពីគ្រៀងញៀន។
លោកស្រីអភិបាលខេត្ត បានបញ្ជាក់ថា វគ្គបំប៉នចំណេះដឹងបន្ថែមថ្ងៃនេះ ពិសេសណាស់សម្រាប់ប្អូនៗក្មួយៗ ដើម្បីត្រៀមខ្លួនសម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ ដែលនឹងជិតឈានមកដល់៕