(ពោធិ៍សាត់)៖ កម្លាំងសមត្ថកិច្ចចម្រុះរួមមាន ក្រុមអន្តរាគមន៍បង្ក្រាបការជួញដូរសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ សហការជាមួយខណ្ឌរដ្ឋបាល ព្រៃឈើពោធិ៍សាត់ ផ្នែករដ្ឋបាលព្រៃឈើក្រគរ អាវុធហត្ថលើផ្ទៃប្រទេស អង្គការ Wildlife Alliance និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងជួញដូរសត្វព្រៃមួយកន្លែង នៅស្រុកក្រគរ ដោយរឹបអូសបានសាច់សត្វព្រៃចម្រុះ៥៧គីឡូក្រាម។
ប្រតិបត្តិការបង្រាបនេះបានប្រព្រឹត្តទៅនៅសៀលនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ នៅចំណុចភោជនីយដ្ឋាន «ម្លប់ស្បូវត្រជាក់ចិត្តស្រីឡូត» ជាប់កំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
មន្រ្តីនគរបាលស្រុកក្រគរ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ទីតាំងដែលចរាចរលក់សាច់សត្វព្រៃខុសច្បាប់នោះ មានឈ្មោះ «ម្លប់ស្បូវត្រជាក់ចិត្តស្រីឡូត» ជារបស់ម្ចាស់ឈ្មោះ ជួន ស្រីឡូត ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សាច់សត្វព្រៃដែលរកឃើញ និងដកហូតបានរួមមាន៖ ជ្រូកព្រៃ៤៥,៥គីឡូក្រាម, ឈ្លូស១គីឡូក្រាម, ត្រកួត ៦គីឡូក្រាម, ជើងខ្លាឃ្មុំ១គូរ ស្នើនឹង៤,៥គីឡូក្រាម សរុប៥៧គីឡូក្រាម។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ទីតាំងខាងលើនេះ ត្រូវបានកម្លាំងចម្រុះធ្វើការបង្ក្រាបម្តងរួចមកហើយ ដោយបានរកឃើញ និងដកហូតសាច់សត្វព្រៃរួមមាន៖ ជ្រូកព្រៃ៧៧,៥គីឡូក្រាម, ឈ្លូស៥៨គីឡូក្រាម, ឆ្មាដាវ១ក្បាល ស្មើនឹង១គីឡូក្រាម, ត្រកួត៧គីឡូក្រាម, កាំប្រម៉ា៥គីឡូក្រាម, អន្សង៥គីឡូក្រាម, ទន្សាយ២២ក្បាលស្មើនឹង២៧គីឡូក្រាម, ជើងទន្សាយក្រៀម៤២ជើង, ពស់សង់សឿ១,៥គីឡូក្រាម សរុប១៨២គីឡូក្រាម តែម្ចាស់នៅតែមិនបញ្ឈប់។ សម្រាប់លើកនេះ មជ្ឈដ្ឋានមួយចំនួនរងចាំមើល ថាតើសមត្ថកិច្ចនៅតែបន្ទូរបន្ថយទោសជនសង្ស័យខាងលើទៀត ឬយ៉ាងណា។
បច្ចុប្បន្នវត្ថុសាច់សត្វព្រៃសរុបទាំង៥៧គីឡូក្រាម ត្រូវបានយកទៅកំទេច ឬកប់ចោល នៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ដោយឡែកជនសង្ស័យ ត្រូវបានបញ្ជូនបន្តដើម្បីចាត់ការតាមនីតិវិធី។