(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានកោតសរសើរដល់ សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្រ្កាបគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា ក្នុងដំណាក់កាលទី១ នាពេលនេះ។ សម្តេចចាត់ទុកថា យុទ្ធនាការនេះ បានទទួលជោគជ័យខ្លាំងជាងមុន។
ការលើកឡើងរបស់ សម្តេច ស ខេង បានធ្វើឡើងនៅក្នុងពិធី ប្រកាសតែងតាំងអភិបាលថ្មីខេត្តកោះកុងជូនដល់លោកស្រី មិថុនា ភូថង, នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ។ សម្តេចថា យុទ្ធនាការបង្រ្កាបគ្រឿងញៀន ដំណាក់កាលទី១នោះ កម្ពុជាបានឃាត់ខ្លួនជនល្មើស ប្រមាណជាង៥ពាន់ ដែលចំនួននេះមិនតិចនោះឡើយ ហើយនេះគឺជាជោគជ័យមួយ។
សម្តេចក្រឡាហោម បានថ្លែងយ៉ាងដូច្នេះថា «យើងបានឃាត់ខ្លួន ឧក្រិដ្ឋជនដែលរកស៊ីគ្រឿងញៀន ទាំងតូចទាំងធំប្រមាណជាង៥ពាន់នាក់ ដែលចំនួននេះក៏មិនតិចដែរ។ នេះជាជោគជ័យសម្រាប់ជំហានដំបូងរបស់យើង ហើយយើងនឹងបន្តធ្វើថែមទៀត»។
សម្តេច ស ខេង ក៏បានស្នើដល់ សមត្ថកិច្ចខេត្តកោះកុង ក៏ដូចជាសមត្ថកិច្ចនានា នៅទូទាំងប្រទេស ធ្វើយ៉ាងណាបន្តសកម្មភាពបង្រ្កាបគ្រឿងញៀននេះ ឱ្យប្រសិទ្ធភាពដើម្បីប្រយោជន៍សង្គម។
សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ រយៈពេល ៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន។
សម្តេចក្រឡាហោម ស ខេង បានប្រកាសថា កម្ពុជានឹងបន្តយុទ្ធនាការបង្រ្កាបគ្រឿងញៀន ដំណាក់កាលទី២ថែមទៀត ដែលនឹងចាប់ផ្តើមពី ថ្ងៃទី១ ខែសីហា រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ៕