(ភ្នំពេញ)៖ ឆ្លងកាត់ធ្វើបទបង្ហាញដោយផ្ទាល់ នៅចំពោះមុខចៅក្រម ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ មានតែបេក្ខជនចំនួន១២ប៉ុណ្ណោះ ដែលបានជាប់ បន្តទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមពានរង្វាន់ កម្មវិធីពានរង្វាន់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៍មានកម្ពុជា ២០១៧ (Cambodia ICT Awards 2017) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧។
តំណាងអ្នករៀបចំកម្មវិធីបានបញ្ជាក់ថា ការប្រកួតនេះ នឹងត្រូវជ្រើសរើសយកម្ចាស់ជយលាភីលេខ១ លេខ២ និងលេខ៣ ជាមួយទឹកប្រាក់រង្វាន់យ៉ាងច្រើនរហូតដល់១ម៉ឺនដុល្លារ និងតំណាងឲ្យកម្ពុជា ចូលរួមការប្រកួតថ្នាក់អាស៊ានថែមទៀតផង។
តំណាងអ្នករៀបចំដដែលបានបញ្ចាក់ថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីរកឃើញម្ចាស់ជយលាភីលេខ១ ដល់លេខ៣ហើយ ការប្រកាស និងផ្តល់ពានរង្វាន់នឹងត្រូវរៀបចំឡើង នៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅបរិវេណទីធ្លាសារមន្ទីរជាតិ។
សូមជម្រាបថា Cambodia ICT Awards 2017 នៅឆ្នាំនេះ មានបេក្ខជនតំណាងឲ្យក្រសួង និងក្រុមហ៊ុនចំនួន៣៧ បានដាក់ពាក្យចូលរួមប្រកួត។ នៅក្នុងវគ្គជម្រុះដំបូង គណៈកម្មការ ធ្វើការជ្រើសរើស បេក្ខជនតំណាងក្រសួង និងក្រុមហ៊ុនចំនួនតែ២៦ប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧។
ពាន់រង្វាន់ Cambodia ICT Awards ឆ្នាំនេះអ្នកដែលទទួលបានជយលាភីលេខ១ ទទួលបានថវិកាចំនួន១ម៉ឺនដុល្លារ (ឆ្នាំមុន៥ពាន់ដុល្លារ) ជយលាភីលេខ២ ទទួលបាន៣ពាន់ដុល្លារ និងលេខ៣ ទទួលបានទឹកប្រាក់១ពាន់ដុល្លារ។
ម្ចាស់ជយលាភីនៃការប្រកួតប្រជែង កម្មវិធី Cambodia ICT Awards នឹងត្រូវទៅចូលរួមប្រកួតប្រជែង ម្ចាស់ជយលាភី ICT Awards មកពីបណ្តាលប្រទេសក្នុងតំបន់អាស៊ាន ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះផងដែរ។