(កំពង់ចាម)៖ បន្ទាប់ពីកម្លាំងនគរបាលខេត្តកំពង់ចាម បានប្រទះឃើញរថយន្ដមួយគ្រឿង ដែលជនសង្ស័យបានយកមកប្លុងចោល ក្រោយបាញ់ប្លន់សម្លាប់ជនរងគ្រោះនៅស្រុកស្ទោងនោះ, លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងខេត្តកំពង់ចាម ទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងនៅមុននេះបន្ដិចថា ក្រោយកម្លាំងជំនាញបានធ្វើការឆែករថយន្ដនោះ រកឃើញអាវុធខ្លី មួយដើម ម៉ាក K54 ដែលជារបស់ជនសង្ស័យ ហើយបានសន្និដ្ឋានថា ពិតជាករណីប្លន់សម្លាប់យករថយន្ដពិតប្រាកដមែន។
នៅព្រឹកមិញ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការខេត្តកំពង់ធំ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា រថយន្ដរបស់ជនរងគ្រោះដែលជំនាញបានដាក់ការសង្ស័យថា ជាករណីប្លន់សម្លាប់យករថយន្ដ ហើយទម្លាក់សពជនរងគ្រោះនៅស្រុកស្ទោងនោះ ពេលនេះត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម ប្រទះឃើញដោយជនសង្ស័យយកមកប្លុងចោល ហើយរត់គេចខ្លួនបាត់។
លោកស្នងការបន្ថែមថា ពេលនេះកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កំពុងសហការគ្នាជាមួយកម្លាំងជំនាញខេត្តកំពង់ចាម ដើម្បីធ្វើការស្រាវជ្រាវបន្ដទៀត។
ជាមួយគ្នានេះ លោកឧត្តសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងខេត្តកំពង់ចាម ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា រថយន្ដដែលសង្ស័យជាករណីប្លន់នៅខេត្តកំពង់ធំនោះ ត្រូវបានជនសង្ស័យយកមកប្លុងចោលនៅ ជិតសាលារៀន ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។
បើតាមលោកស្នងការរងរូបនេះ ដើមឡើយប្រជាពលរដ្ឋដែលនៅក្បែរនោះ បានឃើញបុរសម្នាក់បើករថយន្ដ ម៉ាក Lexus RX300 ព័ណ៌ស ពាក់ស្លាកលេខភ្នំពេញ2AO-1554 ដោយឈប់ដើម្បីចុះនោម ក្រោយមកក៏បាត់ខ្លួនអ្នកបើកបរតែម្ដង ដោយមិនឡើងជិះរថយន្ដវិញសោះ ហើយពេលនេះត្រូវបានកម្លាំងជំនាញ កំពុងធ្វើការស្រាវជ្រាវបន្ដទៀត។
សូមជម្រាបថា កម្លាំងសមត្ថកិច្ចស្រុកស្ទោង បានប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់យ៉ាងអាណោចអាធ័ម នៅជិតស្ពានគោលខាងកើត ស្ថិតនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលហេតុការណ៍នេះ ត្រូវបានសមត្ថកិច្ចបានដាក់ការសង្ស័យថា ជាអំពើឃាតកម្ម ដើម្បីប្លន់យករថយន្តរបស់ជនរងគ្រោះ។
លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល បានបញ្ជាក់ថា បើតាមអត្តសញ្ញាណប័ណ្ណ និងប័ណ្ណបើកបរ សពបុរសម្នាក់នេះ មានឈ្មោះ ធឿន ឡាវី កើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៧៩ ទីលំនៅបច្ចុប្បន្នផ្ទះលេខ 9B ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕