(ភ្នំពេញ)៖ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាជនជាតិចិនពីបទឆបោកគ្រឿងអលង្ការ និងប្រាក់ នៅថ្ងៃទី២៣ ខែ៦ ឆ្នាំ២០១៧នេះ នៅចំណុចមុខផ្ទះលេខ១៥ ផ្លូវ ៣៦៣ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
មន្ត្រីសមត្ថកិច្ចបានថ្លែងថា ជនរងគ្រោះដែលត្រូវល្មើសឆបោកមានឈ្មោះ លី គៀវ ភេទស្រី អាយុ៥៥ឆ្នំា ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះលេខ១៧៥ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ឯជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ទី១៖ឈ្មោះ យ៉ាង យីន (ហៅ ង៉ាន់ ង៉ា) ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ E៦៣០៣៥៣៧៥, និងទី២៖ ឈ្មោះ ម៉ូ វ័ងហ្វង់ ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ E៥៥៤៥៩៦០៦។
មន្ត្រីសមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យមានគ្នា៣នាក់ ទី១៖ ឈ្មោះ យ៉ាង យីន, ទី២៖ ឈ្មោះ ម៉ូ វ័ងហ្វង់, និងទី៣៖ ឈ្មោះ មួយ បានដើររកឆបោកទ្រព្យ សម្បត្តិប្រជាពលរដ្ឋ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានជួបជនរងគ្រោះពេលនោះក្រុមជនសង្ស័យ បានប្រើល្បិចទស្សន៍ទាយ ជនរងគ្រោះថា មានគ្រោះនៅពេលខាងមុខ ហើយប្រាប់ឲ្យជនរងគ្រោះ យកលុយមួយចំនួន និងគ្រឿងអលង្ការ យកមកប្រសិទ្ធិដើម្បីជម្រុះគ្រោះចង្រៃ។
លុះបន្ទាប់មកទៀត ជនរងគ្រោះ ក៏បានលុយដុល្លារ១៥៩ដុល្លារ, លុយខ្មែរ៥ម៉ឺនរៀល និងគ្រឿងអលង្ការកាឡៃទាំងអស់រួមមាន៖ ខ្សែក ១ខ្សែ មានបន្តោង១ដាំត្បូង ពណ៌ស, ចិញ្ជៀន៤វង់ មានដាំត្បូងពណ៌ស, ខ្សែដៃ២ខ្សៃ មានដាំត្បូង ពណ៌ស ច្រកក្នុងថង់ប្លាស្ទិចពណ៌ខ្មៅ ឲ្យទៅពួកជនសង្ស័យជួយប្រសិទ្ធិ ពេលនោះពួកជនសង្ស័យ ក៏ឲ្យជនរងគ្រោះដើរទៅមុខកុំងាកក្រោយ និយាយថាសុខសប្បាយៗ រួចក្រុមជនសង្ស័យទាំង៣នាក់ ក៏នាំគ្នាយកគ្រឿងអលង្ការកាឡៃ និងលុយរត់គេចខ្លួន ពេលនោះជនរងគ្រោះងាកក្រោយមកឃើញក៏ ស្រែកចោរៗ ត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យ២នាក់ និងដកហូតគ្រឿងអលង្ការកាឡៃ និងលុយមកវិញ។
បច្ចុប្បន្ននេះ ក្រុមជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាកសួរនឹងចាត់ការតាមនីតិវិធីច្បាប់៕