(ពោធិ៍សាត់)៖ ការមករបស់រថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងខេត្តពោធិ៍សាត់ គឺចំគោលដៅដែលខេត្តកំពុងចង់បានតែម្ដង នេះបើតាមការលើកឡើងរបស់អាជ្ញាធរខេត្ត ក្នុងពិធីបើកយុទ្ធនាការណ៍សម្អាតក្រុងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ។
រថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងបំពេញបេសកកម្មសម្អាតក្រុងពោធិ៍សាត់រយៈពេលមួយសប្តាហ៍ គឺចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។
លោកស្រី ជុក សុផានី អភិបាលរងខេត្តពោធិ៍សាត់ បានថ្លែងថា «ខេត្តពោធិ៍សាត់ ត្រូវបានជ្រើសរើស ជាខេត្តជ័យលាភីពានរង្វាន់ «និរន្តរភាព បរិស្ថានទីក្រុងអាស៊ាន ផ្នែកទឹកស្អាត» ដែលនឹងទទួលបានពីប្រទេសប្រ៊ុយណេនៅខែសីហាខាងមុខនេះ។ ក្រៅពី ពានរង្វាន់ទឹកស្អាត យើងក៏ចង់ទទួលបានពាន់ដីស្អាតដែរ ដូច្នេះការមកជួយសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសនេះ គឺចំគោលដៅដែលអាជ្ញាធរកំពុងធ្វើ និងចង់បាន»។
លោកឧកញ៉ាលាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា «ក្រុមហ៊ុនពិតជាមានមោទនភាព ដែលបានចូលរួមជាមួយអាជ្ញាធរខេត្ត សម្អាតបរិស្ថានក្នុងខេត្ត ខ្ញុំសង្ឃឹមថា ការរួមចំណែកបន្តិចបន្តួចនេះ នឹងអាចជួយខេត្តពោធិ៍សាត់បានមួយកម្រិត ក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់បរិស្ថានផ្សេងៗទៀត»។
ខេត្តពោធិ៍សាត់ជាខេត្តទីប្រាំបីហើយ ដែលរថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមកដល់។ កន្លងមក រថយន្តធុនធ្ងន់ទាំងពីរគ្រឿងនេះបានជួយសម្អាតផ្លូវក្នុងខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង់ និងខេត្តប៉ៃលិន។
ក្រោមយុទ្ធនាការណ៍ «ទីក្រុងស្អាត សុខភាពល្អ» ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងបញ្ជួនរថយន្តសម្អាតផ្លូវទាំងពីរគ្រឿងទៅជួយសម្អាតផ្លូវ នៅគ្រប់ខេត្តក្រុង នៅកម្ពុជា៕