(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក ស៊ុន ជីងកាង (Sun Zhigang) អភិបាលខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានជួបពិភាក្សាការងារ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិត្តភាពគាំទ្រ និងជម្រុញលើវិស័យទេសចរណ៍ កសិកម្ម អប់រំ សុខាភិបាល វប្បធម៌ ពាណិជកម្ម និងវិនិយោគដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ខេត្តទាំងពីរ ដោយអនុលោមតាមច្បាប់ និងគោលការណ៍អនុញ្ញាត នៃរាជរដ្ឋាភិបាលប្រទេសទាំងពីរ។
លោក ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ដើម្បីធ្វើកិច្ចពិភាក្សាការងារ និងចុះហត្ថលេខា ក្នុងគោលបំណងជម្រុញលើកកម្ពស់សម្ព័ន្ធមេត្រីភាពរវាងខេត្តទាំង២ និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ហើយក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចសហប្រតិបត្តិការនឹងគ្នាកាន់តែស្អិតរមួត នៃប្រទេសទាំងពីរផងដែរ។
អភិបាលខេត្តសៀមរាមលើកឡើងថា កម្ពុជា និងចិន មានទំនាក់ទំនងល្អនឹងគ្នាតាំងពីយូរលង់មកហើយ ចាប់តាំងពីសម័យអាណាចក្រអង្គរមកម្លេះ ហើយការទំនាក់ទំនងនេះត្រូវបានពង្រីក និងពង្រឹងយ៉ាងស្អិតរមួត ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋិ ដោយឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងប្រទេសទាំងពីរ ត្រូវបានឆ្លុះបញ្ចាំងផងដែរ តាមរយៈក្នុងផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេស ក៏ដូចការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ លោកថា បើគ្មានការគាំទ្រដោយសប្បុរស គ្មានលក្ខខណ្ឌពីប្រទេសចិននោះទេ កិច្ចដំណើរការនៃកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ក្រោមគំនិតផ្តួចផ្តើម (ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ) ដែលបានផ្តល់ឱកាសថ្មី សម្រាប់ប្រទេសទាំង២បើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយឲ្យកាន់តែមានភាពរឹងមាំថែមទៀត។
ជាមួយគ្នានោះ លោក ស៊ុន ជីងកាង ក៏បានកោតសរសើរពីភាពដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្តសៀមរាប ដែលបានធ្វើការអភិវឌ្ឍខេត្ត មានភាពស្រស់ត្រកាល ស័ក្តិសមជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ ដែលបានក្លាយជាខេត្តគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ហើយក៏ជាប្រភពសេដ្ឋកិច្ចមិនចេះរីកស្ងួតរបស់កម្ពុជា។
លោកបន្តទៀតថា ចំពោះវិស័យទេសចរណ៍ខេត្តគួយចូវ មានព្រលានយន្តហោះ៧កន្លែង ហើយក៏បានហោះហើរឆ្ពោះត្រង់មកខេត្តសៀមរាប ក្នុងមួយសប្តាហ៍បាន២លើក ក្នុងការចូលរួបជម្រុញវិស័យទេសចរណ៍នៅកម្ពុជាសំខាន់ខេត្តសៀមរាប។
សូមជម្រាបថា ការចុះហត្ថលេខានាពេលនេះ ក្នុងការបង្កើនកិច្ចទំនាក់ទំនង សហប្រតិបត្តិការគ្នា ក្នុងវិស័យទេសចរណ៍ កសិកម្ម និងការងារអប់រំ ព្រមទាំងជម្រុញ ដល់ក្រុមហ៊ុនវិស័យសំណង់ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសៀមរាបទៀតផង៕