(ភ្នំពេញ)៖ តាមក្ដាប់ពីមជ្ឈដ្ឋាននានា ដូចជាអ្នកតាមសកម្មភាពក្នុងរដ្ឋសភា អ្នកសារព័ត៌មាន អ្នកផឹកកាហ្វេ អ្នកប្រើហ្វេសបុក បានរិះគន់តំណាងរាស្ត្របក្សប្រឆាំង ជុំវិញការបំពេញការងារក្នុងរដ្ឋសភា។ សំយោគមតិរិះគន់ ពួកគេថា អ្នកណាៗក៏ដឹងដែរថា តំណាងរាស្ត្របក្សប្រឆាំង ពូកែខាងរិះគន់រដ្ឋាភិបាលឲ្យគេ ប្រកាន់យកច្បាប់ របៀបរបបល្អក្នុងសង្គម តែផ្ទុយទៅវិញខ្លួនឯង កំពុងរុញសភាឲ្យគ្មានសណ្ដាប់ធ្នាប់ គ្មានច្បាប់ទំលាប់ទៅវិញ។
អ្នករិះគន់បន្តថា យើងត្រូវហ៊ានរិះគន់អ្នកដែលពូកែរិះគន់គេវិញ ប្រសិនបើក្រុមនោះដើរខុសពីច្បាប់ ព្រោះយើងចង់ឲ្យរដ្ឋសភាមានសណ្ដាប់ធ្នាប់មួយ ជាសភាប្រធិបតេយ្យក្នុងសម័យនីតិរដ្ឋ ដែលបក្សប្រឆាំងខ្លួនឯងចង់បាន។ មាន២ចំណុចសំខាន់ ដែលអ្នករិះគន់សំគាល់ឃើញថា ក្រុមតំណាងរាស្ត្របក្សប្រឆាំងកំពុងដើរទៅឆ្វេង។ អ្នករិះគន់លើកឡើងថា ពេលអង្គសភាជជែកពិភាក្សា និងអនុម័តច្បាប់ តំណាងរាស្ត្របក្សប្រឆាំង តែងបង្ហាញឲ្យមហាជនមើលឃើញ ពីចំណុចអសកម្មរបស់ខ្លួន។
ទី១៖ បើកាលណារដ្ឋសភាជជែក និងអនុម័តច្បាប់ ដែលខ្លួនគិតថា មិនមានប្រយោជន៍ មិនចំណេញដល់នយោបាយរបស់ខ្លួន ខ្លួនប្រកាសពហិកា ពោលគឺមិនចូលប្រជុំ។ តើហេតុអ្វីបានជាមិនចូល? បើចូលខាតពេលប៉ុណ្ណា? ខាតអស់ប៉ុន្មានលុយទៅ? បើចូលទៅជជែកវែកញែកលើច្បាប់នោះ យ៉ាងណាក៏ធ្វើឲ្យមានការប្រែប្រួលគ្រាន់បើដែរ។ ក្រៅពីនេះ ក៏ធ្វើឲ្យមហាជនគេក៏មើលឃើញថា បក្សប្រឆាំងមិនមែនចេះតែប្រឆាំងអត់ដឹងក្បាលកន្ទុយនោះទេ គឺខំតស៊ូមតិស្របច្បាប់អស់ពីលទ្ធភាពរបស់ខ្លួនហើយ។ ចុះមិចមកនិយាយក្រៅសភា ធ្វើសន្និសីទកាសែត…ខណៈដែលសភាកំពុងដំណើរការប្រជុំទៅវិញ? ឬធ្វើឲ្យតែចំណេញនយោបាយបំភាន់ប្រជាជន?
ទី២៖ ក្នុងករណីដែលខ្លួនចូលរួមប្រជុំសភាពេញអង្គវិញ ជារឿយៗតំណាងរាស្ត្របក្សឆាំងមួយចំនួន តែងលើកឡើងខុសពីប្រធានបទ ឬរបៀបវារៈ ដែលគណៈកម្មាធិការអចិន្ត្រៃយ៍សភាបានកំណត់។ ករណីជាក់ស្ដែង ពេលសភាប្រជុំពេញអង្គពិភាក្សា និងអនុម័តច្បាប បង្កើនចំនួនសមាជិក ព្រឹទ្ធសភា១រូប ថែមទៀតនោះ តំណាងរាស្ត្របក្សប្រឆាំង បែរជាទៅលើកសំណើរស្នើអង្គសភា ឲ្យជួយការពារអភ័យឯកសិទ្ធិតំណាងរាស្ត្រទៅវិញ តែទោះយ៉ាងណាសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នៅតែឆ្លើយតប «កុំឲ្យតែតំណាងរាស្ត្រប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ»។
ក្នុងអង្គប្រជុំសភាដដែលនោះ តំណាងរាស្ត្រខាងបក្សប្រឆាំង បែរជាទាមទារឲ្យតំណាងរដ្ឋាភិបាល បកស្រាយឆ្លើយបំភ្លឺរឿង រោងចក្រកាត់ប្រាក់កម្មករក្រោយការ បោះឆ្នោត ដែលត្រូវសម្ដេចក្រឡាហោម ស ខេង បង្រៀនថា ត្រូវស្នើទៅរដ្ឋាភិបាលតាមរយៈប្រធានរដ្ឋសភា មិនទាន់ដល់ពេលឆ្លើយ មិនអាចឆ្លើយ ពេលនេះភ្លាមៗបានទេ។ ទាំងនេះត្រូវអ្នកតាមដាន ចោទជាសំណួរថា ហេតុអ្វីតំណាងរាស្ត្របក្សប្រឆាំង ប៉ាតណាប៉ាតណី ខុសរបៀបវារៈ និងធ្វើខុសក្បួនដូច្នេះ ឬចង់ប្រាប់គេថា ខ្លួនចង់ធ្វើអ្វីស្រេចតាមចិត្ត មិនចាំបាច់គោរពតាមឋានានុក្រម មិនចាំបាច់គោរពប្រធានរដ្ឋសភា?
សូម្បីតែគណបក្សខ្លួន ក៏មានប្រធានបក្សដែរ ឬពួកខ្លួនមិនគោរពប្រធាន អនុប្រធានបក្សដែរមិនដឹង? ព្រះអើយ មិនទាន់ក្លាយជាបក្សកាន់អំណាចដឹកនាំរដ្ឋាភិបាល និងរដ្ឋសភាផង ប៉ុណ្ណឹងទៅហើយ ចុះទំរាំតែបានកាន់អំណាចក្នុងដៃ មិនដឹងរញ៉េរញ៉ៃប៉ុណ្ណាទេ ឥតរបៀប ឥតសណ្ដាប់ធ្នាប់ប៉ុណ្ណាទេក្នុងរដ្ឋសភានោះ! កែបានកែទៅ កុំឲ្យហួសពេល កុំបង្រៀនអ្នកជំនាន់ក្រោយ ឲ្យដើរតាមគន្លងឥតច្បាប់របស់ខ្លួន។
ហិហិ ! រឿងចំលែកមួយទៀត គេនៅតែឆ្ងល់អត់បាត់ ករណីបក្សប្រឆាំងបែរជាជំទាស់ ឬមិនលើកដៃអនុម័ត ពេលដែលច្បាប់នោះ ផ្ដល់ប្រយោជន៍ដល់ប្រជាជន និងមន្ត្រីរាជការ។ ឧទាហរណ៍៖ ជាក់ស្ដែងកាលពីសភាអនុម័តលប់ប័ណ្ណបើកបរម៉ូតូកម្លាំង 125CC ចុះដើម្បីសម្រាលបន្ទុកប្រជាជនបក្សប្រឆាំងបែរជាជំទាស់។ អត់យល់! ពេលដែលសភា អនុម័តដំឡើងប្រាក់ខែមន្ត្រីរាជការក្នុងឆ្នាំ២០១៧ បក្សប្រឆាំងមិនលើកដៃអនុម័តនោះទេ។ កាន់តែអត់យល់! ក្រែងគិតប្រយោជន៍ប្រជាជន និងមន្ត្រីរាជការ? ហេតុអ្វីជំទាស់ និងមិនអនុម័តទៅវិញ? អត់យល់! ដូចជាវ៉ល់មិចទេបក្សប្រឆាំង គ្មានគោលការណ៍ច្បាស់លាស់អីសោះ។ ដូចលែងចង់ជឿហើយមើលទៅ !!!!