(វៀតណាម)៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភាវៀតណាម នារសៀលថ្ងៃទី២៣ ខែមិថុនា ដែលជាថ្ងៃទី១ នៃដំណើរទស្សនកិច្ច របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅលើទឹកដីប្រទេសជិតខាងនេះ លោកស្រី ង្វៀន ធីគីមងិន បានចូលរួមអបអរសាទរចំពោះប្រទេសកម្ពុជា ដែលបានរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន កាលពីដើមខែឧសភាកន្លងទៅថ្មីៗនេះ ទទួលបានជោគជ័យ។
លោកស្រីចាត់ទុកថា នេះជាកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ និងជាឱកាសល្អមួយ ឲ្យកម្ពុជាទទួលបានការចាប់អារម្មណ៍ ពីអ្នកវិយោគបរទេសបន្ថែមទៀត។
ការអបអរសាទររបស់ប្រធានរដ្ឋសភាវៀតណាម ចំពោះការជោគជ័យរបស់កម្ពុជាមួយទៀត គឺកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ បានជោគជ័យ សម្រាប់លោកស្រីប្រធានរដ្ឋសភាវៀតណាម ជោគជ័យនេះ ជាលទ្ធភាពសំខាន់មួយដែលនាំឲ្យកម្ពុជា ទទួលជោគជ័យទៀត ក្នុងការរៀបចំការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០១៨ខាងមុខទៀត។
លោកស្រី ង្វៀន ធីគីមងិន បានសាទរចំពោះរដ្ឋាភិបាលកម្ពុជា និងវៀតណាម ដែលបានសម្រេចក្នុងការបោះបង្គោលព្រំដែនរួមគ្នា សម្រេចបានប្រមាណជាង៨០ភាគរយនាពេលនេះ ហើយនឹងឈានទៅសម្រេចបានទំាងស្រុង ក្នុងពេលឆាប់ៗនេះ។ លោកស្រីប្រធានរដ្ឋសភា បានជំរុញដល់សម្តេច ហេង សំរិន ជួយគំាទ្រ និងលើកទឹកចិត្ត ដល់រដ្ឋាភិបាលប្រទេសទំាងពីរ ឲ្យបង្កើនកិច្ចសហប្រតិបត្តិការគ្នាបន្ថែមទៀត លើវិស័យសន្តិសុខតាមព្រំដែន ពាណិជ្ជកម្ម និងសូមឲ្យរដ្ឋសភាកម្ពុជា វៀតណាមគំាទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាអន្តរសភាទំាងក្នុងតំបន់ និងពិភពលោក។
នៅក្នុងជំនួបពិភាក្សាការងារនេះ ប្រធានរដ្ឋសភាកម្ពុជា បានវាយតំលៃខ្ពស់ ចំពោះសមិទ្ធិផលដ៏ធំធេងដែលរដ្ឋាភិបាល និងប្រជាជនវៀតណាមសម្រេចបាន ក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងយ៉ាងឆាប់រហ័ស។
សម្តេចមានជំនឿថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម ដែលមានលោក ង្វៀន ភូជុង ជាអគ្គលេខាធិការបក្ស, លោក ត្រាន់ ដៃក្វាង ប្រធានរដ្ឋ, លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តី និងលោកស្រីផ្ទាល់ ជាប្រធានរដ្ឋសភា ប្រជាជនវៀតណាម នឹងទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងដំណើរការជម្រុញ ឧស្សាហូបនីយកម្ម និងទំនើបនីយកម្ម ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិកាន់តែខ្លាំងខ្លាថែមទៀត៕