(ភ្នំពេញ)៖ ផាយ ផេ ជាកម្មវិធីដែលបង្កើតឡើងដោយកម្ពុជា ក្រោមការគាំទ្រពីក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកទូទាត់ប្រាក់ឈានមុខគេនៅលើសកលលោក ឈ្មោះថា Wirecard និងគាំទ្រដោយធនាគារ ស៊ី អាយ អិម ប៊ី (CIMB) និងបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ថែមទៀតផង ហើយកម្មវិធីនេះ ផ្ដល់លទ្ធភាពឲ្យអ្នកប្រើប្រាស់អាចជាវទំនិញដោយមិនប្រើសាច់ប្រាក់ និងមានសុវត្ថិភាព ដោយប្រើប្រាស់រូបិយវត្ថុប្រាក់រៀល និងប្រាក់ដុល្លារផង នៅតាមបណ្ដាញហាងទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ និងរោងកុននានាកាន់តែច្រើឡើងៗ ដែលប្រើប្រាស់ការទូទាត់តាមសេវា ផាយ ផេ នេះ ។
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ អ្នកដើរទិញទំនិញ ក្នុងរាជធានីភ្នំពេញ ប្រហែលជាបានកត់សម្គាល់ឃើញស្តង់ប្លែកជាច្រើនកន្លែង ដែលមានចំនួនកាន់តែច្រើនឡើងៗ ស្ថិតនៅជាប់នឹងកន្លែងគិតលុយក្នុងហាងទំនិញ ភោជនីយដ្ឋាន និងទីកម្សាន្តនានាជាច្រើន ទូទាំងរាជធានីភ្នំពេញ ដោយសម្គាល់ Logo ពណ៌ផ្កាឈូក ជាមួយនឹងពាក្យថា ផាយ ផេ (Pi Pay) និងបុគ្គលិកវ័យក្មេង ដែលរួសរាយរាក់ទាក់ មានន័យថាទីតាំងខាងលើនោះ ជាទីកន្លែងនាំមុខគេ ក្នុងការចាប់ផ្ដើមប្រើប្រាស់កម្មវិធីទូទាត់ការចំណាយ ដោយមិនប្រើសាច់ប្រាក់ ដែលក្រុមហ៊ុន Pi Pay មានបំណងកែប្រែរបៀបរបបក្នុងការទូទាត់ប្រាក់ និងការផ្ទេរប្រាក់នៅកម្ពុជាយើងនេះ ។
ផាយ ផេ កំពុងតែបន្ថែមល្បឿន ដើម្បីឆ្ពោះទៅរកការបើកសម្ពោធជាសាធារណៈ តាមរយៈការដាក់ឲ្យប្រើប្រាស់សាកល្បងជាសាធារណៈសម្រាប់កម្មវិធីនេះ ។ ដូច្នេះ បុគ្គលិកជួរមុខបានត្រៀមខ្លួនរួចជាស្រេចដើម្បីបកស្រាយចំពោះចម្ងល់នានារបស់សាធារណជន ដោយក្នុងចំណោម បុគ្គលិកដែលឈរជើងនៅឯសាខាមហាវិថីព្រះមុនីវង្ស ក្នុងហាង Tous les Jours កញ្ញា ហូយ ហាក់ណែត បានឲ្យដឹងថា «ខ្ញុំកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសា ចង់ឃើញកម្មវិធីនេះរួចរាល់សម្រាប់សាធារណជនប្រើប្រាស់ ខ្ញុំបានប្រើប្រាស់កម្មវិធីនេះ មួយសប្ដាហ៍មកហើយ ដើម្បីទទួលបានការបញ្ចុះតម្លៃ នៅតាមភោជនីយដ្ឋានមួយចំនួន ដែលខ្ញុំនិយមចូលចិត្ត ហើយកម្មវិធីនេះងាយស្រួលក្នុងការប្រើប្រាស់ខ្លាំងណាស់»។
កញ្ញាបានបន្ថែមទៀតថា «មានមនុស្សជាច្រើនបានសួរខ្ញុំថាតើ ផាយ ផេ នឹងជាអ្វី ហើយវាជារឿងគួរឲ្យរីករាយ ដែលនៅពេលនេះ ពួកគេអាចទាញយកកម្មវិធីនេះ និងចាប់ផ្ដើមប្រើប្រាស់បាន ។កម្មវិធី ផាយ ផេ នេះ ត្រូវបានប្រើប្រាស់សាកល្បង ដោយមនុស្សជាង ១,០០០នាក់ តាមរយៈកូដអញ្ជើញឲ្យប្រើជាពិសេស នាពេលនេះ កម្មវិធី ផាយ ផេ អាចឲ្យមនុស្សគ្រប់គ្នាទាញយកដោយសេរីពី App Store ឬ Google Play បានហើយ ។ នៅពេលដែលទាញយកកម្មវិធីនេះរួចហើយ ការចុះឈ្មោះដើម្បីបើកគណនី ផាយ ផេ និងបញ្ចូលឥណទាន មានភាពសមញ្ញ និងឆាប់រហ័ស ថ្វីដ្បិតតែមានលក្ខខណ្ឌតម្រូវឲ្យអតិថិជនថ្មី ចាំបាច់ត្រូវមានអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែនតាមខ្លួន នៅពេលចុះឈ្មោះក្តី»។
លោក ម៉ៃឃើល ឆាយ នាយកផ្នែកទីផ្សារ របស់រោងកុន Legend ដែលទើបបើកបញ្ចាំងខ្សែភាពយន្តល្បីរបស់ហូលីវូដមានចំណងជើងថា «Transformers: The Last Knight” បានមានប្រសាសន៍ថា៖ “ការចាប់ដៃគូជាមួយនឹងក្រុមហ៊ុន ផាយ ផេ គឺជាឱកាសថ្មីដ៏អស្ចារ្យមួយទៀតសម្រាប់ពួកយើង ដែលអាចនាំអ្នកចូលចិត្តមើលកុនមករីករាយទស្សនាខ្សែភាពយន្តល្បីៗរបស់យើង នៅតាមបណ្ដាគ្រប់រោងកុន Legend ទាំងអស់ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ទៅ ៥០% ។ ក្រៅពីផ្ដល់នូវដំណោះស្រាយ ក្នុងការទូទាត់សាច់ប្រាក់ប្រកបដោយសុវត្ថិភាព និងការផ្ទេរប្រាក់ប្រកបដោយភាពងាយស្រួលពីអ្នកប្រើប្រាស់ម្នាក់ទៅម្នាក់ទៀត កម្មវិធីនេះក៏មានបំពាក់នូវសេវាដ៏ទំនើបសម្រាប់ការជជែក និងផ្ញើសា ចែករំលែករូបភាព និងវីដេអូ ព្រមជាមួយនឹងមុខងារផែនទី ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចស្វែងរកមិត្តភក្តិ និងពាណិជ្ជករ ដែលនៅជិតៗខ្លួន»។
លោក ថូម៉ាស់ ផូកូនី នាយកប្រតិបត្តិ ក្រុមហ៊ុន ផាយ ផេ បានពន្យល់ថា អ្វីដែលអតិថិជនត្រូវធ្វើ គឺគ្រាន់តែទាញយកកម្មវិធីនេះ ហើយអនុវត្តតាមលក្ខខណ្ឌចុះឈ្មោះ ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា និងបញ្ចូលប្រាក់ចូលទៅ ក្នុងគណនីគឺជាការស្រេច ហើយអតិថិជនអាចបញ្ចូលទឹកប្រាក់តាមទូរ Pay&Go ឬនៅតាមសាខារបស់ ផាយ ផេ ដែលឈរជើងជាមួយដៃគូពាណិជ្ជកររបស់ក្រមហ៊ុន៕