(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាននៅថ្ងៃទី២៣ ខែមិថុនា ២០១៧នេះ បានចុះពិនិត្យទំនិញនៅផ្សារ បំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយរកឃើញទំនិញខូចគុណភាពមួយចំនួនផងដែរ។
លោក តូច ចៅកុយ ប្រធានសាខាខេត្តពោធិ៍សាត់ បានឲ្យដឹងថា ការចុះត្រួតពិនិត្យខាងលើនេះ មន្រ្តីរបស់លោកបានធ្វើតេស្តបឋមទៅលើ ប្រហុក ផ្អក សសៃគុយទាយ បាញ់កាញ់ មីដុំ លតស្វិត ស្ករត្នោត បង្គា មឹក និងអំបិលអ៊ីយ៉ូដ តែជាលទ្ធផល រកមិនឃើញផលិតផលណាមួយ មានសារធាតុហាមឃាត់នោះឡើយ។
តែក្រុមការងាររបស់លោក បានរឃើញរកឃើញទឹកដោះគោជូ ចំនួន១០២ដប ខូចគុណភាព ទឹកស្ទីង ចំនួន២៧ដប ខូចគុណភាព និងចាហួយដូងចំនួន១៦៦កញ្ចប់ ដែលខូចគុណភាព ត្រូវបានកម្លាំងជំនាញ ធ្វើការដកហូតយកទៅកម្ទេចចោល។
ជាមួយគ្នានេះ ក្រុមកាងារក៏បានចែក បិទផ្សាយរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ ព្រមទាំងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង ពីផលវិបាកដែលបណ្តាលមក ពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
លោក តូច ចៅកុយ បានបញ្ជាក់ថា ក្រោមការណែនាំពីសំណាក់ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ពិសេសទំនិញនាំចូល តាមមាត់ច្រកទ្វារព្រំដែន ដើម្បីចូលរួមចំណែកលើការការពារសុវត្ថិភាព ចំណីអាហារដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋមានការសប្បាយចិត្តយ៉ាងខ្លាំង នៅពេលឃើញមន្រ្តីកាំកុងត្រូល ចុះមកត្រួតពិនិត្យទំនិញនៅក្នុងផ្សារដើម្បីចូលរួម ទប់ស្កាត់សុវត្ថិភាពចំណីអាហារ៕