(ភ្នំពេញ)៖ ស្រ្តីទុរគតម្នាក់ មានជំងឺមហារីកដំណាក់កាលចុងក្រោយ គ្មានប្រាក់ព្យាបាលជំងឺ កំពុងមានខ្វះខាតក្នុងជីវភាពយ៉ាងខ្លាំង ដោយរស់នៅផ្ទះជួលជាមួយបងស្រីជាជនពិការ រកព្រឹកខ្វះល្ងាច បានដង្ហោយរកការសណ្តោសប្រណី ពីសប្បុរសជន ដើម្បីអាចបន្តជីវិត។
ស្ត្រីទុរគតកំពុងញុំញីដោយជំងឺមហារីក.ក ដំណាក់កាលចុងក្រោយនេះ មានឈ្មោះ ឃុត ឈីង អាយុ៤៥ឆ្នាំ ជាស្ត្រីក្រមុំចាស់ រស់នៅផ្ទះជួលជាមួយបងស្រីពិការ នៅសង្កាក់ទឹកថ្លា ខណ្ឌនសែនសុខ នៅម្ដុំក្រោយផ្សារទឹកថ្លា រាជធានីភ្នំពេញ។
ថ្លែងប្រាប់អង្គភាព Fresh News តាមទូរស័ព្ទជាមួយសំឡេងខ្សាវៗស្តាប់មិនចង់បាន ស្ត្រីឈ្មោះ ឃុត ឈីង បាននិយាយថា គាត់មានជំងឺមហារីកដំណាក់កាលចុងក្រោយ ដោយគ្មានប្រាក់ទិញថ្នាំ សម្រាប់ព្យាបាលជំងឺ និងជំពាក់ប្រាក់អ្នកជិតខាង ដោយសារតែខ្ចីមកទិញថ្នាំ និងចាយវាយប្រចាំថ្ងៃ។ ដូច្នេះមានតែម្រាមដៃដប សូមអំពាវនាវដល់សប្បុរសជននានា មេត្តាជួយគាត់ផងទោះជាថវិកា សម្ភារៈប្រើប្រាស់ ឬថ្នាំព្យាបាលជំងឺរបស់គាត់ក៏បានដែរ។
អ្នកជិតខាងស្រ្តីទុរគតខាងលើ បានរៀបរាប់ប្រាប់ Fresh News ថាដោយអាណិតអាសូរ ចំពោះស្ត្រីឈ្មោះ ឃុត ឈីង ដែលមានជំងឺមហារីក រស់នៅជាមួយបងស្ត្រីជាជនពិការ និងបានស្តាប់លឺគាត់និយាយថា គាត់ស្លាប់ហើយ បើគ្មានថ្នាំព្យាបាលជំងឺនោះទេ គឺរស់នៅបានតែ១ខែប៉ុណ្ណោះ ប្រសិនបើមានថ្នាំព្យាបាលគាត់អាចរស់នៅបានមួយឆ្នាំទៀត ទើបអ្នកស្រីបានជួយតាមលទ្ធភាពបន្តិចបន្ទួច។ឮ
ជាមួយគ្នានេះ អ្នកជិតខាងរូបនោះ បានអំពាវនាវសូមឲ្យ បងប្អូនសប្បុរសជននានា មេត្តាជួយឧបត្តម្ភដល់ ស្ត្រីដែលកំពុងមានជំងឺមហារីកនេះផង ដើម្បីឲ្យគាត់អាចបន្តជីវិតបានមួយរយៈពេលទៀត។
សប្បុរសជន អាចទាក់ទងផ្តល់ការឧបត្ថម្ភទៅស្រ្តីទុរគត ឈ្មោះ ឃុត ឈីង ដោយផ្ទាល់បាន តាមរយៈលេខទំនាក់ទំន ០១២ ៧១៣ ៨៤២៕