(តាកែវ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ ហ៊ុន សែន រួមជាមួយក្រុមការងារចុះជួយឃុំពោធិ៍រំចាក នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានសហការគ្នាចុះពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។
សកម្មភាពមនុស្សធម៌ ប្រកបដោយការយកចិត្តទុកខ្ពស់នេះ ត្រូវបានដឹកនាំដោយលោក ហ៊ុន ម៉ាណែត ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ និងលោក ហេង សួរ អនុប្រធានគណៈពង្រឹងស្រុកព្រៃកប្បាស និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពោធិ៍រំចាក។
ការផ្ដល់សេវាពិនិត្យព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋនៅឃុំពោធិ៍រំចាក នាថ្ងៃនេះ ទទួលបានការគាំទ្រ និងសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការចូលរួមពិនិត្យ និងព្យាបាលជំងឺយ៉ាងច្រើនកុះករ ក្នុងនោះមានប្រជាពលរដ្ឋចូលរួមប្រមាណ ៣,០០០នាក់។
លោក ហ៊ុន ម៉ាណែត បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាទេ តែបានធ្វើគ្រប់បែបយ៉ាង ដើម្បីបម្រើជូនប្រជាពលរដ្ឋគ្រប់ៗគ្នា តួយ៉ាងដូចការចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ នាពេលនេះជាដើម។
លោកបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានជឿទុកចិត្តជាមួយគណបក្សប្រជាជនកម្ពុជា និងបានបោះឆ្នោតជូនបេក្ខជនគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ កន្លងទៅ។
តាមមតិរបស់ប្រជាពលរដ្ឋមូលដ្ឋាន ពួកគាត់មានភាពសប្បាយរីករាយយ៉ាងខ្លាំង នៅពេលបានទទួលសេវាពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃបែបនេះ។
ពួកគាត់បានបញ្ជាក់ថា សេវាពិនិត្យព្យាបាលជំងឺនេះ គឺក្រុមគ្រូពេទ្យមានការយកចិត្តទុកដាក់ចំពោះពួកគាត់បានយ៉ាងល្អ ខណៈថ្នាំសង្កូវដែលទទួលបាន ក៏គ្រប់គ្រាន់តាមវេជ្ជបញ្ជាផងដែរ។
សូមជម្រាបថា ក្រោមការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែង សម្ដេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឲ្យចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ បានយ៉ាងច្រើនជាបន្តបន្ទាប់។
ម្យ៉ាងវិញទៀត ក្រោមការទំនុកបម្រុងយ៉ាងដិតដល់ ពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្ទមុនី ប្រជាពលរដ្ឋមួយចំនួន ដែលអ្នកខ្លះកើតជំងឺដល់ដំណាក់កាលចុងក្រោយហើយនោះ ក៏ទទួលបានការព្យាបាលជំងឺដោយឥតគិតថ្លៃ យ៉ាងយកចិត្តទុកដាក់ រហូតដល់ជាសះស្បើយផងដែរ។