(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ៦នាក់ ដែលសុទ្ធតែជាចោរស្ទាវវ័យក្មេង ពាក់ព័ន្ធសកម្មភាពឆក់ និងប្លន់ជាច្រើនករណី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទោទោសតាមច្បាប់ បន្ទាប់ពីត្រូវចាប់ខ្លួនក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះ។ ជនសង្ស័យ២នាក់ ជាចោរឆក់ដ៏សកម្ម និង៤នាក់ទៀតជាចោរប្លន់ដៃឆៅ ប្រើតែសាំមុរ៉ៃ ហើយធ្លាប់បានសម្លាប់ជនរងគ្រោះទៀតផង។
ចោរឆក់២នាក់ ដែលអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបានមានឈ្មោះ ជូន វីរៈសត្យា អាយុ១៥ឆ្នាំ និងឈ្មោះ មាស ភីម អាយុ១៥ឆ្នាំ ធ្លាប់ឆក់បានសម្រេចរហូតដល់ទៅ១២ដង តែមកអស់ល័ក្ខត្រឹមលើកទី១៣ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៧៖៣០នាទី ដោយបានធ្វើសកម្មភាពឆក់ទូរស័ព្ទដែ ពីជនរងគ្រោះ ឈ្មោះ ជឹម ស្រីនិច ភេទស្រី អាយុ២២ឆ្នាំ ហើយត្រូវបានកម្លាំងល្បាតរបស់អាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបានភ្លាមៗតែម្តង។ ចំណែកទូរស័ព្ទដែដែលដកហូតបានពីជនសង្ស័យខាងលើ ត្រូវបានប្រគល់ជូនទៅជនរងគ្រោះ ដែលជាម្ចាស់ដើមវិញ។ ជនសង្ស័យបានសារភាពបន្ថែមថា សកម្មភាពដែលពួកគេឆក់១២លើកកន្លងមក ច្រើននៅម្តុំមុខពេទ្យកាល់ម៉ែត ផ្សារចាស់ ផ្សារកណ្តាល និងផ្លូវព្រះស៊ីសុវត្ថិ (មាត់ទន្លេ និងមុខវាំង)។
ចំណែកឯចោរប្លន់វ័យក្មេង ចិត្តស្លុយ ឈាមរាវ ដៃឆៅ៤នាក់ទៀតរួមមាន៖ទី១ឈ្មោះ សេង សំណាង អាយុ១៧ឆ្នាំ ទី២ឈ្មោះ គង់ សុខណារ៉ូ ហៅឈិត អាយុ១៦ឆ្នាំ ទី៣ឈ្មោះ យ៉ង់ ប៊ុនថេន អាយុ១៧ឆ្នាំ និងទី៤ឈ្មោះ គិត ពេជ្រដារ៉ូ អាយុ១៨ឆ្នាំ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន បានជាបន្តបន្ទាប់ ក្នុងថ្ងៃទី២១ និង២២ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពប្រើដាវសាំមុរ៉ៃ កាប់ប្លន់ជនរងគ្រោះឈ្មោះ ផុន សៀងលី និងឈ្មោះ សុង ចាន់សុខហេង យកម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ុយគីនិច ពណ៌ស លាយខ្មៅ ស្លាកលេខកណ្តាល 1S-7124 ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបណ្តាលឲ្យជនរងគ្រោះឈ្មោះ ផុន សៀងលី រងរបួសត្រង់សាច់ដុំដៃឆ្វេងជាទម្ងន់។
ក្រៅពីធ្វើសកម្មភាពកាប់ប្លន់ម៉ូតូនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ កន្លងមក ជនសង្ស័យទាំង៤នាក់ បានសារភាពបន្ថែមថា កាលពីអំឡុងខែឧសភា ឆ្នាំ២០១៧ ក្រុមខ្លូនធ្លាប់បានធ្វើសកម្មភាពកាប់ប្លន់ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ស្លាកលេខ កំពត 1H-1721 បានសម្រេចម្តងរួចមកហើយ ដោយប្រើដាវសាំមុរ៉ៃ ដេញកាប់ជនរងគ្រោះឲ្យរត់ចោលម៉ូតូ នៅផ្លូវ៦០ដែរ។
យ៉ាងណាក៏ដោយ រហូតមកដល់ក្បាលព្រលប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ជនសង្ស័យទាំង៦នាក់ កំពុងស្ថិតក្រោមការសួរនាំពីព្រះរាជអាជ្ញា នៅឡើយមិនទាន់សម្រេចនោះទេ៕