(កំពត)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពត សហការជាមួយកម្លាំងនគរបាលស្រុកកំពង់ត្រាច ដឹកនាំបញ្ជានីតិវិធីពីលោក ខាន់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត បានចូលឆ្មក់បង្រ្កាបទីតាំងបើកល្បែងស៊ីសង ជល់មាន់ និងអាប៉ោង ឈានទៅឃាត់ខ្លួនបាន ជនញៀនល្បែងចំនួន០៥នាក់ និងដកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួន នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ ស្ថិតនៅចំណុចភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្ត បានឲ្យដឹងថា ក្រោយពីមានប្រជាពលរដ្ឋបានផ្តល់ព័ត៌មានថា នៅក្នុងភូមិសាស្ត្រខាងលើ មានបើកទីតាំងល្បែងជល់មាន់ និងអាប៉ោង ដោយខុសច្បាប់នោះ កម្លាំងសមត្ថកិច្ច ក៏លបឆ្មក់ចូលបង្ក្រាប ជាលទ្ធផលកម្លាំងបានឃាត់ខ្លួនមនុស្ស ចំនួន០៥នាក់ ក្នុងចំណោមជាច្រើននាក់ ដែលបានរត់គេចខ្លួនរួច ពីកណ្តាប់សមត្ថកិច្ចនោះ ត្រូវឃាត់ខ្លួន និងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ១៥គ្រឿង មាន់ជល០៦ក្បាល និងកំរាលលេងអាប៉ោង០១។
ជនសង្ស័យទាំង៥នាក់ ដែលបានឃាត់ខ្លួននោះរួមមាន ទី១៖ ឈ្មោះ លឹម ទ្រី អាយុ៣៣ឆ្នាំ រស់នៅភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ទី២៖ ឈ្មោះ កែវ ដុង អាយុ៤២ឆ្នាំ រស់នៅភូមិកោះស្នា ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ទី៣៖ ឈ្មោះ ទូច ធឿន អាយុ៤០ឆ្នាំ រស់នៅភូមិចំបក់ទឹម ឃុំគីរីចុងកោះ ស្រុកគីរីវង្ស ខេត្តតាកែវ ទី៤៖ ឈ្មោះ ម៉ៅ ជន អាយុ៥២ឆ្នាំ រស់នៅភូមិស្វាយផ្អែម ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត និងទី៥៖ ឈ្មោះ សួង ដូ អាយុ៤៦ឆ្នាំ រស់នៅភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
ក្រោយពីឃាត់ខ្លួនជនញៀនល្បែង រួមទាំងដកហូតវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕