(កណ្តាល)៖ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ សម្រាប់ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ដែលអង្គភាព Fresh News ទទួលបានលទ្ធផលក្រៅផ្លូវការនោះ បង្ហាញថា គណបក្សប្រជាជនកម្ពុជា បានទទួលសម្លេងគាំទ្រយ៉ាងច្រើន រហូតឈ្នះទាំង១៨ឃុំ នៅទូទាំងស្រុកតែម្តង ដោយមិនធ្លាក់ទៅលើគណបក្សសង្គ្រោះជាតិនោះទេ។
ស្រុកកណ្តាលស្ទឹង ជាមូលដ្ឋានឈរជើងរបស់ នាយឧត្តមសេនីយ៍កិត្តិព្រឹទ្ធបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលមានតួនាទីជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្សសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្នុងចំណោមឃុំទាំង១៨នោះ មានឃុំមួយ ជាទឹកដីកំណើត កើតជារបស់នាយឧត្តមសេនីយ៍តែម្តងនោះ គឺឃុំដើមឬស ដែលមានលោកឧត្តមសេនីយ៍ឯក ដួង ហេង ជាប្រធាន គណៈពង្រឹង និងលោកឧត្តមសេនីយ៍ នួន នរិន្ទ ជាអនុប្រធានគណៈពង្រឹង។
សម្រាប់ការាបោះឆ្នោត នាពេលកន្លងទៅនេះ សម្រាប់មូលដ្ឋានឃុំដើមឬស ដែលជាឃុំមានប្រជាជនច្រើនជាងគេនោះគឺជាលទ្ធផល បណ្តោះអាសន្ន គណបក្សប្រជាជនកម្ពុជា បានឈ្នះរហូតដល់ជាង៤ពាន់សម្លេង រីឯគណបក្សសង្គ្រោះជាតិបានទទួលត្រឹមតែជាង ១ពាន់សម្លេងប៉ុណ្ណោះ នេះបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋនៅឃុំមួយនេះ នៅតែពេញចិត្ត និងស្រឡាញ់គណបក្សប្រជាជនកម្ពុជា ឥតងាករេនោះទេ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់គ្រប់អាណ្តិត ទៅមុខទៀត។
ដើម្បីលើកទឹកចិត្ត និងការដឹងគុណដល់សមាជិកបក្សប្រជាជនកម្ពុជា នៅឃុំដើមឬសនេះ នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក ដួង ហេង ដែលជាប្រធានគណៈពង្រឹងមូលដ្ឋាន និងលោកឧត្តមសេនីយ៍ នួន នរិន្ទ អនុប្រធានគណៈពង្រឹង បានចុះទៅថ្លែងអំណរគុណ ព្រមទាំងរៀបចំពិធីជប់លាងហូប អាហារសាមគ្គីជាមួយសមាជិកបក្សជាង២០០០នាក់ ដែលជាមេគ្រួសារ ក្នុងទូទាំងឃុំដើមឫស យ៉ាងសប្បាយរីករាយក្រៃលែង។
នៅចំពោះសមាជិកបក្ស ដែលជាមេគ្រួសារបក្សនោះ លោកឧត្តមសេនីយ៍ ដួង ហេង ក្រៅពីថ្លែងអំណរគុណ ក៏បានអំពាវនាវដល់សមាជិក ទាំងអស់ បន្តគាំទ្រគណបក្សប្រជាជន កម្ពុជាទៀត និងបោះឆ្នោតជូនគណបក្សប្រជាជននាឆ្នាំ២០១៨ខាងមុខនេះ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៀត ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តី របស់បក្ស។ សម្រាប់ប្រជាពលរដ្ឋដែលជាសមាជិកបក្សទាំងអស់ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងខ្លាំង ចំពោះការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនតទៅទៀត នៅឆ្នាំ២០១៨ខាងមុខនេះ។
ជាមួយគ្នានេះ កម្មវិធីខាងលើ គឺជាការចូលរួមឧបត្ថម្ភពីនាយឧត្តមសេនីយ៍កត្តិព្រឹទ្ធបណ្ឌិត ហ៊ីង ប៊ុនហៀង ផ្ទាល់តែម្តង៕