(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ ព័ត៌មាននយោបាយមួយដែលមហាជនចាប់អារម្មណ៍ និងលើកយកមក ជជែកពិភាក្សាគ្នា គឺផ្តោតទៅលើថា តើនរណានឹងឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់បក្សព្រះអាទិត្យសម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨? លោក សម រង្ស៊ី បានប្រកាសជាសាធារណៈថា ជាបេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សព្រះអាទិត្យសម្រាប់ការបោះឆ្នោត ២០១៨។
តើផ្អែកលើមូលដ្ឋានអ្វី ទើប សម រង្ស៊ី ដែលបានលាលែងចេញពីប្រធានបក្ស ហើយសូម្បីសមាជិកបក្សក៏មិនមែនដែរនោះ ហ៊ានប្រកាសធ្វើជាបេក្ខភាព នាយករដ្ឋមន្រ្តីរបស់បក្សនេះ ដោយមិនឆ្លងការសម្រេចរបស់បក្សស្របតាមលក្ខន្តិកៈ ដែលជាច្បាប់កំពូលរបស់ខ្លួន?
ទី១៖ លោក សម រង្ស៊ី កំពុងអនុវត្តយុទ្ធសាស្រ្ត «កាត់ស្មៅ ក្រោមជើង កឹម សុខា» ដើម្បីកុំឲ្យ កឹម សុខា ប្រកាសមុនគាត់ ដោយ កឹម សុខា ប្រើឋានៈជាប្រធានបក្សតាមផ្លូវច្បាប់។
ទី២៖ លោក សម រង្ស៊ី អាងលើកិច្ចព្រមព្រៀងរវាងបក្សភ្លើងទៀន និងបក្សលោកខែ ក្នុងការរួមគ្នាបង្កើតបក្សព្រះអាទិត្យ ដែលកិច្ចព្រមព្រៀងចងឲ្យ កឹម សុខា ធ្វើត្រឹមប្រធានរដ្ឋសភា ហើយ គាត់ សម រង្ស៊ី ធ្វើនាយករដ្ឋមន្រ្តី ក្នុងករណីបក្សព្រះអាទិត្យឈ្នះឆ្នោត ដោយចៃដន្យក្នុងពេលណាមួយ។ ប៉ុន្តែសំណួរសួរថា តើកិច្ចព្រមព្រៀងនោះ នៅមានសុពលភាពដែរ ឬទេ នៅពេលដែលលោក សម រង្ស៊ី លែងនៅក្នុងបក្សហើយនោះ!!??
ទី៣៖ លោក សម រង្ស៊ី ចង់ធ្វើតេស្តឥទ្ធិពលគាត់ក្នុងបក្សព្រះអាទិត្យក្នុងឋានៈជាប្រធានស្រមោលរបស់បក្ស ថាតើបើគាត់ប្រកាសដូចនេះ ដោយមិនឆ្លងបក្ស តើអ្នកណាខ្លះហ៊ានក្អកជាមួយគាត់?
សម រង្ស៊ី ស្មានមិនខុសមែន គឺអត់មានអ្នកណាហ៊ានតមាត់ដោយចំហរជាមួយគាត់នោះទេ។ ក្រោយគាត់ប្រកាសជាសាធារណៈអំពីបេក្ខភាពនាយករដ្ឋមន្រ្តី របស់គាត់សម្រាប់ឆ្នាំ២០១៨ រួចមក គ្មានមន្រ្តីជាន់ខ្ពស់ណាមួយហ៊ានអើតក ឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានឡើយ គឺបាត់មាត់ដូចគេចុក! ហេតុអីមិនហ៊ាននិយាយ ? ព្រោះរឿងនេះ ជារឿងផ្ទាល់ខ្លួនរបស់ កឹម សុខា និង សម រង្ស៊ី មិនមែនជារឿងបក្ស ដែលគ្រាន់តែជាសំបក និងសម្រាប់ប្រថាប់ត្រាប៉ុណ្ណោះ!
ប៉ុន្តែទីបំផុត កឹម សុខា បានឆ្លើយសំណួររឿងបេក្ខភាពតាមរយៈការសម្ភាសន៍របស់កាសែតភ្នំពេញបុស្តិ៍។ ថ្វីត្បិតតែចំលើយមិនមានភាពឡូស៊ិក ប៉ុន្តែវាជាកំផ្លៀង បែបការទូតមួយយ៉ាងច្បាស់សម្រាប់លោក សម រង្ស៊ី។ តាមពិតបេក្ខភាពជានាយករដ្ឋមន្រ្តីរបស់លោក សម រង្ស៊ី គឺបានបញ្ចប់រួចទៅហើយជាមួយនឹងការ បោះឆ្នោតឆ្នាំ ២០១៣។ ដូចនេះលោក សម រង្ស៊ី មិនអាចលើកយកការសម្រេចឆ្នាំ២០១៣ មកបន្តសម្រាប់ឆ្នាំ ២០១៨ ឡើយ។ ដូច្នេះហើយបានជាលោក កឹម សុខា ទះកំផ្លៀងបែបការទូតលើលោក សម រង្ស៊ី ដោយបញ្ជាក់ថា ការសម្រេចលើបេក្ខភាពនាយករដ្ឋមន្រ្តី គឺត្រូវសម្រេចដោយសមាជបក្សព្រះអាទិត្យដែលត្រូវធ្វើ នៅក្នុងខែមេសា ឆ្នាំ២០១៨។ លោក កឹម សុខា ចង់ផ្ញើសារទៅលោក សម រង្ស៊ី ថា បេក្ខភាពនាយកនាយកដ្ឋមន្រ្តី គឺនៅលើការសម្រេច របស់សមាជបក្ស មិនមែននៅលើបបូរមាត់របស់លោក សម រង្ស៊ី ទេ។
ដូចនេះ បើនេះមិនមែនជាកំផ្លៀងបែបការទូតក្នុងផ្ទៃក្នុងបន្ទាយ តើជាអ្វីទៅវិញទៅ? ប៉ុន្តែច្បាស់ណាស់ លោក កឹម សុខា មានយុទ្ធសាស្រ្តជ្រៅណាស់! ក្រៅពីលួងលោមអោយលោក សម រង្ស៊ី លាលែងពីតំណែងប្រធានបក្ស ដោយបំភ័យរឿងខ្លាចបក្សរលាយ ហើយប្រគល់តំណែងប្រធានបក្ស ដោយដៃពីរឲ្យលោក កឹម សុខា លោក កឹម សុខា ដែលកំពុងកាន់តំណែងប្រធានបក្សយ៉ាងស្របច្បាប់ នឹងបន្តប្រើយុទ្ធសាស្រ្តត្រជាក់ ហើយលើកនេះគឺ យុទ្ធសាស្រ្តប្រើខ្មោចអោយកិនម្សៅធ្វើនំឲ្យស៊ី !
ចាក់អង្រែ, ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៧
ដោយ៖ បក្សីចាំក្រុង