(សៀមរាប)៖ នៅក្នុងកិច្ចប្រជុំបច្ចេកទេសគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ លើកទី២៨ នាថ្ងៃទី២២ មិថុនា ឆ្នាំ២០១៧ អនុស្សរណៈ យោគយល់គ្នាចំនួនពីរ ត្រូវបានចុះហត្ថលេខារវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាបេតិកភណ្ឌចិន នៃសាធារណរដ្ឋប្រជាមានិតចិន និងរវាងអាជ្ញាធរជាតិអប្សរា និងមជ្ឈមណ្ឌលសិល្បៈជាតិអ៊ិនឌីរ៉ាហ្គិនធី (Indira Gandhi National Center for the Arts) ហៅកាត់ថា IGNCA នៃប្រទេសឥណ្ឌា។
ពិធីចុះហត្ថលេខានាពេលនេះ ស្ថិតក្រោមអធិបតីភាពលោកស្រីថ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធាន អាជ្ញាធរជាតិអប្សរា និងចុះហត្ថលេខដោយ លោកបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Xu Yan នាយករងតំណាង បណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន លោកស្រី Vinita SRISVASTAVA លេខាធិការរួមនៃមជ្ឈមណ្ឌលសិល្បៈជាតិអ៊ិនឌីរ៉ាហ្គិនធី។
អនុស្សរណៈយោគយល់ជាមួយបណ្ឌិតសភាបេតិកភណ្ឌចិន គឺធ្វើឡើងក្នុងបំណងដើម្បីស្រាវជ្រាវ និងប្រមូលទិន្នន័យនានាសម្រាប់ការ អភិរក្ស និងជួសជុលប្រាសាទបេងមាលា។ ការចុះហត្ថលេខានេះ គឺជំហានដំបូងនៃការខិតខំរបស់អាជ្ញាធរជាតិអប្សរា ក្នុងការស្វែងរក កិច្ចសហការអន្តរជាតិ លើការងារជួសជុលប្រាសាទបេងមាលា។
តាមការបញ្ជាក់ពីមន្ត្រីរបស់អាជ្ញាធរជាតិអប្សរា បើទោះបីជាដៃគូសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញពីឆន្ទះជួសជុល ប្រាសាទក៏ដោយ ប៉ុន្តែការងារនេះហាក់ពិបាកនឹងមានលទ្ធភាពដំណើរការជាក់ស្តែងព្រោះប្រាសាទនេះស្ថិត នៅក្រៅតំបន់បេតិកភណ្ឌពិភពលោក។
មន្ត្រីដដែលបានបញ្ជាក់ថា ដៃគូសហប្រតិបត្តិការអន្តរជាតិអាចនឹងងាយស្រួលយល់ព្រមជួសជុលប្រាសាទ ក្នុងតំបន់បេតិកភណ្ឌ ពិភពលោក ព្រោះឆាប់ទទួលបានការចាប់អារម្មណ៍ពីអង្គការយូណេស្កូ។ ត្រង់ចំណុចនេះហើយការចុះបញ្ជីប្រាសាទបុរាណខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាកត្តាចាំបាច់ក្នុងការទទួលបានកិច្ចសហប្រតិបត្តិការអន្រជាតិដើម្បីជួសជុល។
សូមបញ្ជាក់ថា កន្លងមកភាគីចិន បានជួយជួសជុលប្រាសាទចៅសាយទេវតា និងកំពុងបន្តជួសជុលប្រាសាទតាកែវ ដែលគ្រោងនឹងបញ្ចប់ នៅឆ្នាំ២០១៨ ហើយនឹងបន្តជួសជុលលើគម្រោងមួយទៀតក្នុងឧទ្យានអង្គរបន្ទាប់ពីប្រាសាទតាកែវ។
ដោយឡែកសម្រាប់អនុស្សរណៈជាមួយ មជ្ឈមណ្ឌលសិល្បះជាតិអ៊ិនឌីរ៉ាហ្គិនធី វិញ គឺក្នុងបំណងដើម្បី ប្រមូលទិន្នន័យ ចងក្រងឯកសារ ជារូបភាព និងវីដេអូ រក្សាទុកក្នុងប្រព័ន្ធបច្ចេកវិទ្យា។ គម្រោងនេះ ដើម្បីរក្សាទុក និងជាភស្តុតាងសម្រាប់ជួយដល់ការងារជួសជុលទៅ ពេលខាងមុខ។ ឧទាហរណ៍ ការចងក្រងរូបភាពនេះអាចឲ្យអ្នកអភិរក្សជំនាន់ក្រោយដឹងអំពីស្ថានភាពដើម និងការវិវត្តនៃផ្នែកមួយរបស់ ប្រាសាទនាពេល១០ឆ្នាំ ឬ២០ឆ្នាំខាងមុខ។ ដូចនេះការរក្សាបាននូវរូបភាពទាំងនោះគឺជាចំណុចស្នូល និងជាឯកសារគោលដែលអាច ឲ្យអ្នកអភិរក្សជំនាន់ក្រោយ យកមកសិក្សាមុនសម្រេចចិត្តធ្វើការជួសជុល៕