(កំពង់ឆ្នាំង)៖ កម្លាំងរដ្ឋបាលព្រៃឈើ សហការកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ បានស្ទាក់ចាប់រថយន្តយីឌុប ដឹកឈើប្រណិតប្រភេទធ្នុង ដែលបង្កប់ពីក្រោមអាចម៍រណា ស្ថិតនៅស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយរកឃើញឈើជាច្រើនដុំផងដែរ។
លោក ថោង វ៉ាន់វីរ៉ាវុទ្ធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដែលដឹកនាំបញ្ជាប្រតិបត្តិការនេះ បានឲ្យដឹងថា ការបង្ក្រាបនេះមានកម្លាំងផ្នែក រដ្ឋបាលព្រៃឈើកំពង់ត្រឡាច និងសង្កាត់ក្រោមឱវាទសហការជាមួយ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត។
រថយន្ដដែលចាប់បាននេះប្រភេទយីឌុប ៥ភ្លូវ ពាក់ស្លាកលេខ ចង្កូតស្ដាំ PS-0032 ដឹកឈើប្រណិត (ឈើធ្នុង) ចេញពីខេត្តពោធិ៍សាត់ ដោយប្រើរូបភាពដឹកអាចម៍រណាដាក់ពីលើ ដើម្បីបន្លំភ្នែកសមត្ថកិច្ច ខណៈធ្វើដំណើរ នៅលើផ្លូវជាតិលេខ៥ ភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ក៏ត្រូវសមត្ថកិច្ចបង្ក្រាបបានតែម្ដង។
ក្រោយបង្ក្រាបបាន រថយន្ដដឹកឈើប្រណិតនេះ ត្រូវបានយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច ដើម្បីវាស់វែងបន្ត និងចាត់ការបន្ដ៕