(វៀតណាម)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា និងលោកស្រី ង្វៀន ធីគីមងិន (Nguyen Thi Kim Ngan) បានអបអរសាទរចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ដែលមានការរីកចម្រើនយ៉ាងរឹងមាំ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នាពេលបច្ចុប្បន្ននេះ។ ជាពិសេសប្រធានរដ្ឋសភាប្រទេសទំាងពីរ បានសាទរចំពោះចំណងការទូតកម្ពុជា-វៀតណាម ដែលបានឈានដល់ខួបទី៥០ឆ្នាំ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះ។
ការអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសកម្ពុជា និងវៀតណាម របស់ប្រធានស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា វៀតណាមនេះ បានកើតមាននៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី ដែលបានធ្វើឡើងនៅវិមានរដ្ឋសភាវៀតណាម ក្នុងទីក្រុងហាណូយ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ខណៈសម្តេច ហេង សំរិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។
ក្នុងជំនួបពិភាក្សាការងារនោះទំាង លោកស្រី ង្វៀន ធីគីមងិន និងសម្តេច ហេង សំរិន បានលើកឡើងថា «យើងពិតជាមានមោទនភាពបំផុត ក្នុងរយៈពេល ៥០ឆ្នាំកន្លងមកនេះ ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-វៀតណាម មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ គ្រប់កម្រិត ក្នុងស្មារតីភាតរភាព ស្និទ្ធស្នាល ក្រោមពាក្យស្លោក អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការស្អិតរមួត និងយូរអង្វែង»។
សូមជម្រាបថា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧-ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ គឺជាខូបទី៥០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងវៀតណាម។ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រទេសវៀតណាម នឹងរៀបចំកម្មវិធីអបអរសាទរខូបលើកទី៥០ នេះ នៅក្នុងប្រទេសវៀតណាម នៅឯសាលមហាស្រពជាតិវៀតណាម ហើយសម្តេច ហេង សំរិន គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ថ្នាក់ដឹកនាំរដ្ឋសភា រដ្ឋាភិបាលវៀតណាម ប្រជាជនវៀតណាម យ៉ាងច្រើនកុះករនឹងមានវត្តមាននៅក្នុងកម្មវិធីនោះដែរ។
នៅក្នុងជំនួបពិភាក្សាការងារនេះ ប្រធានរដ្ឋសភាកម្ពុជា បានវាយតំលៃខ្ពស់ ចំពោះសមិទ្ធិផលដ៏ធំធេងដែលរដ្ឋាភិបាល និងប្រជាជនវៀតណាម សម្រេចបាន ក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្ពោះទៅរកវឌ្ឍនភាពរុងរឿង យ៉ាងឆាប់រហ័ស ហើយសម្តេចមានជំនឿថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម ដែលមានលោក ង្វៀន ភូជុង ជាអគ្គលេខាធិការបក្ស, លោក ត្រាន់ ដៃក្វាង ប្រធានរដ្ឋ, លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តី និងលោកស្រីផ្ទាល់ ជាប្រធានរដ្ឋសភា ប្រជាជនវៀតណាម នឹងទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងដំណើរការជម្រុញឧស្សាហូបនីយកម្ម និងទំនើបនីយកម្ម ដើម្បីអភិវឌ្ឍប្រទេសជាតិ កាន់តែខ្លាំងខ្លាថែមទៀត។
ជាមួយគ្នានោះលោកស្រី ង្វៀន ធីគីមងិន បានសាទរចំពោះរដ្ឋាភិបាលកម្ពុជា និងវៀតណាម ដែលបានសម្រេចក្នុងការបោះបង្គោលព្រំដែនរួមគ្នា សម្រេចបានប្រមាណជាង៨០ភាគរយនាពេលនេះ ហើយនឹងឈានទៅសម្រេចបានទំាងស្រុង ក្នុងពេលឆាប់ៗនេះ។
លោកស្រីប្រធានរដ្ឋសភា បានជំរុញដល់សម្តេច ហេង សំរិន ជួយគំាទ្រ និងលើកទឹកចិត្តដល់រដ្ឋាភិបាលប្រទេសទំាងពីរ ឲ្យបង្កើនកិច្ចសហប្រតិបត្តិការគ្នាបន្ថែមទៀត លើវិស័យសន្តិសុខតាមព្រំដែន ពាណិជ្ជកម្ម និងសូមឲ្យរដ្ឋសភាកម្ពុជា វៀតណាមគំាទ្រគ្នាទៅវិញ ទៅមកនៅក្នុងវេទិកាអន្តរសភា ទំាងក្នុងតំបន់និងពិភពលោក៕