(ភ្នំពេញ)៖ ក្រោយពីប្ដីត្រូវបក្ខពួកជនដៃដល់កាប់ប្រហារជាច្រើនពូថៅ យ៉ាងសាហាវព្រៃផ្សៃ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌ ធ្វើឲ្យស្ត្រីរងគ្រោះជាប្រពន្ធ និងកូនដែលរស់រានមានជីវិត គេចផុតពីការកាប់សម្លាប់ក្នុងហេតុការណ៍តែមួយនេះ បានធ្វើដំណើរស្កាត់តាំងពីខេត្តកំពតទាំងគ្មានថវិកា រហូតមកដល់រាជធានីភ្នំពេញហើយ ដើម្បីដាក់ពាក្យបណ្ដឹងជំទាស់មួយទៅកាន់សាលាឧទ្ធរណ៍ ហើយរង់ចាំការប្រកាសសាលាដីការបស់តុលាការមួយនេះ តើបានដាក់ទោសបន្ថែមលើជនទាំងនេះ ដែរឬទេ។
ការសម្រេចដាក់ពាក្យប្តឹងមកសាលាឧទ្ធរណ៍ខាងលើនេះ ដោយសារតែស្រ្តីរងគ្រោះមិនបានពេញចិត្តនឹងការសម្រេច របស់សាលាដំបូងខេត្តកំពត ដែលបានផ្តន្ទោទោសជនដៃដល់ដាក់ពន្ធនាគារជាង១០ឆ្នាំ។ ម្យ៉ាងទៀតនៅពេលនេះ ក៏មានព័ត៌មានថា សាច់ញាតិរបស់ជនដៃដល់ បាននិងកំពុងរត់ការ សុំឲ្យតុលាការដោះលែងផងដែរ។
ក្នុងការស្នើរសុំកិច្ចអន្តរាគមន៍ឲ្យជួយពន្លឿនចេញសាលក្រមប្រកាសទោសជាថ្មីឡើងវិញ លើករណីជនជាប់ចោទជាទណ្ឌិត ដែលត្រូវបានតុលាការខេត្តកំពត ធ្វើការចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» និងកំពុងបន្តឃុំខ្លួនក្នុងពន្ធនាគារខេត្តកំពត ចំនួន៥នាក់ ខណៈបក្ខពួកម្នាក់ទៀតនៅក្រៅឃុំ ដែលសង្ស័យពាក់ព័ន្ធករណី «ឃាតកម្ម» ខាងលើនេះ បាននិងកំពុងលក់ដីស្រែ ដីចំការ និងផ្ទះសំបែងជាច្រើនកន្លែង ដើម្បីបានលុយយកទៅរត់ការធានាឲ្យបក្ខពួកខ្លួនចេញពីពន្ធនាគារឆាប់ៗ។
បុរសរងគ្រោះជាប្ដី ដែលបក្ខពួកជនដៃដល់ប្រុសស្រី និងជាទណ្ឌិត ស្ថិតក្នុងពន្ធនាគារខេត្តកំពតទាំង៥នាក់ បានកាប់ប្រហារដោយពូថៅ បណ្ដាលឲ្យស្លាប់ ក្នុងថ្លុកឈាមនោះមានឈ្មោះ អេង សេង ត្រូវបានជនរងគ្រោះជាភរិយាឈ្មោះ ទៀង សារិន រួមនិងកូន បានស្កាត់តាំងពីខេត្តកំពត ទាំងគ្មានថវិកាជាប់ខ្លួន រហូតមកដល់រាជធានីភ្នំពេញ បានរៀបរាប់ទាំងអួលដើមកប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះថា ការដាក់ពាក្យបណ្ដឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍នេះ គឺដើម្បីស្នើសុំកិច្ចអន្តរាគមន៍ឲ្យជួយពន្លឿន ក្នុងការចេញសាលក្រមប្រកាសទោសសារជាថ្មីឡើងវិញនេះ ក៏ព្រោះតែខ្លាចក្រែងកើតមានបញ្ហាមិនប្រក្រតីកើតឡើង ពោលគឺប្ដូរពីបទ «ឃាតកម្មគិតទុកជាមុន» ទៅជាបទល្មើសល្មើសផ្សេងៗ ដើម្បីសម្រាលទោសជនជាប់ចោទ ខណៈបច្ចុប្បន្នមានអ្នកឆ្លេឆ្លាព្យាយាមរត់ការឲ្យក្រុមទណ្ឌិតទាំងនេះ នៅក្រៅឃុំ ហើយក៏ដើម្បីបានដឹងពីជនត្រូវជាប់ចោទពីបទ «ឃាតកម្មគិតទុកជាមុន» និងជាទណ្ឌិតទាំងនោះ តើមានស្ថានទម្ងន់ទោសសមស្របកម្រិតណាដែរ? ដើម្បីផ្ដល់ទាំងភាពយុត្តិធម៌ ជូនក្រុមគ្រួសាររបស់ពួកគាត់ជាជនរងគ្រោះផង។
ស្ត្រីរងគ្រោះ បានបន្ថែមថា ការដាក់ពាក្យបណ្ដឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍នេះដែរ ត្រូវបានធ្វើឡើងទាំងបង្ខំចិត្ត និងទាំងមិនអស់ចិត្តទាល់តែសោះ បន្ទាប់ពីមានការគម្រាមកំហែងកាប់សម្លាប់សងសឹកវិញ ពីសំណាក់ជនសង្ស័យជាស្ត្រីម្នាក់ឈ្មោះ គង់ សុភក្ដី ហើយក៏កំពុងនៅក្រៅឃុំ បន្តលក់ដីស្រែ ដីចំការ និងផ្ទះសំបែងជាច្រើនកន្លែង ដើម្បីបានលុយទៅរត់ការធានាឲ្យបក្ខពួកខ្លួនជាទណ្ឌិត៥នាក់ទៀត ដែលបច្ចប្បន្នកំពុងបន្តឃុំខ្លួន ក្នុងពន្ធនាគារខេត្តកំពត។
គួរបញ្ជាក់ថា យោងតាមឯកសារដែលភ្នាក់ងារ Fresh News ទទួលបានពីជនរងគ្រោះ ឃើញថា មានដីកាសន្និដ្ឋានស្ថាពរមួយរបស់លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត លើសំណុំរឿងព្រហ្មទណ្ឌលេខ៥១៧ ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ចំពោះជនជាប់ចោទដល់ទៅ៦រូប ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «ឃាតកម្មគិតទុកជាមុន» ដែលលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជូនមកតាមរបាយការណ៍សំយោគលេខ ៦៣៥របក ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ បានបង្ហាញឲ្យឃើញថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង០៦៖៣០នាទីល្ងាច មានករណីសម្លាប់មនុស្សបានកើតឡើង ស្ថិតនៅភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ស្ថិតនៅក្នុងផ្ទះជនរងគ្រោះឈ្មោះ អេង សេង និងប្រពន្ធឈ្មោះ ទៀង សារិន ដែលបង្កឡើងដោយជនសង្ស័យមួយក្រុម មានបក្ខពួក៦នាក់ បានសម្រុកចូលផ្ទះជនរងគ្រោះ ហើយធ្វើសកម្មភាពកាប់ដោយពូថៅ បណ្ដាលឲ្យស្លាប់បុរសជាប្ដីនៅកន្លែងកើតហេតុ ចំណែកប្រពន្ធរងរបួសធ្ងន់។
តាមឯកសារបានបង្ហាញថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ សាលាដំបូងខេត្តកំពតដែលមានលោក ហុង សុគុណ វឌ្ឍនា ជាប្រធានក្រុមប្រឹក្សា បានបើកសវនាការជាសាធារណៈមួយ ដើម្បីជំនុំជម្រះលើជនជាប់ចោទទាំង៦នាក់ពីបទ «ឃាតកម្មគិតទុកជាមុន» ដែលបានប្រព្រឹត្តនៅភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។
បើទោជាយ៉ាងនេះក្ដី ក្រោយដាក់ពាក្យបណ្ដឹងទៅកាន់សាលាឧទ្ធរណ៍ ដោយមិនចាំថ្ងៃខែ ក្នុងឆ្នាំ២០១៦ កន្លងទៅក្រុមគ្រួសារជនរងគ្រោះលោកស្រី ទៀង សារិន និងកូន បានកើតទុកមិនសុខចិត្ត ហើយកំពុងរង់ចាំមើលពីចំណាត់ការរបស់ស្ថាប័នសាលាឧទ្ធរណ៍ តើនឹងត្រូវចេញប្រកាសសាលដីកា ប្រកាសទោសសារជាថ្មីនៅពេលណាដែរ ? ហើយធ្វើការវិនិច្ឆ័យនៃស្ថានទម្ងន់ទោសកម្រិតណាដែរ? ទៅលើជនជាប់ចោទទាំង៥នាក់នេះ ខណៈជនសង្ស័យជាបក្ខពួកម្នាក់នៅក្រៅឃុំ កំពុងរត់ការធានាបក្ខពួកខ្លួន។
តាមឯកសារបានបង្ហាញទៀតថា ជនជាប់ចោទទី១៖ឈ្មោះ ទៀង ញ៉េន អាយុ៥៦ឆ្នាំ, ទី២៖ឈ្មោះ ចាន់ សារឿន អាយុ៤១ឆ្នាំ, ទី៣៖ឈ្មោះ គង់ ភិរុណរ័ត្ន, ទី៤៖ឈ្មោះ កឹង យ៉ាត ភេទស្រី អាយុ៥៨ឆ្នាំ, ទី៥៖ឈ្មោះ គង់ សុភក្ដី ភេទស្រី អាយុ៣៤ឆ្នាំ និងទី៦៖ឈ្មោះ ចាន់ រ័ត្ន អាយុ៣៩ឆ្នាំ ហើយពួកគេត្រូវបានតុលាការខេត្តកំពត សម្រេចដាក់ពន្ធនាគារចំនួន១៣ឆ្នាំ។
ដោយឡែក ប្រជាពលរដ្ឋរស់នៅក្នុង ភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក បានសម្ដែងនូវការសប្បាយរីករាយយ៉ាងខ្លាំង និងអស់ក្ដីកង្វល់ទៀតហើយ បន្ទាប់ពីកម្លាំងនគរបាលខេត្តកំពត ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានបើកការស្រាវជ្រាវ ឈានដល់ការបង្ក្រាបបក្ខពួកក្រុមជនសង្ស័យខាងលើ ដែលតែងតែធ្វើសកម្មភាពកាប់ប្លន់ សម្លាប់យ៉ាងសាហាវព្រៃផ្សៃ ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗនូវទូទាំងខេត្ត៕