(ភ្នំពេញ)៖ លោក ប្រាជ្ញ ច័ន្ទ អភិបាលខេត្តត្បូងឃ្មុំ ជំរុញឲ្យមានការដាំកូនឈើឡើងវិញ សម្រាប់ជាគុណប្រយោជន៍ដល់ សង្គមជាតិ ក្នុងនោះកូនឈើប្រណិត៧ប្រភេទ ជ្រើសយកមកដាំក្នុងបរិវេណតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ កូនឈើចំនួន៧ប្រភេទរួមមាន៖ គ្រញូង បេង នាងនួន ធ្នង់ គីនីន រំដួល និងចំប៉ី ត្រូវបានដាំលើ ផ្ទៃដីទំហំប្រមាណ៨ហិចតានៅក្នុងបរិវេណ តំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងឱកាសប្រារព្ធពិធីបុណ្យរុក្ខាទិវា ៩កក្កដា ឆ្នាំ២០១៧។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សម្រាប់ខេត្តត្បូងឃ្មុំ នេះជាខួប លើកទី៣ ហើយដែលប្រារព្ធពិធីបុណ្យរុក្ខាទិវា ៩កក្កដា ក្នុងនោះលើកទី១ ក្នុងឆ្នាំ២០១៥ បានប្រារព្ធនៅក្នុងបរិវេណទីធ្លា សួនច្បារ តំបន់ដីសម្បទាន សង្គមកិច្ចស្រែលើសែនជ័យ ក្នុងភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់, លើកទី២ ក្នុងឆ្នាំ២០១៦ នៅក្នុងបរិវេណវត្តច័ន្ទរស្មី (ច័ន្ទនិមិត្ត) ស្ថិតនៅភូមិច័ន្ទនិមិត្ត ឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ, និងលើកទី៣ ក្នុងឆ្នាំ២០១៧នេះ យើងកំពុងប្រារព្ធក្នុងបរិវេណតំបន់រដ្ឋបាល ខេត្តត្បូងឃ្មុំ ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដែលនឹងត្រូវដាំកូនឈើមានតម្លៃដូចជា៖ ក្រញូង បេង នាងនួន ធ្នង់ គីនីន និងចំប៉ី ដាំលើផ្ទៃដីទំហំប្រមាណ ៨ហិចតា ក្នុងគោលបំណងប្រែក្លាយតំបន់នេះ ឲ្យពោលពេញទៅដោយព្រៃឈើធម្មជាតិដែលអាចបង្កើត ជាគំរបបៃតង ខួបប្រាំង ខួបវស្សា និងធ្វើឲ្យប្រសើរឡើងនូវសោភណ្ឌភាពធម្មជាតិពិតៗ ស្រស់បំព្រងនៅក្នុងតំបន់របស់ខេត្តយើងនេះ។
លោក ប្រាជ្ញ ចន្ទ បានថ្លែងថា ព្រៃឈើ គឺជាសម្បត្តិធម្មជាតិដ៏មានសារសំខាន់ មិនត្រឹមតែទ្រទ្រង់ជីវិតរបស់មនុស្ស និងសត្វតែប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវគុណប្រយោជន៍ ដ៏ធំធេងជាច្រើនទៀត ក្នុងការប្រកបមុខរបរ ការស្នាក់នៅដំណើរ ទេសចរណ៍កំសាន្តសោភ័ណ្ឌភាព ភាពត្រជាក់ត្រជុំជាដើម។ ព្រៃឈើផ្តល់នូវតុល្យភាពរក្សាលំនឹងបរិស្ថានធម្មជាតិ និងការពារស្ថិតស្ថេរនៃពិភពផែនដីរបស់យើង ព្រៃឈើ អាចកាត់បន្ថយយ៉ាងច្រើននូវគ្រោះធម្មជាតិ ដូចជាភាពរាំងស្ងួត ទឹកជំនន់ ការកើនឡើងនូវកំដៅ ទប់ស្កាត់ការហូរច្រោះ។ល។
លោកបន្តទៀតថា ជាកត្តាសត្យានុម័ត បម្រែបម្រួលអាកាសធាតុ មួយផ្នែក គឺបណ្តាលមកពីកត្តាព្រៃឈើ និងអតុល្យភាព នៃបរិស្ថាន ធម្មជាតិ។ ឈើផ្តល់នូវភាពបៃតង ភាពស្រស់បំព្រង និងជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ ព្រមទាំងបានផ្តល់ផល ប្រយោជន៍ដទៃទៀត សម្រាប់សកលលោក និងប្រទេសយើងទាំងមូល។
លោក ប្រាជ្ញ ចន្ទ បានបន្តផ្ដាំផ្ញើទៅដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាពិសេសខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ធ្វើយ៉ាងណា ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការដាក់ចេញនូវវិធានការគ្រប់គ្រងទៅលើកាអភិវឌ្ឍវិស័យ ព្រៃឈើជាចម្បងនិងត្រូវផ្សព្វផ្សាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ លើវិស័យព្រៃឈើឲ្យបានទូលំទូលាយ ដល់គ្រប់ ស្រទាប់អ្នកពាក់ព័ន្ធ ត្រូវជំរុញការអនុវត្តច្បាប់ និងចាត់វិធានការស្រាវជ្រាវ ទប់ស្កាត់សកម្មភាពអនាធិបតេយ្យក្នុងវិស័យ ព្រៃឈើ និងធ្វើការបង្ក្រាបបទល្មើសព្រៃឈើនិងសត្វព្រៃឲ្យ បានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ៕