(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង បានថ្លែងថា ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងខេត្ដ ពោធិ៍សាត់ បាត់ដំបង និងបៃលិន នឹងទទួលបានសេវាសុខភាព មាតា ទារក និងកុមារ រួមទាំងសុខភាពបន្ដពូជ ឲ្យកាន់តែប្រសើរឡើង មួយកម្រិតទៀត បន្ទាប់ពីការជួយគាំទ្រ និងឧបត្ថម្ភជាថវិកា ប្រមាណ៨លានដុល្លារ ពីមូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្ដរជាតិ (KOFIH)សម្រាប់ឆ្នាំ២០១៧-២០២១ខាងមុខ។
រដ្ឋមន្ដ្រីបានថ្លែងបែបនេះ ក្នុងឱកាសចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រសួងសុខាភិបាលនៃកម្ពុជា និងមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិស្តីពី សំណុំសមាហរណកម្មការថែទាំសុខភាព បន្តពូជ មាតា ទារក និងកុមារ និងការកសាងធនធានមនុស្ស ក្នុងវិស័យសុខាភិបាលនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងសុខាភិបាល ដែលមានការចូលរួមដោយផ្ទាល់ពី លោកវេជ្ជបណ្ឌិត Ihn Yohan ប្រធានមូលនិធិ KOFIH ។
រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងបន្ដថា «មូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ បានជួយក្នុងវិស័យសុខាភិបាល តាំងពីឆ្នាំ២០១១មកម្ល៉េះ ដែលមានទាំងគម្រោងសាងសង់ គិលានុបដ្ឋយិកា ភូមិភាពបាត់ដំបង និងជួយសាងសង់មន្ទីរពេទ្យមួយខាងសុខភាព មាតា ទារក និងកុមារ និងជួយបណ្ដុះបណ្ដាលធនធានមនុស្ស រួមទាំងការផ្ដល់នូវឧបករណ៍ពេទ្យ ដែលនេះជាការចូលរួមចំណែកមួយ ដែលឆ្លើយទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺការលើកកម្ពស់សុខភាពមាតា និងទារក ហើយថែមទាំងចូលរួមយ៉ាងសំខាន់នូវគោលដៅកម្ពុជាយើង ជាមួយនឹងគោលដៅសហវត្សន៍ សង្គការសហប្រជាតិ ដែលយើងបានសម្រេចមុនគេ ដែលទិសដៅ គឺឆ្នាំ២០១៥ ពិសេសការកាត់បន្ថយមរណៈភាពមាតា និងទារក ក្រោមមួយឆ្នាំ និងប្រាំឆ្នាំយ៉ាងជោគជ័យផងដែរ»។
រដ្ឋមន្ដ្រីថ្លែងបន្ដថា គម្រោងនេះ នឹងបំពេញបន្ថែមដល់ផែនការប្រតិបត្ដិការ ដែលមានស្រាប់ របស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងពន្លឿននូវសន្ទុះ នៃការកាត់បន្ថយអត្រាមរណៈមាតា ទារក និងកុមារ ព្រមទាំងជំរុញសមត្ថភាពនៃការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ។
លោកវេជ្ជបណ្ឌិត Ihn Yohan បានថ្លែងផងដែរថា កិច្ចសហជាមួយក្រសួងសុខាភិបាលកូរ៉េ-កម្ពុជានេះ ដើម្បីលើកកម្ពស់សុខភាពមាតា ទារក និងកុមារនៅកម្ពុជា ពិសេសនៅតាមតំបន់ដាច់ស្រយ៉ាល ហើយនៅក្នុងនោះដែរ យើងគ្រោងនឹងបញ្ជូនគ្រូពេទ្យនៅកម្ពុជា ទៅទទួលការបណ្ដុះបណ្ដាលនៅប្រទេសកូរ៉េ ហើយនៅថ្ងៃខាងមុខ យើងនឹងជួយគាំទ្រដល់វិស័យសុខាភិបាលបន្ដទៀតផងដែរ»។
គួររម្លឹកផងដែរថា កាលពីឆ្នាំ២០១១កន្លងទៅ មូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្ដរជាតិ (KOFIH) បានគាំទ្រ និងឧបត្ថម្ភជាទឹកប្រាក់ ៨លានដុល្លារផងដែរ ដើម្បីជួយលើកកម្ពស់សុខភាព មាតា កុមារ
និងទារក នៅខេត្ដបាត់ដំបង៕