(ព្រះសីហនុ)៖ ប្រជានេសាទខ្មែរចំនួន២នាក់ បានលិចទូកនៅកណ្ដាលសមុទ្រ ខេត្តព្រះសីហនុ អស់រយៈពេលជាង៥ម៉ោងត្រូវបានអូប៊័រ របស់ក្រុមហ៊ុន GTVC រកឃើញ និងជួយសង្គ្រោះទាន់ ខណៈដែលអ្នកនេសាទទាំង២នាក់នោះ កំពុងហែលទឹកតោងជាមួយប៊ីដុងជ័រ នៅខាងត្បូងកោះឬស្សី ពោលមានចំងាយប្រមាណជាង១០គីឡូម៉ែត្រ ពីកន្លែងលិចទូក។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២៖០០ទាបភ្លឺថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ស្របពេលដែលអ្នកនេសាទ ទាំង២នាក់នេះ ជិះទូកនេសាទប្រភេទអួន អូសបង្គា១គ្រឿង បានលិចនៅកណ្ដាលសមុទ្រ ចំងាយប្រហែល៧គីឡូម៉ែត្រ ខាងត្បូងកោះពស់ ខណៈដែលទឹកហូររសាត់ចំងាយប្រហែលជាង១០គីឡូម៉ែត្រពីកន្លែងលិច។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ខាងលើ ទី១៖ ឈ្មោះ សូន វណ្ណី អាយុ២៧ឆ្នាំ មុខរបរនេសាទ (ត្រូវជាម្ចាស់ទូក) ទី២៖ ឈ្មោះ សុន សុធី អាយុ៣៥ឆ្នាំ ជាកម្មករនេសាទ ជនរងគ្រោះទាំង២ ត្រូវបានជួយសង្គ្រោះរួចជីវិត ដោយសារអូប៊័រដឹកភ្ញៀវទេសចរណ៍ របស់ក្រុមហ៊ុនGTVC។
តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ទូកនេសាទរបស់គាត់លិច ដោយសារការអូសមងទាក់ជាមួយថ្មនិងគាប់ជួន អាកាសធាតុ មានភ្លៀង ខ្យល់ខ្លាំង ទឹករលកខ្ពស់ វាយគ្រប បណ្តាលឲ្យលិចបាត់តែម្តង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា សម្ភារខូចខាតរួមមាន៖ ទូកឈើពណ៌ខៀវ ម៉ាស៊ីនគោយន្ដកម្លាំង៤២សេះ១គ្រឿង លិចបាត់ទាំងស្រុង អួនអូសបង្គាចំនួន៣កំផ្លេ វិទ្យុទាក់ទង១គ្រឿង ឧបករណ៍មើលផ្លូវ មើលបាតសមុទ្រ ហៅថាដាវ១គ្រឿង និងទូរស័ព្ទ១គ្រឿង។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងដោយប្រកាសថា កម្ពុជាមានភ្លៀងបន្ដធ្លាក់រាយប៉ាយពេញ ១សប្ដាហ៍ ក្នុងក្របខណ្ឌទូទាំងប្រទេស ជាមួយនឹងបរិមាណពីមធ្យមទៅបង្គួរ។
ក្រសួងបញ្ជាក់ថា «តាមបណ្ដាខេត្តមួយចំនួនដែលស្ថិតនៅក្នុងតំបន់ទំនាបកណ្ដាលភាគខាងកើត (ជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម) និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង។ លើផ្ទៃសមុទ្រ ផ្ទៃមេឃមានសភាពអាប់អួ និងមានភ្លៀងធ្លាក់ខ្លាំងរលកសមទ្រ មានកំពស់ខ្ពស់ៗ»។
កត្កាទាំងនេះហើយ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧៕