(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានព័ត៌មាន និងមានពាក្យបណ្តឹងថា ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ រៀននៅសាលាបឋមសិក្សាទួលស្វាយព្រៃ ក្នុងខណ្ឌចំការមន ត្រូវជនមិនស្គាល់មុខ ល្បួងចាប់យកទៅបាត់នោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យសមត្ថកិច្ចខណ្ឌចំការមន ធ្វើការស្រាវជ្រាវជាបន្ទាន់។
នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានប្រាប់អង្គភាព Fresh News យ៉ាងដូច្នេះថា «ខ្ញុំកំពុងចាត់ឲ្យអធិការនគរបាល ខណ្ឌចំការមន ដុតដៃដុតជើងស្រាវជ្រាវបញ្ហានេះហើយ»។
សូមបញ្ជាក់ថា ក្មេងស្រីម្នាក់ដែលរៀននៅសាលាបឋមសិក្សាទួលស្វាយព្រៃ ក្នុងខណ្ឌចំការមន ត្រូវបានជនសង្ស័យម្នាក់ល្បួងចាប់ខ្លួនយកទៅបាត់ នៅមុខសាលាតែម្ដង ហើយនៅពេលនេះ ក្រុមគ្រួសារទាំងមូលដែលកំពុងញ័រដៃញ័រជើង បាននិងកំពុងស្វះស្វែងរក ព្រមទាំងអំពាវនាវឲ្យសមត្ថកិច្ចពាក់ព័ន្ធជួយអន្ដរាគមន៍ផង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ។
ឪពុកម្ដាយក្មេងស្រីរងគ្រោះបានបញ្ជាក់ថា ក្មេងស្រីដែលចាត់ខ្លួនឈ្មោះ អេន ណា ហើយពេលដែលបាត់នោះ នាងស្លៀកសំពត់ខៀវ អាវស។ ឪពុកមា្ដយក្មេងស្រី បន្ថែមថា នៅកន្លែងកើតហេតុត្រូវបានគេឲ្យដឹងថា មុនពេលកើតហេតុឃើញមានជនសង្ស័យម្នាក់ ជិះម៉ូតូវីវ៉ា បិទមុខជិត ហើយបានមកល្បូងក្មេងស្រីដោយភូតថា ម្ដាយជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវឲ្យទៅមើលជាបន្ទាន់។
ក្រោយកើតហេតុភ្លាមៗ ក្រុមគ្រួសារក្មេងរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីឲ្យសមត្ថកិច្ចជួយអន្ដរាគមន៍។
ប៉ុន្ដែទោះជាយ៉ាងនេះក្ដី គ្រួសារក្មេងរងគ្រោះអំពាវនាវដល់សាធារណៈជនណា ដែលបានឃើញក្មេងស្រីរងគ្រោះដូចរូបខាងក្រោមនេះ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១២ ២២៨ ៣០០/០១២ ៥៤២ ១៩៩៕