(កណ្ដាល)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋាន ស្រុកមុខកំពូល អញ្ជើញចូលរួមពិសារអាហារស្រាយបួសជាមួយបងប្អូនខ្មែរ-ឥស្លាម នៅវិហារធំម៉ាស្ទិទអាល់រ៉ស់ម៉ានី ស្ថិតនៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល។
ថ្លែងក្នុងឱកាសនោះ លោក វង្សី វិស្សុត បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនសាសនិកឥស្លាម នៅក្នុងស្រុកមុខកំពូលទាំងអស់ ជាពិសេសនៅឃុំឬស្សីជ្រោយ ដែលតែងបានបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ ចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេសនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ។
លោកមានជំនឿយ៉ាងម៉ុតមាំថា បងប្អូនខ្មែរ-ឥស្លាមនៅស្រុកមុខកំពូល នឹងនៅតែបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០១៨ ខាងមុខនេះជាបន្តទៀត។ គណបក្សប្រជាជនកម្ពុជា តែងតែបានគិតគូរពីផលប្រយោជន៍ដល់បងប្អូនខ្មែរ-អ៊ីស្លាមជានិច្ចកាល។ ជាក់ស្តែង បងប្អូនខ្មែរ-ឥស្លាមនៅស្រុកមុខកំពូលរបស់យើង ជាពិសេសនៅឃុំឬស្សជ្រោយ បានទទួលនូវការអភិវឌ្ឍ និងសមិទ្ធផលនានាជាបន្តបន្ទាប់ ដូចនេះការបោះឆ្នោតជូនគណបក្សកម្ពុជា គឺមិនខុសពីការបោះឆ្នោតជូនព្រះអាឡោះ និងបងប្អូនខ្មែរ-ឥស្លាមខ្លួនឯងតែប៉ុណ្ណោះ។
លោក វង្សី វិស្សុត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាសនិកឥស្លាម និងបងប្អូនមូស្លីម នៅទូទាំងប្រទេសកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាការការពារសន្ដិភាព, ស្ថិរភាពនយោបាយសណ្ដាប់ធ្នាប់សង្គមនៅកម្ពុជា។ លោកថា ការចូលរួមដ៏ធំធេងនេះ គឺជាមោទនភាពមួយសម្រាប់ ប្រទេសកម្ពុជាដែលមានសាមគ្គីភាព និងមានសុខដុមភាវូបនីយកម្មរវាងសាសនាផ្សេងៗគ្នា ផ្ទុយមកវិញ បណ្តាប្រទេសមួយចំនួននៅលើពិភពលោក កំពុងមានតែមានបញ្ហាជំនឿសាសនា ដែលបង្កបញ្ហាអសន្តិសុខទាំងក្នុងតំបន់ និងសកលលោក។
យ៉ាងណាមិញ លោកបានគូសបញ្ជាក់ថា ទោះបីប្រទេសកម្ពុជាមានអ្នកកាន់សាសនាព្រះពុទ្ធផង ឥស្លាមផង និងសាសនាផ្សេងទៀតក្តី តែយើងជាជនជាតិខ្មែរតែមួយ យើងមានប្រទេសតែមួយ មានរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រដ្ឋាភិបាលតែមួយ និងកងទ័ពតែមួយ ដោយគ្មានការបៀតបៀន គ្មានការរើសអើង ហើយគ្មានការប្រកាន់ណាមួយនោះទេ គឺមានតែការរួបរួមបែបនេះ ដើម្បីធ្វើឲ្យប្រទេសទទួលបាននូវសេចក្តីសុខ។
ប្រធានក្រុមការងាររូបនេះ បន្ថែមថា ដល់បងប្អូនខ្មែរ-ឥស្លាមថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែដឹកនាំរាជរដ្ឋាភិបាល និងមានសម្តេចតេជោ ធ្វើជានាយករដ្ឋមន្រ្តី គឺការអនុវត្តគោលនយោបាយសុខដុមភាវូបនីយកម្មរវាងជាតិសាសន៍ និងសាសនាផ្សេងៗគ្នានេះ នៅតែបន្តមានជាអមតៈ តែសម្រាប់គណបក្សនយោបាយផ្សេងទៀត មិនដឹងថាតើមានឬអត់ទេ។
ជាចុងក្រោយ លោក វង្សី វិស្សុត បានបួងសួងដល់ព្រះអាឡោះ ជួយបីបាច់រក្សាបងប្អូនសាសនិកឥស្លាម និងបងប្អូនមូស្លីមនៅក្នុងស្រុកមុខកំពូល និងនៅកម្ពុជាទាំងមូល ក៏ដូចជាសាសនិកឥស្លាមនៅទូទាំងពិភពលោក៕