(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានណែនាំមួយចំនួន ដល់មន្ត្រីក្រុមប្រឹក្សា និង សមៀន ឃុំ សង្កាត់ ដែលត្រូវចប់អាណត្តិរបស់ខ្លួន ត្រូវត្រៀមលក្ខណៈក្នុងការផ្ទេរប្រគល់នូវ តួនាទីភារកិច្ច របស់ខ្លួន ទៅឲ្យ ក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មី អាណត្តិទី៤នេះ ។
លោកក៏បានផ្តល់នូវបទពិសោធន៍ និងប្រសាសន៍មួយចំនួន ដើមី្បជាប្រទីប សម្រាប់គ្រប់បណ្តាឃុំ សង្កាត់ ក្នុងការផ្ទេរ ភារកិច្ចរបស់ខ្លួន ដើមី្បឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ថ្មី យកទៅអនុវត្តបន្តទៀត ហើយបងប្អូនក្រុមប្រឹក្សាឃុំ សង្កាត់ និង ស្មៀនទាំងអស់ ត្រូវបន្តនូវវប្បធម៌សាមគ្គីភាព សម្របសម្រួល មិនបែងចែកនិន្នាការណ៍នយោបាយ តាមរយៈ ការចូលរួមបំពេញការងារ ដើមី្បជម្រុញការអភិវឌ្ឍន៍មូល ដ្ឋានឲ្យកាន់តែប្រសើរឡើង ។
អភិបាលខេត្តសៀមរាប បានបន្តថា ថ្នាក់ដឹកនាំនៅរដ្ឋបាលឃុំ សង្កាត់ ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួន ពិសេស ការបម្រើសេវាសាធារណៈជូនប្រជាជន និង អភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន និងដើមី្បប្រែក្លាយសមទ្ធិផលទាំងនេះ បម្រើ ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋានខ្លួន។
ការលើកឡើងរបស់លោក ឃឹម ប៊ុនសុង អភិបាល បានធ្វើឡើងខណៈលោក ចូលរួម កិច្ចប្រជុំផ្សព្វផ្សាយ ប្រកាស និងសេចក្តីណែនាំពាក់ព័ន្ធ ដំណើរការប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពី អាជ្ញាធរក្រុង ស្រុក ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀនឃុំ សង្កាត់ ចំនួន ២៥០នាក់។
ជាមួយគ្នានោះ លោក បណ្ឌិត ឃឹម ប៊ុនសុង បានកោតសរសើរពីការខិតខំរបស់អស់លោក លោកស្រីជាក្រុមប្រឹក្សា ឃុំសង្កាត់ ដែលបានទទួលការស្រឡាញ់ពេញចិត្ត និង គាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈ នៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤កន្លងមកនេះ។
អភិបាលខេត្តសៀមរាបដដែលបានលើកឡើង អំពីការធ្វើកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៅថ្នាក់ក្រោម ថ្នាក់ជាតិ ហើយនិយាយដោយឡែកនៅថ្នាក់ឃុំ សង្កាត់ គឺជាដំណើរការតាមបែបប្រជាធិបតេយ្យ ក្នុងគោលដៅ លើកកម្ពស់អភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋាន ។
លោក ឃឹម ប៊ុនសុង បានបន្តទៀតថា អភិបាលកិច្ចល្អ គឺតម្រូវឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ ធ្វើជាតំណាងឲ្យ ផល ប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងគោលដៅ ធានាឲ្យមានការរីកចម្រើន សំខាន់គ្នុងគុណភាពនៃ ជីវភាពរស់នៅ តាមរយៈការ លើកកម្ពស់សេវាសង្គម ការកសាង និង ពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈឲ្យ កាន់តែប្រសើរឡើង និង ឆ្លើយតបជា មួយការអភិវឌ្ឍន៍នៅមូលដ្ឋានប្រកបដោយសមធម៌ មានចីរភាព ដើមី្បឈាន ឆ្ពោះទៅរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕