(ភ្នំពេញ)៖ ឆ្លៀតពេលក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលជួបសំណេះសំណាល ស្វែងយល់សុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសក្នុងប្រទេសនេះ។
ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានជំរុញនិងលើកទឹកចិត្តដល់និស្សិត ទំាងអស់ត្រូវខិតខំរៀនសូត្រ ពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយខ្លួន ជាធនធានដ៍ល្អ របស់ប្រទេសជាតិ និងបានចូលរួម អភិវឌ្ឍន៍ប្រទេសជាតិ និង ការប្រកួតប្រជែងក្នុងសហគមន៍អាស៊ាន ក៍ដូចជាពិភពលោក។
មាននិស្សិតកម្ពុជាចំនួន៦១នាក់ បានចូលជួបសំណេះសំណាលជាមួយសម្តេចប្រធានរដ្ឋសភា។ លោក ចេង ម៉ានិត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ ឲ្យដឹងថា តាមអនុស្សារណៈយោគយល់គ្នារវាងក្រសួងអប់រំ កម្ពុជា និង ឡាវ ប្រទេសទំាងពីរបានឯកភាពគ្នា ក្នុងការផ្លាស់ប្តូរនិស្សិតអាហារូបករណ៍ចំនួន១០នាក់ ក្នុងមួយឆ្នាំៗ។ នៅឆ្នាំ២០១៧នេះ និស្សិតឡាវ កំពុងសិក្សានៅកម្ពុជា មានចំនួន ៦៣នាក់ ហើយនិស្សិតកម្ពុជា មានចំនួន ៦១នាក់ កំពុងសិក្សានៅតាម មហាវិទ្យាល័យនានាក្នុងប្រទេសឡាវ។
លោកឯកអគ្គរដ្ឋទូត បានឲ្យដឹងទៀតថា នៅឆ្នាំ២០១៧នេះ រដ្ឋាភិបាលកម្ពុជានិងឡាវ បានសម្រេចបង្កើនប្រាក់អាហារូបករណ៍ពី១៥០ដុល្លារ ទៅ១៨០ដុល្លារ ក្នុងមួយខែដល់និស្សិតហើយគ្រោងនឹងមានការបង្កើនទៀត នៅឆ្នាំ ២០១៨។ «ទន្ទឹមនឹងនេះ ដោយមើលឃើញពីការខ្វះខាត និង ដើម្បីលើកទឹកចិត្តដល់និស្សិត កម្ពុជា ដែលកំពុងសិក្សានៅក្រៅប្រទេស សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបង្កើនប្រាក់ឧបត្ថម្ភពីចំនួន១០ដុល្លា ទៅ៥០ដុល្លារក្នុងមួយខែ បន្ថែមទៀត ក្នុងឆ្នាំ ២០១៧នេះដែរ» នេះជាការគូសបញ្ជាក់របស់ឯកអគ្គរាជទូត។
សម្តេចពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរចំពោះនិស្សិតកម្ពុជាទាំងអស់ ដែលបានខិតខំសិក្សារៀនសូត្រ រហូតទទួលបានអាហារូបករណ៍ មកសិក្សានៅប្រទេសឡាវ នេះ។ សម្តេចបានលើកឡើងថា យុវជនកម្ពុជា នាពេលបច្ចុប្បន្ននេះ មានឱកាសច្រើនក្នុងការទទួលបានការអប់រំ ទាំងក្នុងប្រទេស និង ក្រៅប្រទេស ខុសគ្នាពី យុវជនជំនាន់មុន ពិសេសជំនាន់សម្តេចតែម្តង ដែលកាលនោះ ការទទួលបានការសិក្សាមានការលំបាកណាស់។ លំបាកដោយសារប្រទេសមានសង្រ្គាម ជីវភាពពលរដ្ឋក្រីក្រ ហើយសាលារៀនក៍គ្មានគ្រប់គ្រាន់។
សម្តេចបានលើកឡើងថា ជីវិតសម្តេចផ្ទាល់គ្មានឱកាសបានរៀនសូត្រនៅក្នុងសាលាត្រឹមត្រូវនោះទេ ក្នុងកុមារភាពសម្តេចបានទៅសិក្សាជាមួយព្រះសង្ឃ បួងជាព្រះសង្ឃ ដើម្បីទទួលចំណេះវិជ្ជា។ បន្ទាប់មកខ្លួនមិនទាន់ពេញវ័យស្រួលបួលផង ត្រូវចូលរួមក្នុងចលនាតស៊ូដើម្បីរំដោះប្រទេសជាតិចេញពីអាណានិគម និង ចក្រពត្តិនិយម។ តមកទៀតចូលរួមចលនាតស៊ូរំដោះប្រទេសជាតិចេញពីរបបប៉ុលពត ដើម្បីនាំកម្ពុជាឈានមកដល់សន្តិភាព និងកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចពេលបច្ចុប្បន្ននេះ។
សម្តេចចក្រី បានលើកឡើងថា កម្ពុជាសព្វថ្ងៃនេះ គឺមានសន្តិភាពពេញលេញ បានផ្តល់ឱកាសងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ ហើយនិស្សិត មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសិក្សារៀនសូត្រ ក្លាយខ្លួនជាធនធានមនុស្សដ៏ល្អរបស់ប្រទេសជាតិ។ សម្តេច បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៥នេះ បានចាត់ទុកវិស័យអប់រំជាអាទិភាព ដោយបានធ្វើការកែទម្រង់ស៊ីជម្រៅ បន្តបន្ទាប់ ដើម្បីឲ្យគុណភាពអប់រំកាន់តែមានភាពល្អប្រសើរឡើង ឆ្លើយតបតាមការរីកចម្រើនរបស់សង្គមជាតិ និងពិភពលោក។
សម្តេចពញាចក្រី ហេង សំរិន បានលើកទឹកចិត្តដល់និស្សិតដែលកំពុងសិក្សានៅប្រទេសឡាវ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ ជាពិសេសត្រូវសិក្សាបន្ថែមនូវ ជំនាញផ្សេងៗទៀត ដែលចាំបាច់ ដូចជាភាសាបរទេសជាដើម។ ជាការលើកទឹកចិត្តចំពោះការខិតខំរៀនសូត្រនៅក្រៅប្រទេសរបស់ យុវជនកម្ពុជា សម្តេចប្រធានរដ្ឋសភា បានឧបត្ថម្ភដល់និស្សិតទំាងចំនួន៦១នាក់ម្នាក់ៗនូវថវិកា១០០ដុល្លារ ផងដែរ៕