(ភ្នំពេញ)៖ លោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ សម្រេចច្រានចោលបណ្តឹងរបស់មេធាវីការពារក្ដីលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ ដែលប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន ពោលគឺតុលាការបន្តឃុំខ្លួនលោក គឹម សុខ ក្នុងពន្ធនាគារដដែល។
លោក គី តិច មេធាវីការពារក្តីឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងប្រាប់ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះថានៅព្រឹកថ្ងៃនេះតុលាការកំពូលបានសម្រេច តម្កល់សាលដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចឃុំខ្លួនលោក គឹម សុខ, ដែលបានប្តឹងមកសាលាឧទ្ធរណ៍ រហូតដល់តុលាការកំពូល។
សូមជំរាបថា កាលពីថ្ងៃទី០៩ ខែមិថុនាកន្លងទៅ ក្រោយបើកសវនាការលើសំណុំរឿងមុនអង្គសេចក្តីលើករណី សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនលោក គឹម សុខ, នៅពេលនេះតុលាការកំពូល សម្រេចប្រកាសសាលដីកានៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ នេះលទ្ធផលតុលាការកំពូលច្រានចោលបណ្តឹងមេធាវីការពារក្តីលោក គឹម សុខ ប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន។
លោក គឹម សុខ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស ហើយ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តឹងមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលហ៊ានចោទ គណបក្សប្រជាជនកម្ពុជា ថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី៕