(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា រម្លឹកឡើងវិញអំពីការរត់គេចខ្លួនរបស់ លោក សម រង្ស៊ី ចំនួន៤លើក ចាប់តាំងពី បង្កើតគណបក្សនយោបាយ កាលពីឆ្នាំ១៩៩៥ ដោយខ្លួនឯងមក។ លោកចាត់ទុកថា ការរត់គេចខ្លួននោះ មិនមែនជាវីរភាពនោះទេ ប៉ុន្តែជាគំរូអាក្រក់ កំសាក មិនហ៊ានទទួលខុសត្រូវចំពោះទង្វើខ្លួនឯងប៉ុណ្ណោះ។
ជាមួយនឹងការបញ្ជាក់តាមសារអេឡិចត្រូនិច នៅថ្ងៃសៅរ៍នេះ លោក សុខ ឥសាន បានវាយប្រហារជាថ្មីដល់អតីតមេដឹកនាំគណបក្សប្រឆាំង ដែលទើបនឹងទទួលភាពអាម៉ាស ដោយសារតែមិនហ៊ានអនុវត្តតាមសម្តីខ្លួនឯង ដែលលើកឡើងថា នឹងចូលប្រទេស បើសិនរដ្ឋាភិបាលដកបំរាម នាថ្មីៗនេះ។ លោក សុខ ឥសាន បានកត់សម្គាល់ថា ២២ឆ្នាំមកនេះ បន្ទាប់ពីចូលប្រឡូកក្នុងនយោបាយ លោក សម រង្ស៊ី មិនដែលមានភាពក្លាហានម្តងណាទេ ផ្ទុយទៅវិញ អតីតមេដឹកនាំបក្សប្រឆាំងនេះ បានរត់ទៅក្រៅប្រទេស ចំនួន៤ដងហើយ តែមិនមែនរត់ដើម្បីរកមធ្យោបាយរំដោះប្រទេសអ្វីនោះទេ គឺគ្រាន់តែមិនហ៊ានអនុវត្តទោសក្នុងពន្ធនាគារប៉ុណ្ណោះ។
លោក សុខ ឥសាន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារនយោបាយអរិភាពនៅក្នុងសង្គមជាតិ និងធ្វើសកម្មភាពល្មើសច្បាប់ សម រង្សី បានរត់ភៀសខ្លួន ទៅក្រៅប្រទេស ជាបន្តបន្ទាប់ ចាប់តាំងពីបាន បង្កើតគណបក្សជាតិខ្មែរពីឆ្នាំ១៩៩៥ មក។ ការរត់ភៀសខ្លួននេះ មិនមែនដើម្បីរកមធ្យោបាយ រំដោះប្រទេស ឲ្យរួចផុតពីការឈ្លានពាន ឬជិះជាន់ណាមួយទេ តែគឺជាការរត់ភៀសខ្លួន គេចចេញពីសំណាញ់ច្បាប់ដែល សម រង្សី បានប្រព្រឹត្តល្មើសរំលោភច្បាប់ ហើយខ្លាចជាប់គុកតែប៉ុណ្ណោះ។ ដូច្នេះសកម្មភាព រត់ចោលស្រុករបស់ សម រង្សី មិនមែនជាវីរភាពស្អីទេ តែគឺជាទ្វើកំសាក ប្រព្រឹត្តខុសច្បាប់ហើយ មិនហ៊ានទទួសខុសត្រូវ បែរជារត់ផាស់ក្រញ៉ាំយករួចខ្លួនទៅវិញ»។
លោក សុខ ឥសាន បានបន្ថែមទៀតថា ពេលនេះ លោក សម រង្សី ត្រូវបានមហាជន ដាក់ឈ្មោះឲ្យថាជាជនកំសាកបំផុត ដោយសារបង្កើតបញ្ហាហើរត់យករួចខ្លួន មិនហ៊ាននៅទទួលខុសត្រូវចំពោះទង្វើខុសច្បាប់របស់ខ្លួន ហើយអតីតមេដឹកនាំបក្សប្រឆាំងនេះ អាងអី អាងតែមានសញ្ជាតិ២ លិខិតឆ្លងដែន២ ដែលជាមធ្យោបាយល្អ សម្រាប់ ជាជម្រើសរត់ទៅក្រៅប្រទេស។
សូមបញ្ជាក់ថា លោក សម រង្ស៊ី បាននិរទេសខ្លួនឯងទៅក្រៅប្រទេសជាថ្មីម្តងទៀត កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៥ គ្រាដែលតុលាការក្រុងភ្នំពេញ ចេញដីកាឱ្យចាប់ខ្លួន តាមសំណើរបស់ដើមបណ្តឹង ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលសុំឱ្យតុលាការអនុវត្តសាលដីកា រឿងបរិហាកេរ្តិ៍សាធារណៈ និងញុះញង់ឲ្យមានការរើសអើង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨។
រហូតដល់ពេលនេះ លោក សម រង្ស៊ី ត្រូវបានតុលាការ កាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ពាក់ព័ន្ធនឹងខាងលើ ហើយត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំ ពាក់ព័ន្ធនឹងករណីក្លែងឯកសារព្រំដែនកម្ពុជា-វៀតណាមផងដែរ។ ក្រៅពីនេះ លោក សម រង្ស៊ី ក៏កំពុងជាប់ពាក់ព័ន្ធនឹងបណ្តឹងជាច្រើនករណី ដែលមិនទាន់កាត់ទោស។
កាលពីប៉ុន្មានថ្ងៃមុនេះ លោក សម រង្ស៊ី បាននិយាយថា លោកនឹងត្រឡប់មកកម្ពុជាភ្លាម បើរដ្ឋាភិបាលដកបម្រាមដែលហាមយន្តហោះដឹកលោកត្រឡប់មកកម្ពុជា ប៉ុន្តែបន្ទាប់ពី រាជរដ្ឋាភិបាលដកបម្រាមនេះ បែរជាលោកប្រកាសវិញថា លោកមិនទាន់មកកម្ពុជាទេ ដរាបណា អ្វីៗត្រូវបានដោះស្រាយដើម្បីសុវត្ថិភាព និងសេរីភាពរបស់លោក៕