(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានស្នើឲ្យក្រុមហ៊ុនមកពីខេត្ត គួយចូវ វិនិយោគលើការបង្កើតសួនឧស្សាហកម្ម ផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT) ពីសំណាក់អ្នកវិនិយោគមកពីខេត្តគួយចូវ ឲ្យមានការរីកចម្រើន លើវិស័យនេះ នៅក្នុងប្រទេសកម្ពុជា។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ក្នុងពិធីបើកសម្ពោធការិយាល័យតំណាងពាណិជ្ជកម្ម ខេត្តគួយចូវ ប្រចាំនៅកម្ពុជា ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោក Sun zhigang អភិបាលខេត្តគួយចូវ។
ថ្លែងបន្តក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងនូវការស្វាគមន៍ និងមោទនៈភាពជាខ្លាំង ដែលខេត្តគួយចូវ បានជ្រើសរើសកម្ពុជា ជាប្រទេសដំបូងគេ ក្នុងអាស៊ាន ដើម្បីបង្កើតការិយាល័យតំណាងពាណិជ្ជកម្ម ក្នុងការជម្រុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម រវាងកម្ពុជា និងខេត្តគួយចូវ ក្រោមក្របខ័ណ្ឌអនុវត្តគោលនយោបាយ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់រដ្ឋចិន។ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបង្ហាញនូវ លក្ខណៈអំណោយផលដែលដៃគូទាំងពីរ ត្រូវពូនជ្រុំប្រើប្រាស់ សក្តានុពលដែលមានរៀងៗខ្លួន ក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យជាអាទិភាពដូចជា ការដោះដូរទំនិញ និងវិស័យទេសចរណ៍ជាដើម។
ដោយឡែកទាក់ទងនឹងវិស័យឧស្សាហកម្ម លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្នើឲ្យក្រុមហ៊ុនមកពីខេត្តគួយចូវ វិនិយោគលើការបង្កើតសួនឧស្សាហកម្ម ផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT) ដែលខេត្តគួយចូវ មានការរីកចម្រើនជាខ្លាំងលើវិស័យនេះ។ ក្នុងនោះ ដោយអំណោយផល ផ្នែកធនធានធម្មជាតិស្រស់ត្រកាល សម្បូរទៅដោយព្រៃភ្នំ និងទឹកជ្រោះ កម្ពុជាក៏ចង់បានបទពិសោធន៍ ពីខេត្តគួយចូវ ពីវិធីព្យាបាលរោគ តាមបែបធម្មជាតិ អេកូ-បរិស្ថាន ដែលកម្ពុជាក៏មានទីតាំងបរិស្ថានធម្មជាតិ អាចអនុវត្តបាន ដែលវាក៏ជាចំណែកមួយ ក្នុងការទាក់ទាញផ្នែកទេសចរណ៌ផងដែរ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបង្ហាញនូវជំនឿថា តាមរយៈការបើកការិយាល័យតំណាងនេះ ក្រុមហ៊ុន មកពីគួយចូវ និងមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនឡើង ហើយភាគីកម្ពុជា រងចាំសហការសម្របសម្រួលជានិច្ច។
ដោយឡែកលោក Sun zhigang អភិបាលខេត្តគួយចូវ បានបង្ហាញនូវជំហរសហការរឹងមាំ និងមានជំនឿលើសក្តានុពល នៃប្រទេសទាំងពីរ ដែលអាចជម្រុញក្នុងការផ្លាស់ប្តូរ ផ្នែកពាណិជ្ជកម្ម ទេសចរណ៍ ឧស្សាហកម្ម និងអប់រំជាដើម។ លោកបានបញ្ជាក់ថា បច្ចុប្បន្ន មាននិស្សិតកម្ពុជាទៅសិក្សាជំនាញផ្សេងៗនៅខេត្ត គួយចូវ ប្រមាណ ៣០០នាក់ ស្របពេល ខេត្តគួយចូវ មានកិច្ចសហការជាមួយគ្រឹះស្ថានសិក្សានៅកម្ពុជាប្រមាណជាង ២០ ដែលជាផ្នែកមួយក្នុងកិច្ចជម្រុញ វិស័យអប់រំឲ្យកាន់តែប្រសើរឡើង ថែមទៀត៕