(ព្រៃវែង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានប្រារព្ធមីទ្ទិញខួបលើកទី១៥៤ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលពិធីនេះប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង។
ពិធីនេះត្រូវបានរៀបចំឡើង ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងសប្បុរសជន សិក្សានុសិស្សជាច្រើនរូបផងដែរ។
លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខា បានឲ្យដឹងថា ក្នុងរយ:ពេល១ឆ្នាំ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានផ្តល់អំណោយជាស្បៀង និងសម្ភារៈសរុប២,៥២៧គ្រួសារ ក្នុងនោះការឆ្លើយតបគ្រោះមហន្តរាយចំនួន ២៨៨គ្រួសារ សុខភាពនិងការថែទាំសុខភាពសហគមន៍ចំនួន ២,២១២គ្រួសារ និងចុះប្រគល់ផ្ទះបានចំនួន ២៧ខ្នង ស្មើនឹង២៧គ្រួសារ។ អំណោយទាំងនោះបានមកពីកាកបាទក្រហមកម្ពុជា ចំនួន១,៨០៦គ្រួសារ អំណោយសាខា ចំនួន៣៦០គ្រួសារ និងអំណោយអនុសាខាក្រុង ស្រុក ទាំង១៣ ចំនួន៣៦១គ្រួសារ។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានថ្លែងថា ដោយមានការណែនាំពីសម្តេចកិតិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានយកចិត្តទុកដាក់ជួយបងប្អូនប្រជាជលរដ្ឋដែលមានជីវភាពជួបការលំបាក ផ្ទុកមេរោគអេដស៍ និងប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ នាពេលកន្លងមកបានទាន់ពេល ដោយបញ្ជាក់ថា ទីណាមានទុកលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជានិច្ច។
នាយឧត្តមសេនីយ៍ នេត សាវឿន បន្ថែមថា ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ដែលបំពេញការងារមនុស្សធម៌ដោយផ្អែកលើគោលការណ៍គ្រឹះទាំង៧គឺមាន៖ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។
មួយវិញទៀត ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ក៏បានផ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួមថវិការជាមួយសាខាកាកបាទក្រហមខេត្ត ដើម្បីប្រតិបត្តិការរបស់កាកបាទក្រហមកម្ពុជា ស្ថិតក្នុងវិស័យស្នូល៤គឺ៖ ទី១៖គ្រប់គ្រងគ្រោះមហន្តរាយ, ទី២៖សុខភាព និងការថៃទាំសុខភាពក្នុងសហគមន៍, ទី៣៖លើកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និង៤៖អភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធាន។
សូមបញ្ជាក់ថា ក្នុងពិធីមីទ្ទីញអបអសាទរខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភានេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានប្រមូលមូលថវិកាពីសប្បុរសជនចូលរួមបានសរុបជិត២០ម៉ឺនដុល្លារ៕