(បន្ទាយមានជ័យ)៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតទ្បើងនៅលើកំណាត់ផ្លូវជាតិលេខ១៧៤ ស្ថិតនៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ដោយរថយន្ត IZUZU បុកជាមួយរថយន្តសាំយ៉ុង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់៤នាក់ ក្នុងនោះស្រី២នាក់ របួសស្រាលម្នាក់។
របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា អ្នកបើបររថយន្តសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2Z-7603 ឈ្មោះ ស្រោង ចិន្តា អាយុ៣១ឆ្នាំ ចំណែកអ្នករួមដំណើរ៣នាក់ ដែលរងរបួសឈ្មោះ យាង ហុន ភេទស្រី អាយុ៤៦ឆ្នាំ រងរបួសចង្កេះធ្ងន់, ឈ្មោះ ស្រ៊ុន ឡាឌី ភេទប្រុស អាយុ៣៤ឆ្នាំ រងរបួសបែកលើចិញ្ចើមស្តាំធ្ងន់, ឈ្មោះ ផន ស្រីឌី ភេទស្រី អាយុ១៧ឆ្នាំ ពោះធំគ្រប់ខែបណ្តាលឲ្យរងរបួសធ្ងន់បាក់ភ្លៅខាងស្តាំ។
សមត្ថកិច្ចបន្ថែមថា អ្នកបើកបររថយន្ត IZUZU ពាក់ស្លាកលេខខេមរភូមិន្ទ 2-2175 ឈ្មោះ មុំ រតនា អាយុ៣៥ឆ្នាំ ជាទាហ៊ានវរសេនាតូច៤១៣ រងរបួសស្រាល និងខូចរថយន្ត ។
ក្រោយកើតហេតុ កម្លាំងនៃអធិការនគរបាលស្រុក ចុះទៅកាន់កន្លែងកើតហតុភ្លាមៗ ជួយអន្តរាគមន៍យកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកស្រុក និងយករថយន្ដទាំង០២គ្រឿង មករក្សាទុកដើម្បីដោះស្រាយតាមច្បាប់៕