(ភ្នំពេញ)៖ ស្របពេលដែលទីផ្សារម្រេចនៅកម្ពុជា កំពុងតែមានការធ្លាក់ថ្លៃ និងមិនសូវមានទីផ្សារនោះ លោកបណ្ឌិត យ៉ង សាំងកុមារ សហស្ថាបនិក និងជាប្រធានកម្មវិធី ពង្រឹងសមត្ថភាព អ្នកដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងថា រដ្ឋាភិបាល គួរណាស់តែជួយអន្ដរាគមន៍ ទៅលើវិស័យដំណាំម្រេចនេះ មិនគួរណាទុកឲ្យស្ថានភាពនេះ បន្តកើតមានទៀតនោះទេ ខណៈដែលម្រេចកំពុងធ្លាក់ថ្លៃខ្លាំង។
តាមវីដេអូប្រមាណជិត៤នាទី នៅលើបណ្តាញសង្គម Facebook លោកបណ្ឌិត យ៉ង សាំងកុមារ ពន្យល់អំពីបញ្ហាដែលធ្វើឲ្យតម្លៃទីផ្សារម្រេច បច្ចុប្បន្នកំពុងតែធ្លាក់ចុះថ្លៃ។ លោក បានឲ្យដឹងថា «ខ្ញុំយល់ឃើញថា យើងមិនគួរទុកឲ្យស្ថានភាពនេះបន្តទៀតទេ គឺជាពិសេសរដ្ឋាភិបាល គួរតែលូកដៃ ដើម្បីជួយអន្តរាគមន៍ក្នុងវិស័យនេះ ពីព្រោះវិស័យនេះ អ្នកដាំម្រេច កសិករ វិស័យ ឯកជន គឺបានវិនិយោគទុនរាប់លានដុល្លារ ដាំម្រេចនៅលើដីរាប់ពាន់ហិកតាជាការចំណាយមួយដ៏ធំ ហើយណាមួយទៀតចំណូលពីដំណាំម្រេចនេះ វាបានចូលរួមចំណែក ទាក់ទងនឹងវិស័យសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកបង្កើតការងារជាច្រើន ជូនប្រជាពលរដ្ឋយើង»។
លោកបណ្ឌិត យ៉ង សាំងកុមារ ដែលជាបណ្ឌិតជំនាញផ្នែកកសិកម្មរូបនេះ បានបន្ថែមទៀតថា «ខ្ញុំយល់ឃើញថា អន្ដរាគមន៍សំខាន់គឺ ទី១៖ ជួយធ្វើយ៉ាងមិចអ្នកដំាំម្រេចទាំងអស់ ចេះរៀបចំដោយខ្លួនឯងប្រែជាម្រេចស្អាត ល្អ ឲ្យទៅតាមស្ដង់ដាទីផ្សារដែលចង់បាន ជាពិសេសទាក់ទងនិងរឿងជាតិពុល បរិមាណជាតិពុលក្នុងម្រេច យើងត្រូវធ្វើការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ថ្នាំពុល ហើយយល់ល្អ ត្រូវបំលែងវាបណ្ដើរៗ ជាម្រេចសេរីរាង្គតែម្ដង ទី២៖ រៀបចំឲ្យមានកន្លែងកែច្នៃម្រេចដោយខ្លួនឯងក្នុងប្រទេស ដើម្បីឲ្យយើងបានម្រេច ដែលមានគុណភាពល្អ ដើម្បីការនាំចេញ ទី៣៖ យើងត្រូវធ្វើការគាំទ្រ ឲ្យមានក្រុមហ៊ុន ដែលធ្វើការទីផ្សារម្រេចផ្ទាល់ ទៅទីផ្សារពិភពលោក ជាពិសេសទីផ្សារអ៊ីរ៉ុប និងទីផ្សារអាមេរិក»។
សូមបញ្ជាក់ផងដែរថា មួយរយៈពេលចុងក្រោយនេះ តម្លៃម្រេចបានធ្លាក់ថ្លៃជាខ្លាំង ដែលធ្វើឲ្យប្រជាកសិករវិលមុខ ឈឺក្បាល និងភ័យព្រួយជាពន់ពេក ចំពោះតម្លៃទីផ្សារ សព្វថ្ងៃនេះ ព្រោះវាជាហេតុផលដែលអាចបណ្ដាលឲ្យមុខរបរនេះដួលរលំ ព្រមទាំងជំពាក់បំណុលធនាគារវ័ណ្ឌ-ក ថែមទៀតផង។